ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ផ្លូវ​60​ម៉ែត្រ នឹង​ប្រមូលផ្ដុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ចំនួន​៣​ហើយ​ដែល​កំពុង​សាងសង់ និង​គ្រោង​សាងសង់​នៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ។ ក្រៅពី​នេះ ក៏​មាន​គម្រោង​ខុន​ដូ និង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​មួយ​ចំនួន​ទៀត ក៏​កំពុង​មាន​វត្ត​មាននៅ​តំបន់​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ចំនួន​៣​ហើយ​ដែល​កំពុង​សាងសង់ និង​គ្រោង​សាងសង់​នៅ​តំបន់​ផ្លូវ​៦០​ម៉ែត្រ ។ ក្រៅពី​នេះ ក៏​មាន​គម្រោង​ខុន​ដូ និង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​មួយ​ចំនួន​ទៀត ក៏​កំពុង​មាន​វត្ត​មាននៅ​តំបន់​នេះ​ដែរ ធ្វើ​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា តំបន់​នេះ​នឹង​ប្រមូលផ្ដុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជាទី​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​មហាជន​ក្នុង​ការ​ដើរ​កម្សាន្ដ និង​ទិញ​ទំនិញ​នៅ​ក្នុង​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ។

បច្ចុប្បន្ន​នេះ ផ្សារ​ទំនើប​ក្នុង​គម្រោង​បុរី​ប៉េង ហួត មាន​ទំហំ​ផ្ទៃដី​ជាង​៦​ហិ​កតា កំពុង​សាងសង់ ជា​បណ្ដើរ​ៗ ហើយ​ផ្សារ​មួយទៀត​នៅ​ក្បែរ​នោះ គឺ​គម្រោង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន ជីប ម៉ុង ក៏​កំពុង​សាងសង​ដែរ ។ ចំណែក​គម្រោង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ EAON MALL3 វិញ ក៏​កំពុង​សិក្សា និង​គ្រោង​សាងសង់​នៅ​តំបន់​នេះ​នា​ពេល​ខាង​មុខ​ផង​ដែរ ។ ក្រៅពី​គម្រោង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ទាំងនេះ តំបន់​ផ្លូវ​៦០​ម៉ែត្រ ក៏​មាន​គម្រោង​ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ដែរ​ដូច​ជា គម្រោង​របស់​ក្រុមហ៊ុន អ​&​អេ​ហ្វ ប្រ​ផឹ​ធី ជាដើម ។

គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ ក៏​ស្រប​ទៅ​នឹង​ផែនការ និង​ទស្សនវិស័យ​របស់​សាលា​រាជធានី​ភ្នំពេញ រួម​ជាមួយ​សាលា​ក្រុងប៉ារីស​ដើម្បី​សិក្សា​រួម​គ្នា​ពី​ការ​អភិវឌ្ឍ ធ្វើ​យ៉ាងណា​ឲ្យ​តំបន់​នេះ​សម​ស្រប​ជា​តំបន់​ដែល​មាន​ភាព​បៃតង និង​ត្រៀម​រៀបចំ​នគរូបនីយកម្ម​ឲ្យ​មាន​ភាពល្អ​ប្រសើរ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជា​សាស្ត្រ​នៅ​តំបន់​ដែល​ទើប​អភិវឌ្ឍន៍​ថ្មីថ្មោង​នេះ​ផង​ដែរ​។

អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មាន​ប្រសាសន៍​ថា តំបន់​នេះ​ពិតជា​មានការ​រីក​ចម្រើន​លឿន រួម​ទាំង​តម្លៃ​ដីធ្លី​បាន​ហក់​ឡើង​ខ្ពស់​លឿន​ផង​ដែរ ប៉ុន្តែ​តំបន់​នេះ​ត្រូវការ​ពេលវេលា​ប្រមាណ​៥​ទៅ​១០​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​នានា​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា មុន​ពេល​តំបន់​នេះ​នឹង​ប្រែ​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នា​ពេល​អនាគត ។

អ្នក​នាង អាន សុធី​តា បន្ដ​ថា តំបន់​នេះ​ជាទី​ក្រុង​ថ្មី និង​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​ការ​អភិវឌ្ឍ​ជាង​ទីក្រុង​ចាស់ ពិសេស​មាន​ចម្ងាយ​ជិត​ជាងគេ​ចេញពី​កណ្តាល​ក្រុង បើ​ធៀប​នឹង​ទីក្រុង​រណប​ដទៃ​ទៀត ។

អ្នក​នាង​បញ្ជាក់​ថា ៖« តម្លៃ​ដី​នៅ​តំបន់​នេះ​បាន​កើនឡើង​យ៉ាង​ខ្លាំង ។ បើ​គិត​ពី​តំបន់​ក្បាលថ្នល់ ដី​នៅ​ស្រប​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ទៅ​មុខ​ចម្ងាយ​៣​គីឡូម៉ែត្រ​មាន តម្លៃ​ចន្លោះ​១.០០០​ទៅ​១.៣០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ហើយ​បើ​គិត​ពី​គីឡូម៉ែត្រ​ទី​៣ ទៅ​គីឡូម៉ែត្រ​ទី​៦ ដី​មាន​តម្លៃ​ប្រមាណ​៨០០​ដុល្លារ និង​គិត​ពី​គីឡូម៉ែត្រ​ទី​៦​ដល់​គីឡូម៉ែត្រ​ទី​៩ តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មាន​តម្លៃ​ចន្លោះ​៣៥០​ទៅ​៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ »​។

អ្នក​នាង​បន្ថែម​ថា ៖« តំបន់​នេះ​កំពុង​មានការ​រីក​ចម្រើន ដោយ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​វា​នឹង​ជា​តំបន់​លំនៅ​ឋាន ហើយ​រយៈពេល​១០​ឆ្នាំ​ទៀត ខ្ញុំ​គិត​ថា​តំបន់​នេះ​នឹង​ប្រែ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម »​។

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna Investment លោក វ៉ា វី​រៈ បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន គម្រោង​វិនិយោគ​ជា​ច្រើន​បាន​ចាប់ផ្តើម​នៅ​តំបន់​នេះ​រួច​ហើយ ដោយសារ​តំបន់​នេះ​កំពុង​មាន​សក្តានុពល និង​មាន​ប្លង់​មេ​អភិវឌ្ឍន៍​ត្រឹមត្រូវ មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ល្អ​ប្រសើរ និង​ធំ​ជាងគេ​នៅ​ក្រុងភ្នំពេញ​។

លោក​បន្ត​ថា ការ​មាន​ប្លង់​មេ​អភិវឌ្ឍន៍ ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​តំបន់​នោះ មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​រៀបរយ និង​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​នានា ។ លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថា​តំបន់​នេះ​ស័ក្តិ​សមជា​តំបន់​ពាណិជ្ជកម្ម​នា​ពេល​អនាគត ព្រោះ​ទីតាំង​នេះ​ល្អ​ប្រសើរ និង​ស័ក្តិសម​ជាទី​ក្រុង​ថ្មី​មួយ​ដែល​មាន​វិសាលភាព​ធំ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​យ៉ាង​ល្អ​ប្រសើរ »​។

យោង​តាម​ផែនការមេ​របស់​ក្រុមហ៊ុន​ING Holding​បាន​ឲ្យ​ដឹង​ថា ទីក្រុង​រណប​ING CITY​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​២០០០​ហិ​កតា ដែល​មាន​វិសាលភាព​ដ៏​ធំ​មួយ និង​ជាទី​ក្រុង​រណប​ធំ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង​ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ​ជា​តំបន់​មានការ​អភិវឌ្ឍ​បែប​បៃតង និង​គោរព​តាម​គោលការណ៍​បរិស្ថាន ។

តាម​ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គ្រោង​អភិវឌ្ឍន៍​តំបន់​នេះ​ជា​មជ្ឈមណ្ឌល​លំនៅ​ឋាន មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម កន្លែង​ចំណត​យានយន្ត ជា​សហគមន៍​សម្រាប់​និវត្តន៍​ជនជាតិ​ចិន មជ្ឈមណ្ឌល​កីឡា​ជាដើម ។

អតីត​វីរ​ស្ថា​ត្យ​ករ​កម្ពុជា លោក​បណ្ឌិត វណ្ណ ម៉ូ​លី​វណ្ណ ធ្លាប់​បាន​ផ្តល់​អនុសាសន៍​ឲ្យ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ភាគ​ខាងត្បូង​ផង​ដែរ ដោយសារ​តែ​តំបន់​ភាគ​ខាងត្បូង​មាន​ដី​ទំនេរ​ច្រើន មាន​សណ្ឋាន​ដី​ខ្ពស់​មិន​ប្រឈម​នឹង​ការ​លិច​ទឹក និង​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​នានា ដោយសារ​ជា​តំបន់​មានការ​អភិវឌ្ឍ​ថ្មី ។ ដូច្នេះ​ការ​អភិវឌ្ឍ​តំបន់​នេះ ក៏​សម​ស្រប​នឹង​ការ​លើក​ឡើង​របស់​អតីត​វីរ​ស្ថាបត្យករ​កម្ពុជា​ដ៏​ឆ្នើម​របស់​កម្ពុជា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ