ខេត្តត្បូងឃ្មុំ ៖ សាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រមាណ៤០ឆ្នាំ ដោយមានស្នាមចាក់សាក់ រូបនាគចំនួន០២ នៅដៃខាងស្តាំយ៉ាងហោចណាស់ក៏មានរយៈពេល៧ទៅ៨ថ្ងៃមកហើយត្រូវបានប្រជា ពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី០៩ វិច្ឆិកា ២០១៨ ដោយមានថែមទាំង
សណ្តូនដុំថ្មចំនួន០៧ដុំពីលើសពផងដែរ។ ហេតុការណ៍នោះកើកតឡើងត្រង់ចំណុចព្រែកចាឡង់ខាង
កើតឃុំព្រែកពួយ ចម្ងាយ៥០០ម៉ែត្រ នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ហើយរហូតដល់ពេលយប់
មិនទាន់ស្រាវជ្រាវរកឃើញសាច់ញាតិនៅទីណាដែរ។
លោកវរសេនីយ៍ត្រី ចាន់ ឌុល អធិការរងនគរបាលស្រុកមេមត់ ទទួលផែនព្រហ្មទណ្ឌឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចបានទទួលដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្ត បានបញ្ជារឲ្យលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ចាត់ឲ្យកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុជាបន្ទាន់។ អធិការរងនគរបាលស្រុកមេមត់ ប្រាប់បន្តថា សពបុរសមិនស្គាល់អត្តសញ្ញាណមានសភាពហើមស្អុយ ក្នុងជម្រៅទឹកព្រែកលិចត្រឹមភ្លៅមនុស្សចាស់ ដោយមានថែមទាំងសណ្តូនដុំថ្មរហូតដល់ទៅ០៧ដុំ ដាក់រុំដោយអាវ ហើយសមត្ថកិច្ចបានលើកសពមកលើគោក ពិនិត្យឃើញមានស្នាមរឹតក និងមានចាក់ ហើយជាំក្បាលជង្គង់។
ទើបបានបង្កឲ្យមានការភ្ញាក់ផ្អើលពលរដ្ឋនាំគ្នា មកមើលសព មិនមានអ្នកណាម្នាក់ស្គាល់នោះទេ អ្នកនៅក្នុងឃុំគគីរមិនមានអ្នកណាបាត់បង់សមាជិក ដូចភិនភាគបែបនេះទេ។ នៅជុំវិញកន្លែងកើតហេតុក្នុងរង្វង់៥០ម៉ែត្រ មិនមានឃើញវត្ថុតាងណាមួយ ត្រូវបានបន្សល់ទុកសូម្បីតែបន្តិច។ ជាមួយនោះកម្លាំងសមត្ថកិច្ចស្រុក និងខេត្តក៏បានសន្និដ្ឋានថា សពបុរសមិនស្គាល់អត្តសញ្ញាណនេះអាចត្រូវបានគេសម្លាប់ពីចម្ងាយដឹកតាមរថយន្តណាមួយដោយមានគ្នាជាច្រើននាក់ ហើយសែងមកទម្លាក់ចូលក្នុងទឹកព្រែក ដើម្បីបំបាត់ភស្តុតាងហើយក៏អាចថាមនុស្សដែលស្គាល់គ្នាផង។
លោកអនុសេនីយ៍ត្រី ចាន់ ឌុល អធិការរងនគរបាលស្រុកមេមត់ បញ្ជាក់ថា កន្លែងកើតហេតុមានចម្ងាយប្រមាណ ៥០ម៉ែត្រ ពីផ្លូវកៅស៊ូអាចគេដឹកតាមរថយន្តយកមកទម្លាក់ចោល ក្រោយពីកម្លាំងនគរបាលបច្ចេកទេសខេត្ត ពិនិត្យរួចរាល់ សពត្រូវបានលោក ហៀង សុភក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឲ្យបង្កើតគណៈកម្មការ ចម្រុះសម្រេចបូជាសពយកធាតុទុក ដោយបានធ្វើតាមប្រពៃណី។ ជាមួយនោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលមានបាត់បង់សមាជិកក្រុមគ្រួសារមានភិនភាគ ដូចបានរៀបរាប់ខាងលើសូមប្រញាប់ទាក់ទងមកកម្លាំងនៅមូលដ្ឋាននោះនឹងបានដឹងព័ត៌មានពិស្តារបន្ថែមទៀត៕
ចែករំលែកព័តមាននេះ