ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC ៖ Crypto និង​Blockchain ស្ថិត​ក្នុង​សណ្ឋាន​ពីរ​ខុស​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មានការ​ភាន់ច្រឡំ​ជា​ច្រើន​ថា ទ្រព្យសកម្ម ឬ​រូបិយ​វត្ថុ Crypto និង​បច្ចេកវិទ្យា Blockchain គឺជា​របស់​តែ​មួយ តែ​តាម​ពិត​វា​ស្ថិត​ក្នុង​សណ្ឋាន​ពីរ​ប្រភេទ​ខុស​ពី​គ្នា…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មានការ​ភាន់ច្រឡំ​ជា​ច្រើន​ថា ទ្រព្យសកម្ម ឬ​រូបិយ​វត្ថុ Crypto និង​បច្ចេកវិទ្យា Blockchain គឺជា​របស់​តែ​មួយ តែ​តាម​ពិត​វា​ស្ថិត​ក្នុង​សណ្ឋាន​ពីរ​ប្រភេទ​ខុស​ពី​គ្នា ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ពន្យល់​ថា បច្ចេកវិទ្យា Blockchain គឺជា​Software សម្រាប់​បង្កើត​នូវ​ឧបករណ៍​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​ឆ្លងកាត់​អន្តរការី​យ​កម្ម​ហិរញ្ញវត្ថុ ដូច​ជា គ្រឹះស្ថាន​ធនាគារ​ទេ ។ ចំណែក ទ្រព្យសកម្ម ឬ​រូបិយ​វត្ថុ Crypto គឺជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​ជា​ច្រើន ដែល​បច្ចេកវិទ្យា Blockchain មាន​លទ្ធភាព​បង្កើត​បាន ។

លោក​ទេសាភិបាល​បញ្ជាក់​ថា ៖« បច្ចេកវិទ្យា Blockchain អាច​មាន​សមត្ថភាព​បង្កើត​នូវ​ប្រតិបត្តិការ​ចម្បង​ៗ​ដូច​ជា បញ្ជាក់​ពី​តម្លៃ​នៃ​ទ្រព្យសកម្ម​, ផ្ទេរ​តម្លៃ​, រក្សា​តម្លៃ​, កំណត់​តម្លៃ​, ប្តូរ​តម្លៃ​, វិនិយោគ​, ធានា​តម្លៃ​និង​គ្រប់គ្រង​ហានិភ័យ និង​កត់ត្រា​និង​សវន​កម្ម​តម្លៃ​ជាដើម »​។ លោក​បន្ថែម​ថា ៖« នា​ពេល​បច្ចុប្បន្ន តាម​រយៈ​បច្ចេកវិទ្យា Blockchain ទ្រព្យសកម្ម Crypto ប្រមាណ​១.៦០០​ប្រភេទ ត្រូវ​បាន​បង្កើត​ឡើង ដែល​ក្នុង​នោះ ទ្រព្យសកម្ម Crypto ដែល​ពេញ​និយម​ជាងគេ គឺ​ប្រភេទ Bitcoin, Litecoin និង Ethereum » ។

លោក​លើក​ឡើង​ថា ដោយសារ​តែ Blockchain ជា​បច្ចេកវិទ្យា​មួយ​ដែល​មិន​គិតថ្លៃ និង​គ្មាន​ការ​កំណត់​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់ ទ្រព្យសកម្ម Crypto ត្រូវ​គេ​បង្កើត​ឡើង​ទិញ​-​លក់​និង​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ។ ស្ថានភាព​នេះ​បាន​ធ្វើ​ឱ្យ​តម្លៃ​នៃ​ទ្រព្យសកម្ម Crypto មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស គ្មាន​ការ​ធានា​ស្ថិរភាព​តម្លៃ និង​គ្មាន​ការ​ធានា​លើ​ការ​ប្តូរ​ជា​សាច់ប្រាក់​ដោយ​ស្ថាប័ន​ណាមួយ​ឡើយ ។ ម្យ៉ាងទៀត ទ្រព្យសកម្ម Crypto ក៏​មាន​ហានិភ័យ​និង​បញ្ហា​ជា​ច្រើន ដូច​ជា ការ​ឆបោក ការ​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​របស់​ឧក្រិដ្ឋជន និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម ។

បើ​តាម​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​ធនាគារកណ្តាល​ផ្សេង​ទៀត​មិន​ទទួលស្គាល់​រូបិយ​វត្ថុ Crypto នេះ​ទេ ប៉ុន្តែ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​នេះ ។ លោក ជា ចាន់​តូ មាន​ប្រសាសន៍​ថា ៖« ដោយ​ពិនិត្យ​ឃើញ​ពី​ហានិភ័យ​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​ធនាគារកណ្តាល​ជា​ច្រើន​លើ​ពិភពលោក បាន​ហាមឃាត់ និង​មិន​ទទួលស្គាល់​ការ​ទិញ​-​លក់ និង​ចរាចរ​ទ្រព្យសកម្ម ឬ​រូបិយ​វត្ថុ Crypto នេះ​ទេ ។ ទ្រព្យសកម្ម Crypto គឺជា​ឧបករណ៍​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក៏​ដោយ ក៏​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជា​រួម​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សេដ្ឋកិច្ច តាម​រយៈ​ការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កំណើន​ប្រកបដោយ​សមភាព​។ ហេតុ​ដូចនេះ ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ជាមួយនឹង​ការ​បន្ត​តាមដាន​លើ​វឌ្ឍនភាព និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មក​លើ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច »​។

ទន្ទឹម​នេះ ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​សមាជិក​ទាំងអស់​ឱ្យ​ទទួល​បាន​នូវ​អត្ថប្រយោជន៍ និង​ឱកាស​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មហាសន្និបាត​ប្រចាំឆ្នាំ​២០១៨ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក បាន​ដាក់​ចេញ​នូវ «​របៀបវារៈ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាលី » សម្រាប់​ឱ្យ ប្រទេស​សមាជិក​អនុវត្ត ប្រកបដោយ​ប្រសិទ្ធ ភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ