ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​ច្រើន​នាក់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ កាលពី​យប់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង​។…

ខេត្តពោធិ៍សាត់​៖ យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ កាលពី​យប់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង​។

​ករណី​ទី​១-​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ វិច្ឆិកា នេះ គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​មួយ​បាន​កើតឡើង​នៅ​ចំណុច​អូរ​ពងមាន់ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨២ ៨៣ ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ឌុ​ប​គ្នា​ទៅ​បុក​អ្នក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ម្នាក់ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​បែក​មុខ​បែក​មាត់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​អ្នក​ថ្មើរជើង​បាន​រង​របួសស្រាល​។

ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1B.1346 បើក​ដោយ​ឈ្មោះ ភាព រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​រង​របួសធ្ងន់ រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ ម៉ៅ ចិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បាន​រង​របួសធ្ងន់ និង​អ្នក​ធ្វើ​ដំណើរ​ដោយ​ថ្នើ​រ​ជើង​ឈ្មោះ ជុំ ម៉ាង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ បាន​រង​របួសស្រាល​។ អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។
ក្រោយ​ពេល​កើតហេតុ អ្នក​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ករណី​ទី​២-​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​កែ​ច្នៃ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា នេះ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥ ៨៦ ត្រង់​ចំណុច​តាំង​យ៉ ។

ជន​រង​គ្រោះ​ឈ្មោះ ថន សុភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បម្រើ​ការងារ​ជា​ទា​ហ៊ាន​ព្រំដែន បាន​រង​របួសធ្ងន់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ខាងលើ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​FTR ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១AR-៨៥៩៦ ហើយ​ទៅ​បុក​ពីក្រោយ​រថយន្ដ​កែ​ច្នៃ​មួយ​គ្រឿង​ដែល​មាន​ដឹកឈើ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នក​បើករថយន្ដ​កែ​ច្នៃ​បាន​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ រថយន្ដ​កែ​ច្នៃ និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ