រាជធានីភ្នំពេញ ៖ លោកជំទាវម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា ហើយបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ វេលម៉ោង៦ និង៥០នាទីល្ងាច ថ្ងៃដដែល ពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ)ជាង៣លានដុល្លារអាមេរិក។ លោកជំទាវរូបនោះឈ្មោះ លី អ៊ុំអេង អាយុជាង៥០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញផង និងនៅខេត្តសៀមរាបផង ហើយក៏មានអ្នកខ្លះនិយាយថា លោកជំទាវ លី អ៊ុំអេង មានងារជាបណ្ឌិតឧកញ៉ាផងដែរ។ ប្រភពព័ត៌មានបានឲ្យដឹងថា នាពេលកន្លងទៅ មានប្រជាពលរដ្ឋជិត១០គ្រួសារ បានចោទលោកជំទាវថា រំលោភយកដីពួកគាត់ប្រមាណជាង១២ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។
ហើយប្រជាពលរដ្ឋជិត១០គ្រួសារនោះបាននាំគ្នា ធ្វើការអំពាវនាវឱ្យលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ពួកគាត់។ ស្រាប់តែនៅថ្ងៃទី៨ វិច្ឆិកា លោកជំទាវ លី អ៊ុំអេង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី២៦ តុលា ២០១៨ ក្រោមការ ចោទប្រកាន់ពីបទ (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន) ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ឧសភា ២០១៨។ ប៉ុន្តែបើតាមសម្តីអ្នកស្និទលោកជំទាវ លី អ៊ុំអេង វិញបានបង្ហើបឲ្យដឹងថា ពិតណាស់លោកជំទាវមានដីជាង១០ហិកតា នៅភូមិចុងកៅស៊ូខេត្តសៀមរាបមែន តែដីនោះក៏មានជាប់ពាក់ព័ន្ធជាមួយមនុស្សម្នាក់ ដែលមនុស្សម្នាក់កំពុងចូលស្រុកមិនបាន។
ក្រោយមកលោកជំទាវ លី អ៊ុំអេង បានព្រមព្រៀងលក់ទៅឲ្យអ្នកដទៃ ដែលការលក់ដីនោះអ្នកទិញមិនទាន់បានប្រគល់លុយឲ្យគ្រប់ចំនួនទេ គ្រាន់តែបានឲ្យលុយកក់ខ្លះ។ អ្នកស្និទលោកជំទាវ លី អ៊ុំអេង បង្ហើបទៀតថា ទោះបីនៅពេលទិញលក់ដីមិនទាន់បានគ្រប់ចំនួនក្តី លោកជំទាវ លី អ៊ុំអេង បានធ្វើប្រគល់សែកមួយ លើទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក ឲ្យទៅមនុស្សម្នាក់នោះ ដោយបានបបញ្ជាក់ថា សែកនេះពុំទាន់មានលុយក្នុងធនាគារទេ គ្រាន់តែជាសែកតម្កល់ទុក នៅពេលអ្នកទិញដីប្រគល់លុយឲ្យគ្រប់ លោកជំទាវក៏ឲ្យទៅមនុស្សនោះគ្រប់ចំនួនដែរ។ រហូតមកដល់ពេលនេះដីនៅខេត្តសៀមរាបឡើងថ្លៃ មនុស្សម្នាក់នោះបានរៀបគម្រោងចង់បានដីវិញ ដោយបានតម្រូវឲ្យមនុស្សម្នាក់ទៀតនៅក្នុងស្រុក ចេញមុខយកសែកដែលថាគ្មានប្រាក់ជាង៣លានដុល្លារប្តឹងលោកជំទាវ លី អ៊ុំអេង រហូតដល់មានការចាប់ខ្លួន។
នៅពេលចាប់ខ្លួនដោយតុលាការខេត្តសៀមរាប លោកជំទាវ លី អ៊ុំអេង បាន និងជំទាស់ទាមទារឲ្យផ្ទេរមក សមត្ថកិច្ចរាជធានីភ្នំពេញវិញ។ ព្រោះលោកជំទាវមិនទុកចិត្តសាលាដំបូងខេត្ត ទើបត្រូវបានកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនលោកជំទាវ មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដោយសុំតែត្រឹមបានយុត្តិធម៌ប៉ុណ្ណោះ។ សំណុំរឿងនេះបានស្ថិតនៅដៃលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទើបមកថ្មី ធ្វើការសាកសួរ ប៉ុន្តែយប់ទៅហើយតំណាងអយ្យការបានផ្ញើលោកជំទាវទៅសមត្ថកងរាជអាវុធរាជធានីភ្នំពេញ និង តម្រូវឲ្យយកមកសាកសួរបន្តនៅព្រឹកថ្ងៃទី៩ វិច្ឆិកា៕
https://youtu.be/cSc9Nb8dfpo
ចែករំលែកព័តមាននេះ