ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ចង់​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CPTPP

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ខ្លួន​កំពុង​តែ​សិក្សា​ពី​អត្ថ​ប្រយោជន៍ និង​គុណវិបត្តិ​នៃ​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​រីក​ច​ម្រី​ន​សម្រាប់​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី ៣០ ខែធ្នូ…

ទីក្រុង​បាងកក ៖ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ខ្លួន​កំពុង​តែ​សិក្សា​ពី​អត្ថ​ប្រយោជន៍ និង​គុណវិបត្តិ​នៃ​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ទូលំទូលាយ និង​រីក​ច​ម្រី​ន​សម្រាប់​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី ៣០ ខែធ្នូ ខាង​មុខ​នេះ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Sontirat Sontijirawong បាន​និយាយ​ថា សមាជិក​៦​ប្រទេស​ក្នុង​ចំណោម​សមាជិក​ទាំង​១១​នៃ​CPTPP បាន​ផ្តល់​សច្ចាប័ន​ក្នុង​កិច្ចព្រមព្រៀង​នេះ​រួច​ទៅ​ហើយ ក្នុង​នោះ​មាន​ប្រទេស​ម៉ិ​ក​ស៊ិ​ក ជប៉ុន សិង្ហ​បុរី នូ​វែ​ល​សេ​ឡង់ កា​ណា​ដា និង​អូស្ត្រាលី​ជាដើម ។  លោក​បាន​បន្ត​ថា ក្រសួងពាណិជ្ជកម្ម បាន​បង្កើត​ក្រុម​មួយ​ដើម្បី​វាយតម្លៃ​ពី​អត្ថប្រយោជន៍ នៃ​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CPTPP នេះ ។

លោក​បញ្ជាក់​ថា ៖« ក្រុម​ខាងលើ​កំពុង​តែ​សហការ​ជាមួយនឹង​ភាគី​ដែល​ពាក់ព័ន្ធ​ក្នុង​ផ្នែក​ស្រាវជ្រាវ និង​រៀបចំ​វេទិកាសាធារណៈ​ដើម្បី​ប្រមូល​មតិ​សាធារណៈ​ពី​ការ​ចូលរួម​របស់​ប្រទេស​ថៃ​នេះ »​។

យោង​តាម​លោក Sontirat បាន​ឲ្យ​ដឹង​ដែរ​ថា មានការ​ប្រារព្ធ​វេទិកា​ចំនួន​៥​ដង​មក​ហើយ​ក្នុង​អំឡុង​ខែសីហា និង​កញ្ញា ហើយ​មាន​មនុស្ស​ប្រមាណ​ជាង​១.៤០០​នាក់​មក​ពី​វិស័យ​ដែល​ពាក់ព័ន្ធ​បាន​ចូលរួម ។

ក្នុង​វេទិកា​ទាំងនេះ ក្រុមហ៊ុន​ឯកជន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​សមា​ជិក​នៃ​កិច្ចព្រមព្រៀង​CPTPP នេះ ប៉ុន្តែ​កសិករ និង​ក្រុម​ស៊ី​វិល​មួយ​ចំនួន​បាន​ប្រាប់​ថា ប្រទេស​ថៃ​គួរតែ​ប្រុង​ប្រយ័ត្ន​ពី​ផល​ប៉ះពាល់​នៃ​CPTPP លើ​វិស័យ​មួយ​ចំនួន ដូច​ជា​កសិ​កម្ម និង​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​ជាដើម ។

លោក​បាន​បន្ថែម​ថា កង្វល់​ដែល​បាន​លើក​ឡើង​ក្នុង​វេទិកា​កន្លង​មក នឹង​ត្រូវ​បាន​ប្រមូល និង​យក​ទៅ​ពិភាក្សា​ជាមួយនឹង​ភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ឈ្វេងយល់​ឲ្យ​ដឹង​ថា តើ​ប្រទេស​អាច​ត្រៀមខ្លួន​យ៉ាងដូចម្តេច​សម្រាប់​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ពី​កិច្ច​ព្រមព្រៀង​នេះ ។  ពួក​គេ​ក៏​នឹង​ពិភាក្សា​ពី​ថវិកា​សំណង​ដល់​វិស័យ​ដែល​ទទួល​រង​ការ​ប៉ះពាល់​ផង​ដែរ​ប្រសិនបើ​ប្រទេស​ថៃ​ចូលរួម ។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ទូលំទូលាយ​និង​រីក​ច​ម្រី​ន​សម្រាប់​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) បាន​ឆ្លងកាត់​ឧបសគ្គ​ដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ​កាលពី​ថ្ងៃ​ពុធ ស​ប្ដា​ហ៍​មុន ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។

កិច្ចព្រមព្រៀង​នេះ​ស្ទើរតែ​ជិត​ដួល​រំលំ ទៅ​ហើយ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ។ ប៉ុន្តែ​តាម​រយៈ​ទំនាក់ទំនង​ការទូត​របស់​ជប៉ុន បាន​រក្សា​កិច្ចព្រមព្រៀង​ដែល​មាន​ទំហំ​តូច​ជាង​មុន​នេះ​ឲ្យ​នៅ​មាន​បន្ត​ទៀត​សម្រាប់​សមាជិក​ដែល​នៅ​សល់ ខណៈ​ដែល​សង្ឃឹមថា សហ​រដ្ឋអា​មេរិក​នឹង​ប្តូរ​គំនិត​ងាក​មក​ចូលរួម​វិញ ។

បើ​ទោះជា​មិន​មាន​វត្តមាន​របស់​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​នេះ​ក៏​ពិតមែន ក៏​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា មាន​សារសំខាន់​ខ្លាំង​ដែរ ព្រោះ​វា​គ្របដណ្តប់​សេដ្ឋកិច្ច​ដែល​កំពុង​តែ​អភិវឌ្ឍន៍​ដែល​សរុប​ស្មើនឹង​១៤%​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភព​លោក​ទៀត​ផង ។

ក្រៅពី​ចង់​ឲ្យ​ប្រទេស​ចូលរួម​ក្រោម​ក្របខ័ណ្ឌ​ច្បាប់​តឹងរ៉ឹង​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​កាត់​បន្ថយពន្ធ និង​ការ​បើក​ទូលាយ​ទីផ្សារ​ហើយ​នោះ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ចេញ​ស្តង់ដា​​ពលកម្ម​ថ្មី និង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​មួយ​ចំនួន​ជំរុញ​ដល់​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ផ្សេង​ៗ​ដែល​ធ្លាប់តែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ