ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែកង្វះខាតទឹកសម្រាប់ធ្វើស្រែប្រាំងជាង១០០ហិកតា នៅចំណុចថ្លុកជ្រៅ បឹងតេន និងព្រែកស្តី ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋឃុំជ្រៃបាក់ ស្រុករលាប្អៀរ តែងតែសហការគ្នា ដើម្បីទប់ទឹកស្ទឹងនៅចំណុចវត្តជ្រៃបាក់ ស្ថិតនៅក្នុងភូមិជ្រៃបាក់ ដើម្បីបញ្ចាល់ទឹកឲ្យហូរចូលក្នុងអូរ ទម្លាក់ទៅស្រែប្រាំងរបស់ពួកគាត់ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលពួកគាត់កំពុងចាប់ផ្តើមទប់ទឹកស្ទឹង និងមុខវត្តជ្រៃបាក់ ពួកគាត់ក៏បានសំណូមពរដល់មន្ទីរពាក់ព័ន្ធ និងសប្បុរសជន ដើម្បីពួកគាត់ដែលកំពុងតម្រូវការ កៅស៊ូ ការ៉ុងច្រកដី កូនឈើ និងទិញដីសម្រាប់ទុបទឹកជាដើម ។
លោក សាំង ឡេង ជំទប់ទីមួយឃុំជ្រៃបាក់បានមានប្រសាសន៍ថា ប្រជាពលរដ្ឋតែងតែទប់ទឹកស្ទឹង នៅចំណុចមុខវត្តជ្រៃបាក់នេះជារៀងរាល់ឆ្នាំ ដើម្បីបញ្ចាល់ទឹកឲ្យហូរធ្លាក់ទៅក្នុងអូរ ហូរទៅទីតាំងធ្វើស្រែប្រាំងរបស់ពួកគាត់នៅចំណុចថ្លុកជ្រៅបឹងតេន និងព្រែកស្តី មានផ្ទៃដីប្រមាណជាង១០០ ហិកតា ដែលមានប្រជាពលរដ្ឋធ្វើស្រែនៅទីនោះមាន៦ភូមិ មកពីភូមិជ្រៃបាក់ ភូមិថ្នល់ថ្មី ភូមិថ្មី ភូមិព្រៃពួច ភូមិអូរកណ្តោល និងភូមិទួលខ្សាច់ ។ លោកបានបន្តថា ប្រជាពលរដ្ឋដែលមានស្រែនៅទីនោះតែងតែសហការរៃប្រាក់គ្នា ខ្លះជួយជាកម្លាំងពលកម្ម ក្នុងសកម្មភាពទប់ទឹកស្ទឹង នៅចំណុចមុខវត្តជ្រៃបាក់នេះ ។
ដោយឡែកលោក អ៊ុន គីឡេង ប្រធានសហគមន៍ឃុំជ្រៃបាក់ក៏បាននិយាយឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលមានដីស្រែប្រាំងនៅចំណុចនោះតែងតែសហការគ្នាលើកទំនប់ទប់ទឹកស្ទឹងនេះជារៀងរាល់ឆ្នាំ ។ ពេលខ្លះខាងអាជ្ញាឃុំ ជួយជាការ៉ុងសម្រាប់ច្រកដី ពេលខ្លះលោកប្រធានមន្ទីរធនធានទឹកក៏បានជួយជាគ្រឿងចក្រជួយជាកៅស៊ូ និងជួយជាដីជាដើម ។ តែសម្រាប់ឆ្នាំនេះកំពុងជួបការខ្វះខាតដោយសម្ភារៈមិនទាន់គ្រប់គ្រាន់ លោកសូមអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយជាថវិកា ឬក៏ជាកៅស៊ូផ្លាស្ទិច ដើម្បីឲ្យពួកគាត់បានដំណើរការក្នុងការងារដែលកំពុងតែទប់ទឹកស្ទឹងនេះផង ព្រោះរយៈពេលធ្វើ គឺជាងមួយសប្តាហ៍ទើបរួចរាល់ ។ សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានដីធ្វើស្រែប្រាំងផងវស្សាផង ។
នៅពេលខែវស្សាពួកគាត់ធ្វើស្រែនៅផ្នែកខាងលើព្រោះផ្នែកខាងក្រោមលិចទឹកអស់ ហើយក្រោយពីច្រូតកាត់ស្រូវវស្សាហើយផ្ទៃដីផ្នែកខាងក្រោមទឹកស្រកអស់ពូកគាត់ចាប់ផ្តើមធ្វើស្រែប្រាំងវិញម្តង ។ ប៉ុន្តែចំណុចស្រែប្រាំងរបស់ពួកគាត់ គឺខ្វះខាតទឹក ម្លោះហើយជារៀងរាល់ឆ្នាំ ពួកគាត់ត្រូវទប់ទឹកស្ទឹង ដើម្បីឲ្យឡើងចូលអូរហូរធ្លាក់ទៅស្រែប្រាំងរបស់ពួកគាត់ដែលមានចម្ងាយប្រមាណជាង១គីឡីម៉ែត្រ ៕
ចែករំលែកព័តមាននេះ