ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុនឹង​ចាប់ផ្ដើម​ឆាប់​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១៩០​គីឡូម៉ែត្រ នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១៩០​គីឡូម៉ែត្រ នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​២០១៩​ខាង​មុខ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ថ្លែងប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ម្សិលមិញ លោក នូ វឌ្ឍនៈ អគ្គនាយករង​នៃ​អគ្គនាយករ​ដ្ឋា​ន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ចុងឆ្នាំ​២០១៨ មិន​មានការ​ប្រែប្រួល​ទេ ។ លោក​បន្ដ​ថា ៖« ការ​ដោះស្រាយ​ពី​ផល​ប៉ះពាល់​នៃ​គម្រោង គឺ​ធ្វើ​ក្នុង​ពេល​តែ​មួយ ។ អ្នក​សាងសង់​ចេះ​តែ​ធ្វើ​ការងារ​របស់​ខ្លួន ហើយ​ក្រុម​អ្នក​ដោះស្រាយ​ប៉ះពាល់​គឺ​ដោះ​ជា​បណ្តើរ​ៗ »​។
បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ដដែល​នេះ​ថា ផ្លូវ​ល្បឿន​លឿន​នេះ មិន​បាន​កំណត់​ថ្ងៃ​ណា​ឱ្យ​ជាក់លាក់​នោះ តែបើ​តាម​កាលវិភាគ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​នេះ ឬ​ដើមឆ្នាំ​២០១៩ ព្រោះ​ការ​សម្រេច​នេះ វា​មិន​ស្ថិត​តែ​លើ​ក្រសួង​មួយ​នោះ​ទេ ត្រូវ​សុំ​ថ្នាក់ដឹកនាំ​ដើម្បី​សម្រេច ។

លោក វ៉ា​ស៊ឹ​ម សុរិយា មន្ត្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ៖« យើង​អត់​ទាន់​ប្រាកដ​ថ្ងៃ​ជាក់លាក់​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​ហ្នឹង​យើង​នឹង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់ ព្រោះ​នេះ​វា​មិនមែន​ជា​ការ​សម្រេច​របស់​ក្រសួង​តែ​ម្នាក់​នោះ​ទេ ត្រូវ​សុំ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​និង​អ​ញ្ចើ​ញ​ចូលរួម​នៅ​ក្នុង​ពិធី ។ អីចឹង​យើង​ត្រូវ​មាន​ជា​គោលការណ៍​។ តែបើ​ជា​កាលវិភាគ យើង​កំណត់​នៅ​ចុងឆ្នាំ​២០១៨ ឬ​ដើមឆ្នាំ​២០១៩ »​។
លោក​បញ្ជាក់​បន្ថែម​ថា ៖« គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ បើ​ឱ្យ​កំណត់​ថ្ងៃ​ណា​ជាក់លាក់ យើង​អត់​អាច​កំណត់​ជូន​បាន​ទេ ដោយសារ​ទី​១-​យើង​មើលទៅ​លើ​លទ្ធភាព​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​ចល័ត​គ្រឿងចក្រ​។ ទី​២-​មើលទៅ​លើ​ការ​ដោះស្រាយ​ផល​ប៉ះពាល់ និង​ទី​៣-​ផ្នែក​ទៅ​លើ​នីតិវិធី​ចុង​ក្រោយ ប៉ុន្តែ​នីតិវិធី​ខ្លះ​ត្រូវ​កែសម្រួល​ឡើង​វិញ » ។

ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១.៩០០​លាន​ដុល្លារ ដោយ​ប្រើ​ពេល​សាងសង់​រយៈពេល​៤​ឆ្នាំ ។ ផ្លូវ​នេះ​នឹង​ចាប់ផ្ដើម​ចេញ​តំបន់​ទំនប់​កប់​ស្រូវ ស្ថិត​នៅ​ផ្នែក​ខាងស្តាំ​នៃ​ផ្លូវជាតិ​លេខ​៤ រហូត​ដល់​ប្រមាណ​៣០​គីឡូម៉ែត្រ ទើប​ងាក​មក​ខាងឆ្វេង​ដៃ​វិញ ហើយ​បន្ដ​ដល់​ស្រុក​ព្រៃ​នប់ ទើប​ងាក​មក​ខាងស្តាំ​ដៃ​រហូត​ដល់​ក្រុងព្រះសីហនុ​តែ​ម្ដង ។

បើ​តាម​លោក នូ វឌ្ឍនៈ ផ្លូវ​នេះ​មាន​ទំហំ​ទទឹង​២៤​ម៉ែត្រ ជា​ផ្លូវ​៤​គន្លង ក្រាល​កៅស៊ូ​AC មាន​សួនច្បារ​ចំ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជា​ច្រើន​ទៀត ដូច​ជា​ស្ពាន​វែង និង​មធ្យម​ចំនួន​៥​កន្លែង​, ស្ពាន​ខ្លី​៣៣​កន្លែង​, ស្ពាន​រំលង​ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ។ ការ​ចាប់ផ្ដើម​ដំណើរការ​គម្រោង​មួយ​នេះ នឹង​ធ្វើ​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្ត​បន្ថែម​ទៀត ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។ នេះ​បើ​តាម​លោក វ៉ា​ស៊ឹ​ម សុរិយា ។  លោក​លើក​ឡើង​ថា ៖« ជា​ធម្មតា វិនិយោគិន​គេ​នឹង​មើលទៅ​លើ​ការ​វិនិយោគ​របស់​រាជរដ្ឋាភិបាល​ឬ​ប្រទេស​នីមួយ​ៗ​កំពុង​តែ​អនុវត្ត មាន​ជា​គម្រោង​ធំ​ៗ​ច្រើន ដូច​ជា​ផ្លូវ​ល្បឿន​លឿន​,​ព្រ​លាន​យន្តហោះ​, ស្ពាន​ធំ​ៗ ឬ​ក៏​កំពង់​ផែ​ធំ​ៗ​ជាដើម នៅ​ពេល​នោះ ពួក​គេ​នឹង​មាន​ជំនឿ​ចិត្ត​មក​លើ​រាជរដ្ឋាភិបាល​ដែល​មានការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍន៍​ប្រទេស និង​រក្សា​សន្តិភាព »​។

លោក​បណ្ឌិត​ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ​បាន​ថ្លែង​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច
ជាតិ ។ លោក​បន្ត​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ប៉ុន្តែ​លោក​ស្នើ​សុំ​ឲ្យ​មានការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន ។​ លោក​បន្ថែម​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​កន្លង​មក​ថា ៖« ផ្លូវ​ល្បឿន​លឿន​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​គឺ​ភ្ជាប់​រវាង​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ