ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោក​អាជ្ញាធរ​ថា​ ធ្វើ​ផ្លូវភ្លោះ ការ​ពិត​កាយ​ដី​និង​ថ្ម​លក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ត្រងោលស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ពេល​នេះ​កំពុង​ត្រូវ​បាន​គេ​កាយ​យក​ដី​ថ្មភ្នំ​ធ្វើ​អាជីវកម្ម​លក់​ព្រោងព្រាត ក្រោម​រូបភាព​ត្រីងៀត​ឆ្លៀត​ពងឬ​កន្ទេល​ធំ​បន្លំ​ដេក ដោយ​សំអាង​លើ​ពលរដ្ឋ​និង​អាជ្ញាធរ​ឯកភាព​សុំ​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ភ្នំ ។រថយន្ត​ដឹក​ដី​ថ្មភ្នំ​ខាងលើ កំពុង​ធ្វើ​សកម្ម…

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ត្រងោលស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ពេល​នេះ​កំពុង​ត្រូវ​បាន​គេ​កាយ​យក​ដី​ថ្មភ្នំ​ធ្វើ​អាជីវកម្ម​លក់​ព្រោងព្រាត ក្រោម​រូបភាព​ត្រីងៀត​ឆ្លៀត​ពងឬ​កន្ទេល​ធំ​បន្លំ​ដេក ដោយ​សំអាង​លើ​ពលរដ្ឋ​និង​អាជ្ញាធរ​ឯកភាព​សុំ​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ភ្នំ ។រថយន្ត​ដឹក​ដី​ថ្មភ្នំ​ខាងលើ កំពុង​ធ្វើ​សកម្ម
ភាព​ដឹក​លក់​ចាក់​តាម​ទីតាំង​ផ្សេង​ៗ ក្នុង​នោះ​មានទាំង​ទីតាំង​ពុះ​ជា​ដី​ល្វែង​លក់​ទំហំ​ជិត​២​ហិ​កតា​ផង​ដែរ ខណៈ​ផ្លូវ​ដែល​ពលរដ្ឋ​និង​អាជ្ញាធរ​ស្នើ​ឲ្យ​ជួយ​នោះ​បាន​ធ្វើ​រួចរាល់​ហើយ ។

នៅ​ក្នុង​សម្ភាសន៍​ផ្ទាល់​ជាមួយ​ម្ចាស់​គ្រឿងចក្រ​ឈ្មោះ ជា ង៉ែត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទទឹង​២ ឃុំ​ប​វេ​ល ស្រុកប​វេ​ល ខេត្តបាត់ដំបង និយាយ​ថា ការ​កាយ​ដី​ថ្មភ្នំ​នេះ ផ្អែក​តាម​ការ​ផ្តិត​មេដៃ​របស់​ប្រជាពលរដ្ឋ​២ភូមិ​ក្នុង​ឃុំ​បឹង​បេង និង​មានការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន ស្នើ​ឲ្យ​គាត់​ជួយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​ចន្លោះ​ភ្នំ​ដើម្បី​បាន​ធ្វើ​ដំណើរ​ទៅ​មក និង​ដឹក​កសិផល​តាម​ចម្ការ ។

ធាតុ​ពិត ផ្លូវ​ដែល​អ្នកស្រុក​ស្នើ​ឲ្យ​ជួយ​ធ្វើ​នោះ​គេ​ធ្វើ​រួចរាល់​ហើយ ហើយ​អ្នកស្រុក​ធ្វើ​ដំណើរ និង​ដេញគោ​ឃ្វាល​ឆ្លងកាត់​ព្រោងព្រាត តែ​ក្រុម​គ្រឿងចក្រ​នៅ​តែ​បន្ត​កាយ​យក​ដី​ថ្មភ្នំ​កន្លែង​ផ្សេង​ទៀត ក្រោម​លេស​ថា​អាជ្ញាធរ​ឲ្យ​ធ្វើ​ផ្លូវភ្លោះ​។ ក្រៅពី​ទីតាំង​កំពុង​ធ្វើ​សកម្មភាព មាន​ទីតាំង​មួយ​នៅ​អាគ្នេយ៍​ផ្លូវ​ចាស់​ដែល​មាន​ស្រាប់ ក៏​មាន​ស្នាម​កាយ​យក​ដី​ថ្មភ្នំ​អស់​ជា​ច្រើន​ដែរ ។

អ្នក​ភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​ពិត​ក្រុម​គ្រឿងចក្រ​ធ្វើ​លើស​គោលការណ៍ហើយ ។ អ្នកស្រុក​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​គ្រឿងចក្រ​ខាងលើ​ជួយ​ធ្វើ​ផ្លូវ ចូក​កាយ​ដី​ថ្មភ្នំ​ចំណុច​ផ្លូវ​ចាស់​មែន​ព្រោះ​ខ្ពស់​ពេក តែ​មិន​គួរ​យក​អាចម៍ដី​ថ្មភ្នំ​ចំណុច​ផ្លូវ​ចាស់​រួច​ហើយ បែរជា​មិន​បញ្ឈប់​សកម្មភាព ហើយ​ឈាន​ទៅ​បន្ត​កាយ​នៅ​ទីតាំង​ផ្សេង​ៗ​ទៀត​ដូច​ជា ប៉ែក​ខាង​អាគ្នេយ៍​ផ្លូវ​និង​ទីតាំង​កំពុង​ធ្វើ​សកម្មភាព​នេះ​ថែម​ទៀត ។

ជុំវិញ​ករណី​ខាងលើ លោក ចាន់ រិ​ន មេឃុំ​បឹង​បេង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយសារ​ផ្លូវ​ចាស់​ឆ្លងកាត់​ភ្នំ​ត្រងោល​នោះ​ខ្ពស់ ហើយ​កន្លង​មក​គឺ​កាលពី​ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ក្រឡាប់​គោ​យន្ត​បង្ក​គ្រោះថ្នាក់​ដល់​អ្នកស្រុក ទើប​អាជ្ញាធរ​បាន​ឯកភាព​គ្នា​ជាមួយ​ពលរដ្ឋ រក​គ្រឿងចក្រ​កាយ​ទីតាំង​ផ្លូវ​ចាស់​នោះ​ដើម្បី​ឲ្យ​ទាប​ងាយស្រួល​ដល់​អ្នកស្រុក​ឆ្លងកាត់ ពិសេស​ការ​ដឹក​កសិផល​ពី​តាម​ចម្ការ ។

លោក​មេឃុំ​អះអាង​ថា ពលរដ្ឋ​២​ភូមិ​គឺ​ភូមិ​ចំបក់​និង​ភូមិ​ជ្រៃ បាន​ផ្តិត​មេដៃ​ឯកភាព​ឲ្យ​ក្រុម​គ្រឿងចក្រ​ខាងលើ​ជួយ​ធ្វើ​ផ្លូវ​មែន ប៉ុន្តែ​ការ​ឲ្យជួយ​ធ្វើ​ផ្លូវ​នោះ​ពលរដ្ឋ​និង​អាជ្ញាធរ​ឲ្យ​យក​តែ​អាចម៍ដី​ថ្មភ្នំ​លើ​ទីតាំង​ផ្លូវ​ចាស់ ព្រោះ​គ្មាន​ប្រាក់​ជួល ។ លោក​បន្ត​ថា អាជ្ញាធរ​មិន​បាន​ឯកភាព​ឲ្យ​កាយ​ដី​ថ្មភ្នំ​លើ​ទីតាំង​ផ្សេង​ៗ​ឡើយ ហើយ​ក៏​មិន​បាន​ឲ្យ​ធ្វើ​ផ្លូវភ្លោះ​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុម​គ្រឿងចក្រ​ខាងលើ​ពេល​នេះ​កំពុង​សម្រុក​កាយ​ដី​ថ្មភ្នំ​ដឹក​លក់​ឲ្យ​អ្នកស្រុក​ចាក់​លុប​ដី​ជម្រៅ ក្នុង​នោះ​ក៏​មាន​ទាំង​ទីតាំង​ពុះដី​ឡូត៍​លក់​ទំហំ​ធំ អាច​ត្រូវការ​អាចម៍ដី​រាប់​ពាន់​រថយន្ត ។ ដូច្នេះ បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន មិន​ទប់ស្កាត់​ក្រុម​កន្ទេល​ធំ​បន្លំ​ដេក និង​ឆ្លៀតឱកាស​យក​ប្រយោជន៍​ពី​ការ​កាយ​បំផ្លាញ​នេះ​ទេ ភ្នំ​ខាងលើ​អាច​នឹង​រលាយ​ជា​មិន​ខាន ។

រឿង​កាយ​ចូក​យក​ដី​ថ្មភ្នំ​នៅ​ខេត្ត​បន្ទាយ​មានជ័យ ជា​រឿង​ក្តៅ​គគុក​មួយ​នា​រយៈពេល​ចុងក្រោយ​នេះ ព្រោះ​បន្ទាប់​ពី​កើត​មាន​ឧប្បត្តិហេតុធ្លាក់​រថយន្ត​ដឹក​ថ្ម​សង្កត់​អ្នកបើកបរ​ម្នាក់​ស្លាប់​នៅភ្នំ​ទ្រ​យោង ក្នុងស្រុក​ព្រះ​នេត្រព្រះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​ត្រួតពិនិត្យ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​និង​គ្រឿងចក្រ ក៏​ដូច​ជា​រថយន្ត​ដឹក​ដី​ជា​បន្តបន្ទាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ