រាជធានីភ្នំពេញ ៖ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ជាវិស័យដ៏សំខាន់មួយដែលបានចូលរួមជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យមានកំណើនរឹងមាំរយៈពេលជាង២ទសវត្សរ៍មកនេះ ។ បច្ចុប្បន្ន វិស័យនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែក៏មានការគំរាមកំហែងពីកត្តាខាងក្រៅជាញឹកញាប់ដែរ ជាពិសេសគឺបញ្ហាការអនុគ្រោះព័ន្ធពីអឺរ៉ុប(EBA)នេះតែម្ដង ។
បើតាមការបញ្ជាក់ពីប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានឲ្យដឹងថា បច្ចុប្បន្ននេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលជាសមាជិករបស់សមាគម មានប្រមាណ៦០០រោងចក្រ ក្នុងនោះរោងចក្រចិនភាគច្រើន ដែលបានផ្ដល់ការងារដល់កូនខ្មែរដោយផ្ទាល់ជិត៨០ម៉ឺននាក់ និងដោយប្រយោលរាប់លាននាក់ ។
ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានថ្លែងថា មកដល់បច្ចុប្បន្ន សមាគមមានរោងចក្រជាសមាជិកប្រហែល៦០០រោងចក្រ ដែលកំពុងដំណើរការកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ពិសេសគឺទីផ្សារអឺរ៉ុបដែលមានរហូតដល់៤០%នៃទីផ្សារនាំចេញសម្លៀកបំពាក់សរុបរបស់កម្ពុជា ។
លោកឧកញ៉ាបន្ដថា ៖« សព្វថ្ងៃរោងចក្រទាំងនេះបាននិងកំពុងផ្ដល់ការងារដល់ពលរដ្ឋខ្មែរដោយផ្ទាល់ប្រមាណ៧៨ម៉ឺននាក់ និងដោយប្រយោលរាប់លាននាក់ថែមទៀត ។ ចំណែកផលិតផលក្នុងវិស័យកាត់របស់កម្ពុជាដែលនាំចេញទៅទីផ្សារអន្តរជាតិនោះ គឺទីផ្សារអឺរ៉ុបមានរហូតជាង៤០% បន្ទាប់មក អាមេរិក,កាណាដា និងជប៉ុន ។ ទន្ទឹមនឹនេះ យើងកំពុងតែព្យាយាមរកទីផ្សារថ្មីនៅប្រទេសផ្សេងៗទៀតដូចប្រទេសសូវៀត និងចិនជាដើម »។
លោកឧកញ៉ាបញ្ជាក់ថា ៖« ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរឆ្នាំនេះ អាចកើនលើសឆ្នាំមុនតិចតួច ខណៈឆ្នាំ២០១៧ ការនាំចេញក្នុងវិស័យមួយនេះមានប្រមាណ៧ពាន់លានដុល្លារអាមេរិក »។ ទោះយ៉ាងនេះក្ដី វិស័យនេះកំពុងរងការគំរាមកំហែងជាញឹកញាប់ជុំវិញការដកឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»ឬ(EBA)របស់សហគមន៍អឺរ៉ុប ហើយប្រសិនបើរឿងនេះត្រូវបានកើតឡើងមែននោះ វានឹងធ្វើឱ្យប៉ះពាល់វិស័យកាត់ដេរមិនខាន ។
យ៉ាងណាក៏ដោយ បើតាមលោកឧកញ៉ា ប្រធានសមាគម បានមានប្រសាសន៍ថា ៖« យើងកុំយករឿងEBAមកនិយាយច្រើនពេកព្រោះវាមិនទាន់ជាការពិតនៅឡើង ហើយបើយើងនាំគ្នានិយាយច្រើន ធ្វើឱ្យអ្នកទិញខ្លាច អាចដកចេញ »។ លោកឧកញ៉ាថា ៖« រឿងEBAនេះ ប៉ះពាល់យើងមែន តែអត់ច្រើនទេ ហើយដើម្បីបញ្ចៀសពីផលប៉ះពាល់ រោងចក្រនីមួយៗត្រូវតែបង្កើនផលិតភាព ឬត្រូវធ្វើយ៉ាងម៉េចឱ្យចីរភាព ធ្វើយ៉ាងម៉េចបន្ថែមតម្លៃទៅលើផលិតឱ្យខ្ពស់ កុំផលិតផលិតផលដែលមានតម្លៃទាប »។
លោកបញ្ជាក់ថា ៖« កាល១៥ឆ្នាំមុន យើងអត់ទាន់មានEBAនេះទេ តែយើងនាំចេញទៅទីផ្សារអឺរ៉ុបបានដូចគ្នា »។
ទាក់ទងប្រព័ន្ធអនុគ្រោះពន្ធEBA នេះ បើតាមលោក ង៉ែត ជូ ជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting បានលើកឡើងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា លោកចង់ឃើញកម្ពុជាមានស្វ័យភាពផ្នែកសេដ្ឋកិច្ចដោយឈប់ពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពន្ធ និងជំនួយនានាពីបរទេស ។ យ៉ាងនេះក្ដី លោកថា ៖« ការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) នៅពេលនេះ គឺលឿនពេក ខណៈដែលកម្ពុជាមិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់នោះ »។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាអះអាងថា ៖« ប្រសិនបើ(EBA) ត្រូវបានដក ឬព្យួរមែននោះ វានឹងនាំឱ្យភាពរីកចំរើនរបស់វិស័យកាត់ដេរជាង២ទសវត្សរ៍នេះត្រូវបំផ្លាញ ហើយកម្មករ និងក្រុមគ្រួសាររបស់កម្មករដែលអាស្រ័យផលក្នុងវិស័យនេះប្រមាណ២លាននាក់ជួបនឹងបញ្ហាជីវភាពរស់នៅ »៕
ចែករំលែកព័តមាននេះ