ប្រទេសអ៊ីរ៉ាក់ ៖ អង្គការសហប្រជាជាតិបានរាយការណ៍នាថ្ងៃទី៦ វិច្ឆិកា ២០១៨នេះថា ក្រុមរដ្ឋអ៊ិស្លាមបានបន្សល់ទុករណ្ដៅកប់សពរួមដល់ទៅជាង២០០កន្លែង ក្នុងបណ្ដាតំបន់របស់អ៊ីរ៉ាក់ដែលគេកាន់កាប់ពីឆ្នាំ២០១៤ទៅ២០១៧ ហើយអំពាវនាវឲ្យប្រមូលភស្ដុតាងនៃឧក្រិដ្ឋកម្មរបស់ពួកជីហាដ រួចផ្ដល់ចម្លើយដល់គ្រួសារពួកអ្នកបាត់ខ្លួន។
យោងតាមរបាយការណ៍មួយរបស់បេសកកម្ម អ.ស.ប ជួយទ្រទ្រង់អ៊ីរ៉ាក់ និងការិយាល័យសិទ្ធិមនុស្ស អ.ស.ប ថា រណ្ដៅកប់សពរួមទាំង២០២កន្លែងនោះ រកឃើញក្នុងខេត្តទាំងឡាយនាភាគខាងជើង និងភាគខាងលិចអ៊ីរ៉ាក់ ដែលអាចមានសាកសពមនុស្សរហូតដល់១២.000នាក់។ ចំណែករណ្ដៅកប់សពរួមអាចមានច្រើនជាងនេះទៀត ព្រោះតំបន់មួយចំនួននៅមិនទាន់អាចចូលទៅដល់។
មកទល់ពេលនេះរណ្ដៅតែ២៨ត្រូវបានគាស់ ដោយមានសាកសពមនុស្សប្រមាណជា១២៥៨នាក់។រណ្ដៅមួយចំនួនមានសាកសពតែប៉ុន្មាននាក់ តែរណ្ដៅខ្លះមានសាកសពច្រើនរយនាក់។
ជិតមួយឆ្នាំក្រោយការប្រកាសរបស់ក្រុងបាដាដ ពីជ័យជម្នះលើក្រុមរដ្ឋអ៊ិស្លាម ភស្ដុតាងនានាដែលប្រមូលនៅតាមទីតាំងកប់សពរួមទាំងនេះគឺសំខាន់ណាស់។ អ .ស.ប អំពាវនាវឲ្យថែរក្សាទុកភស្ដុតាងទាំងនេះ ព្រោះវានឹងធានាដល់ការស៊ើបអង្កេតគួរឲ្យជឿជាក់សម្រាប់សវនាការកាត់ទោស ស្របតាមស្តង់ដារអន្តរជាតិ។បណ្ដាអ្នកស៊ើបអង្កេត អ.ស.ប ចាប់ផ្ដើមប្រមូលបណ្ដាភស្ដុតាងនៃការសម្លាប់រង្គាល និងអំពើសាហាវព្រៃផ្សៃឯទៀតៗរបស់ក្រុមរដ្ឋអ៊ិស្លាម៕
ចែករំលែកព័តមាននេះ