ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​រឿង​ភាគច្រើន​ឈ្វេងយល់​ដោយ​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកដឹកនាំ​រឿងភាពយន្ត​ភាគច្រើន​មិន​ធ្លាប់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​​ទេ ចាប់​យក​ជំនាញ​នេះ​ទៅ​តាម​ចំណង់​ចំណូលចិត្ត ឬ​ក៏​សិក្សា​ឈ្វេងយល់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។ បើ​ទោះបីជា​មិន​ធ្លាប់​បាន​សិក្សា​ឲ្យ​ស៊ីជម្រៅ អ្នកខ្លះ​បាន​ទទួល​ជោគជ័យ​ដោយសារ​តែ​មានបទពិសោធន៍​ពី​ការ​ដឹកនាំ​រឿង​ច្រើន​ឆ្នាំ ។ ជា​អ្នកដឹកនាំ​រឿង​ម្នាក់​លោក​មុត ថា​រី កាលពី​ពេល…

រាជធានី​ភ្នំពេញ​៖ អ្នកដឹកនាំ​រឿងភាពយន្ត​ភាគច្រើន​មិន​ធ្លាប់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​​ទេ ចាប់​យក​ជំនាញ​នេះ​ទៅ​តាម​ចំណង់​ចំណូលចិត្ត ឬ​ក៏​សិក្សា​ឈ្វេងយល់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​។ បើ​ទោះបីជា​មិន​ធ្លាប់​បាន​សិក្សា​ឲ្យ​ស៊ីជម្រៅ អ្នកខ្លះ​បាន​ទទួល​ជោគជ័យ​ដោយសារ​តែ​មានបទពិសោធន៍​ពី​ការ​ដឹកនាំ​រឿង​ច្រើន​ឆ្នាំ ។

ជា​អ្នកដឹកនាំ​រឿង​ម្នាក់​លោក​មុត ថា​រី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា កាលពី​លោក​នៅ​ប្រទេស​បារាំង​ធ្លាប់​បាន​សិក្សា​ពី​លោក​សាស្ត្រាចារ្យ​កេង វណ្ណ​សក្តិ លើ​ផ្នែក​ប្រពៃណី វប្បធម៌ និង​សាសនា ។ ដំបូង​លោក​មាន​កាមេរ៉ា​តូច​មួយ ហើយ​លោក​តែងតែ​ថត​ទុកជា​ឯកសារ ខ្លី​ៗ ហើយ​យក​មក​កាត់ត និង​ចាក់​មើល​ខ្លួនឯង ដែល​ទាំងនេះ​គឺជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក​តាំងពី​ក្មេង ។

លុះ​នៅ​ដើមឆ្នាំ​១៩៨៣ លោក​បាន​វិល​មក​មាតុប្រទេស​វិញ និង​បាន​ថត​ជា​ឯកសារ​មួយ​ស្តី​ការ​រស់​ឡើង​វិញ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោយ​របប​ខ្មែរក្រហម​។ ភាពយន្ត​ឯកសារ​នោះ​លោក​បាន​ធ្វើ​ជា​ហ៊្វីល​កុន និង​បាន​នាំ​យក​ទៅ​ចាក់​ផ្សាយ​នៅ​ប្រទេស​បារាំង បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ជនរួមជាតិ​ខ្មែរ​នៅទីនោះ ។

ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ប្រទេស​ជាតិ​មានការ​ផ្លាស់​ប្តូរ​នោះ លោក​មុត ថា​រី ក៏​មាន​បំណង​ចង់​ផលិត​កុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពេល​នោះ​លោក​មិន​មាន​សមត្ថភាព​ដឹកនាំ​ឡើយ ដោយសារ​តែ​លោក​មានបទពិសោធន៍​តែ​ទៅ​លើ​ការ​ថត​ឯកសារ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយ​សារ​តែ​ចិត្ត​ចង់​លើ​ផ្នែក​នេះ​លោក​បា​នប​ញ្ជ្រៀ​ស​ខ្លួន​ចូល​ក្នុង​វិស័យ​នេះ​តាម​រយៈ​ការ​ចូល​រួម​សម្តែង​ក្នុង​ភាពយន្ត ដើម្បី​ឲ្យ​បាន​យល់​ច្បាស់​ពី​ការ​ដឹកនាំ​ការ​សម្តែង និង​ការ​ប្រើប្រាស់​បច្ចេកនៃ​ការ​ថត​…​។ តាំងពី​ពេល​នោះ​មក​លោក​បាន​ក្លាយជា​អ្នក​សម្តែង ជា​មួយនឹង​ការ​ដឹកនាំ​រឿង​ពី​ឪពុកក្មេក​របស់​លោក​គឺ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន និង​ជំនួយការ​ម្នាក់​ទៀត​គឺ​លោក​ជា វ​ណ្ណា ។

ក្រោយមក​បន្ទាប់​ពី​ឪពុកក្មេក​លោក​មាន​បញ្ហា ហើយ​ចេញ​ទៅ​រស់នៅ​ប្រទេស​ក្រៅ​នោះ​លោក​ក៏​បាន​តាំងចិត្ត​ថា នឹង​ត្រូវ​ព្យាយាម​ក្នុង​ការ​ដឹកនាំ​រឿង បន្ទាប់​ពី​លោក​ទទួល​បាន​បទ​ពិសោធន៍​ពី​ឪពុកក្មេក​កន្លង​មក ។ នៅ​ឆ្នាំ​២០០០​លោក​ក៏​បាន​ទៅ​ពិភាក្សា​ជាមួយ​មិត្តភក្តិ​របស់​លោក​នៅ​ប្រទេស​បារាំង ដើម្បី​ផលិត​កុន​លើក​ទី​មួយ គឺ​រឿង​«​ព្រះបាទ​ត្រសក់​ផ្អែម​» ។ ដោយសារ​ការ​អាន​សៀវភៅ និង​បទ​ពិសោធន៍​ក្នុង​ការ​ដឹកនាំ​រឿង​នេះ លោក​ក៏​បាន​ក្លាយជា​អ្នកដឹកនាំ​រឿង និង​សរសេរ​រឿង​រហូត​មក​ដល់​បច្ចុប្បន្ន ។

អ្នកដឹកនាំ​រឿង​ជើង​ចាស់ បច្ចុប្បន្ន​ជា​ម្ចាស់​ផលិតកម្ម​មួយ​ផង​នោះ លោក​ជា ឈី​ម បាន​អះអាង​ថា បន្ទាប់​ពី​របប​ប៉ុ​ល ពត មក អ្នកដឹកនាំ​រឿង​ភាគច្រើន​គឺ​មិន​ធ្លាប់​ទទួល​បានការ​បណ្តុះបណ្តាល​លើ​ផ្នែក​នេះ​ឡើយ ប៉ុន្តែ​យើង​ចាត់​ទុក​ទូរទស្សន៍​ជា​គ្រូ ។ លោក​រំលឹក​ថា ដើម​ឡើយ​លោក​គ្រាន់តែ​ជា​អ្នក​ថតរូប និង​ផ្តិតរូប​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​លោក​មាន​និស្ស័យ​ខាង​រៀប​ប្លង់​ថត និង​មាន​បំណង​ចង់​ដឹកនាំ​កុន​នោះ លោក​ក៏​បាន​ហក់​ចូល​ក្នុង​វិស័យ​នេះ​តែ​ម្តង ។ ចាប់តាំងពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្ន​លោក​មាន​ស្នាដៃ​ផលិត​កុន​ដុំ និង​រឿង​ភាគច្រើន ហើយ​មានរឿង​មួយ​ចំនួន​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ។

ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​លោក​ឆាយ បូ​រ៉ា បាន​ឲ្យ​ដឹង​ដែរ​ថា មុន​លោក​ចាប់ផ្តើម​ផលិត​កុន នៅ​ឆ្នាំ​១៩៨១​លោក​បាន​ចូល​ទៅ​សិក្សា​នៅ​សាលា​ល្ខោន​ជាតិ ដែល​សាលា​នោះ​បាន​បើក​បង្រៀន​ផ្នែក​និពន្ធ​រឿង ដឹកនាំ​រឿង និង​ការ​សម្តែង ។ លុះ​ការ​សិក្សា​នៅ​ទីនោះ​អស់​រយៈពេល​៧​ឆ្នាំ លោក​ក៏​បាន​ជាប់​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ប៊ុល​ហ្កា​រី ក្នុង​សម័យ​រដ្ឋ​កម្ពុជា ។

ប៉ុន្តែ​នៅ​ប្រទេស​នោះ​លោក​មិន​បាន​រៀន​លើ​មុខ​វិជ្ជា​ថតកុន​នេះ​ឡើយ ដោយសារ​ត្រូវ​ចំណាយ​ថវិកា​ច្រើន សម្រាប់​ថ្លៃ​តួ និង​ឧបករណ៍​ក្នុង​ការ​ថត ហេតុនេះ​លោក​ក៏​បាន​ប្តូរ​មក​សិក្សា​លើ​ផ្នែក​សេដ្ឋកិច្ច​វិញ ។ លោក​បន្ថែម​ថា ដោយសារ​តែ​លោក​មានគ្រួសារ​ជា​អ្នក​សម្តែង​លោក​ក៏​ចាប់ផ្តើម​សរសេរ​រឿង​មួយ​គឺ​រឿង «​ឃ្លា​តទៅ​សែន​ឆ្ងាយ​»​។ រឿង​នេះ​លោក​ផលិត​ឡើង​មិន​ស​ម្តៅ​យក​ធ្វើ​អាជីវកម្ម​ឡើយ គ្រាន់តែ​ចង់​បង្ហាញ​ពី​ជីវប្រវត្តិ​គ្រួសារ​របស់​លោក​ដែល​ធ្លាប់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​ប៉ុណ្ណោះ ។

ប៉ុន្តែ​ក្រោយ​ពី​ខ្សែភាពយន្ត​មួយ​នេះ​ទទួល​បាន​ជោគជ័យ​ទាំង​ក្នុង និង​ក្រៅប្រទេស​លោក​ក៏​បាន​បន្ត​ធ្វើ​រឿង «៣​កន្លះ​» ដោយ​បាន​សហការ​គ្នា​ជាមួយនឹង​ផលិតករ​មក​ពី​ប្រទេស​សិង្ហ​បុរី ដែល​ខ្សែ​រឿង​នេះ​និយាយ​ពី​ការ​ជួញដូរ​ផ្លូវភេទ​នៅ​ក្នុង​ប្ទេស​កម្ពុជា ។

លោក​​ឆាយ បូ​រ៉ា បញ្ជាក់​ថា ដោយសារ​តែ​មើលឃើញ​រោង​ភាពយន្ត និង​បណ្តា​ស្ថានីយ​ទូរទស្សន៍​កកើត​ច្រើន លោក​ក៏​បាន​បង្កើត​ផលិតកម្ម​មួយ​សម្រាប់​ផលិត​កុន​ដុំ និង​រឿង​ភាគ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​តាំងពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន ។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ប៉ុក បូ​រក្ស ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មិន​មាន​ទិ​ដ្ឋ​ន័យ​ច្បាស់លាស់​ពី​ចំនួន​ផលិតករ​ណា​បាន​សិក្សា ឬ​មិន​បាន​សិក្សា​លើ​ផ្នែក​ភាពយន្ត​ឡើយ ។ ផលិតករ​ដែល​បាន​មក​ចុះ​ឈ្មោះ​នៅ​នាយក​ដ្ឋាន​គឺ​ភាគច្រើន​មក​ជា​តំណាង​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អ្នក​ផលិត និង​ដឹកនាំ​រឿង​នោះ​គឺ​មាន​បុគ្គល​ផ្សេង​ទៀត ។

បើ​តាម​លោក​ប៉ុក បូ​រក្ស រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​សាលា​សម្រាប់​បណ្តុះបណ្តាល​លើ​ផ្នែក​ផលិតភាព​យន្ត​នៅឡើយ​ទេ ដោយ​ផលិតករ​ខ្លះ​បាន​ទៅ​សិក្សា​ដោយ​ឯកជន​នៅ​ប្រទេស​ក្រៅ​ប៉ុណ្ណោះ ។ បើ​ទោះបីជា​ក្រសួង​មិន​ទាន់​មាន​លទ្ធភាព​បង្កើត​សាលា​ភាពយន្ត​ក៏​ដោយ ប៉ុន្តែ​កន្លង​មក​បាន​រៀបចំ​ជា​វគ្គ​សិក្សា​ខ្លី​ៗ​ដែល​មាន​រយៈ​ពេល​៣​ខែ​លើ​មុខ​ជំនាញការ​ផលិត​កុន និង​ប​ច្ចេស ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ