ខេត្តសៀមរាប ៖ រយៈពេល១០ខែឆ្នាំ២០១៨នេះ គ្រឹះស្ថានអង្គររកចំណូលបានជិត ៩៤លានដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ។
យោងតាមរបាយការណ៍បានឲ្យដឹងថា នៅក្នុងរយៈពេល១០ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៨នេះ ការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន៩៣.៩២៧.៩២៦ដុល្លារ កើនឡើង១១,៥៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ។ ក្នុងនោះ ភ្ញៀវទេសចរបរទេសចំនួន២.០៩០.០៤៣នាក់ បានទិញប័ណ្ណចូលទស្សនាអង្គរ កើនឡើង ៧,៧% ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំណូលដែលទទួលបានជិត៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន៤.១៤០.០៨៦ដុល្លារឧបត្ថម្ភចូលទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ ។ សៀមរាបជាប៉ូលទេសចរណ៍សំខាន់ធំមួយ ក្នុងចំណោមប៉ូលទេសចរណ៍សំខាន់ៗដទៃទៀតនៅកម្ពុជា ពិសេសមានប្រាសាទអង្គរវត្ត និងតំបន់បេតិកភ័ណ្ឌជាច្រើនទៀត ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរមានកំណើនជាបន្ដបន្ទាប់ ដោយសារខេត្តគឺជាប៉ូលទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្តដ៏ល្បីល្បាញជុំវិញពិភពលោក ។
លោកប្រធានមន្ត្រីមានប្រសាសន៍ថា ៖« ក្រៅពីសម្បូរដោយតំបន់ទេសចរណ៍បេតិកភណ្ឌនិងធម្មជាតិហើយ ខេត្តក៏សម្បូរផលិតផលបម្រើឲ្យវិស័យទេសចរណ៍ផងដែរ ដូចជាមានសណ្ឋាគារចំនួន២៦០កន្លែង ស្មើនឹង១៤.៤៥៦បន្ទប់ ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន២២កន្លែង, សណ្ឋាគារលំដាប់ផ្កាយ៤ចំនួន២៨កន្លែង, សណ្ឋាគារលំដាប់ផ្កាយ៣ចំនួន៩កន្លែង និងលំដាប់ផ្កាយ២មានចំនួន៣ កន្លែង »។
ក្រៅពីនេះ នៅទូទាំងខេត្តសៀមរាបមានភ្នាក់ងារទេសចរណ៍ចំនួន៣១៦កន្លែង និង៥៨សាខា ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមានចំនួន៥ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមានប្រមាណពី២៥ទៅ៣០ក្រុមហ៊ុនដែលបានធ្វើប្រតិបត្តិការហោះហើរមកកាន់ខេត្តសៀមរាប ។ ទន្ទឹមនោះក៏មានភ្ញៀវទេសចរជិះតាមកប៉ាល់ពីរាជធានីភ្នំពេញ និងពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាបផងដែរ ក្រៅពីភ្ញៀវដែលចូលតាមច្រកផ្លូវគោគ និងផ្លូវអាកាស ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានថ្លែងកាលពីពេលថ្មីៗនេះថា សៀមរាបជាប៉ូលទេសចរណ៍សំខាន់ធំមួយក្នុងចំណោមប៉ូលទេសចរណ៍សំខាន់ៗដទៃទៀតនៅកម្ពុជា ពិសេសមានប្រាសាទអង្គរវត្ត និងតំបន់បេតិកភណ្ឌជាច្រើនទៀត ដូច្នេះហើយរដ្ឋបាលខេត្តត្រូវជំរុញឱ្យមានការយកចិត្តទុកដាក់លើការវិនិយោគលើវិស័យផ្សេងៗ ពិសេសការវិនិយោគលើវិស័យទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យមានផលិតផលទេសចរណ៍ ក៏ដូចជាសម្បទានបម្រើឱ្យវិស័យទេសចរណ៍ មានភាពសម្បូរបែបសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត ។ សូមបញ្ជាក់ថា ប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ គឺ ៖ ១- ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ ។
២-ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាពដប់ថ្ងៃ ។
៣- ប្រភេទប័ណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ និងមានសុពលភាព១ខែ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ