រាជធានីភ្នំពេញ ៖ ក្រោយចូលរួមកិច្ចប្រជុំសមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅទីក្រុងលីលសាធារណៈរដ្ឋបារាំង នៅថ្ងៃទី៥ វិច្ឆិកានេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងប្រតិភូអមដំណើររួមជាមួយលោកចែវ វិឌ្យា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋបារាំងបានជួបសំណេះសំណាលជាមួយលោកស្រីអាន អ៊ីដាលហ្គោ (Anne Hidalgo)អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។
ក្នុងជំនួបនោះលោកឃួង ស្រេង បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់លោកស្រីAnne Hidalgo និងការរីកចំរើនលើគ្រប់វិស័យរបស់ទីក្រុងប៉ារីស ជាពិសេសប្រពន្ធ័ដឹកជញ្ជូនសាធារណៈទំនើបការគ្រប់គ្រងប្រ័ពន្ធចរាចរណ៍ការរៀបចំសោភណ្ឌភាពទីក្រុង ការគ្រប់គ្រងសំណល់ជាដើម ។ តាមរយៈការទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ពីសំណាក់លោកស្រី Anne Hidalgo ប្រតិភូរាជធានីភ្នំពេញបានទៅទស្សនាសិក្សាស្វែងយល់ពីការរៀបចំ និងដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងប្រពន្ធ័ចរាចរណ៍ ព្រមទាំងសួនរុក្ខជាតិ និងផ្កាលម្អរក្រុងប៉ារីសដែលបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ល្អៗថ្មីៗជាច្រើនដល់ក្រុមការងាររាជធានីភ្នំពេញយកទៅពិចារណារៀបចំផែនការកែលំអរ និងដោះស្រាយបញ្ហាប្រឈមដែលរាជធានីភ្នំពេញកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ជាពិសេសការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ព្រមទាំងការប្រាថ្នាចង់បានការកែប្រែមុខមាត់រាជធានីភ្នំពេញឲ្យទៅជាទីក្រុងបៃតងមានផ្កាចម្រុះពណ៍ស្រស់ស្អាត ។ ដូចជា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ក៏ដូចជា ចូលរួមចំណែករិតបន្តឹងចំណងមិត្តភាពដ៏រឹងមាំ និងជ្រាលជ្រៅរវាងប្រទេសទាំង២តែម្តង ។ លោកស្រី អ៊ីដាលហ្គោមានប្រសាសន៍ថា ទីក្រុងប៉ារីស នឹងបន្តទំនាក់ទំនងល្អក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានសុំឲ្យលោកជំទាវ អាន អ៊ីដាលហ្គោ បញ្ជូនក្រុមអ្នកឯកទេសមកសិក្សារៀបចំផ្លូវឯកទិសនៅរាជធានីភ្នំពេញផងដែរ ៕
ចែករំលែកព័តមាននេះ