ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (កូនអើយភ្ញាក់ឡើង) ដោយ ព្រុំ គឹមជឿន

14 ឆ្នាំ មុន

– ឱ មាសម្ដាយ​អើយ កូន​ពេញវ័យ​ហើយ គួរ​មានគំនិត
បែរជា​វង្វេង បែកឆ្វេង​តាម​មិត្ដ រៀនសូត្រ​មិន​គិត គេចវេះ​សាលា​។

– ឱ មាសម្ដាយ​អើយ         កូន​ពេញវ័យ​ហើយ       គួរ​មានគំនិត
   បែរជា​វង្វេង               បែកឆ្វេង​តាម​មិត្ដ        រៀនសូត្រ​មិន​គិត       គេចវេះ​សាលា​។
– ប៉ា​កូន​ធ្វើ​គ្រូ                  ខិតខំ​តស៊ូ                   ឱ្យ​កូន​សិក្សា
   ប្រាក់ខែ​តិចតួច              មិន​រួច​អាត្មា                ត្បិតត្បៀត​ក្រៃណា     សន្សំ​សំចៃ ។
– ម៉ាក់​លក់​បបរ                ក្នុង​ចិត្ដ​ភ័យ​អរ             បែរបន់​រាល់ថ្ងៃ
   សូម​ឱ្យ​លក់ដាច់             គ្រាន់​បាន​បច្ច័យ            រំដោះទុក្ខ​ភ័យ           ចិញ្ចឹម​ជន្មា ។
– ម្ដាយ​ប្រឹង​គ្មាន​អាក់         កូន​ធ្វើ​ដូច​ម៉ាក់              សំបូរ​ធូរធា
   លុយ​ចាយ​ខ្ជាំ​ង​ៗ            ដឹង​តែ​ពី​ទារ                 ត្រាប់​តាម​គ្នីគ្នា      ជា​ក្មេង​ចោរ​ម្សៀត​។
– ពេល​ម៉ាក់​ប្រដៅ            កូន​ខឹង​ម៉ួ​រ​ម៉ៅ               ចិញ្ចើម​ជ្រួញ​ទៀត
   ទិញ​ថ្នាំ​ចង់​លេប            ប្រុង​ធ្វើ​អត្ដឃាត           ឱ្យ​ម៉ាក់​ខ្មាស់​ញាតិ     ដែល​នៅ​ជុំវិញ ។
– កូន​ធំ​ប៉ុណ្ណឹង                  គួរ​ណាស់​យល់​ដឹង          គ្រប់​រឿង​ទោម្នេញ
   អ្វី​ដែល​អាក្រក់              ត្រូវ​ដក​វា​ចេញ              ហើយ​ដាក់​បំពេញ     នូវ​ចិត្ដ​កត្តញ្ញូ  ។
– ធម្មតា​ជីវិត                  ឧបសគ្គ​ច្រើន​ពិត            តែ​ដូច​ជា​គ្រូ
   បង្រៀន​ឱ្យ​ចេះ             ដោះស្រាយ​គិតគូរ           ឈ្នះ​ព្រោះ​តស៊ូ        ទោះ​យូរ​ក៏​ដោយ​។
– ម៉ាក់​នឿយហត់​ណាស់     ខ្លួន​កាន់តែ​ចាស់              កម្លាំង​ក៏​ខ្សោយ
   មិន​ចង់ឱ្យ​កូន               មានការ​ស្ដាយក្រោយ      ទើប​មិន​បណ្ដោយ     តាម​ចិត្ដ​កូនស្រី ។
– ភ្ញាក់ខ្លួន​ឡើង​កូន           ធ្វើ​គំរូ​ប្អូន                     ដែល​នៅ​ក្មេងខ្ចី
   ខិតខំ​រៀនសូត្រ             ឱ្យ​ខ្ពស់​ប្រពៃ                 ក្នុង​នាម​កូនស្រី       ដោយ​គន្លង​ធ​ម៍​។

[តាម​សំណូមពរ​របស់​បងស្រី​ម្នាក់]
ដោយ  ព្រុំ    គឹ​ម ជឿន prumkimchoeun@gmail.com