ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ មន្ទីរពេទ្យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សុខ វ​ណ្ណា​រ៉ា នាយក​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ (​ព​២) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ធ្វើការ ព្រមទាំង​អាគារ​មន្ទីរពេទ្យ នៅ​ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដោយ​មានការ​ចូលរួម​ក្នុង​ពិធី​នេះ មាន​អស់លោក លោកស្រី ជា​ម្ចាស់​ជំនួយ​ជា​សប្បុរសជន ជា​ស្នងការ​រង ជា​ថ្នាក់ដឹកនាំ​ការិយាល័យ​ជំនាញ ព្រមទាំង​កងកម្លាំង​នគរបាល​ចំណុះ​ស្នងការដ្ឋាន​ជា​ច្រើន​រូប​។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ថ្លែង​ថា ដោយសារ​មានការ​ខ្វះខាត​កន្លែងធ្វើការ និង​អគារ​ស្នាក់​នៅ​ប្រចាំការ មួយ​ចំនួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​បាន​រៀបចំ​គំរោង​ផ្តើមកសាង​អគារ​ធ្វើការ​ផ្តល់​ដល់​កងកម្លាំង ដោយ​លើក​គម្រោង​សាងសង់​អគារ​១​ខ្នង​មាន​កម្ពស់​២​ជាន់ ដែល​មាន​បណ្តោយ​ប្រវែង​២១.៩​ម៉ែត្រ ទទឹង​ប្រវែង​១៤.៥​ម៉ែត្រ សម្រាប់​សម្រួល​ការងារ​មួយ​ចំនួន​បន្ថែម​ទៀត​ដល់​កងកម្លាំង​ផ្ទៃក្នុង ដែល​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​១៦​ម៉ឺន​ដុល្លារ ហើយ​ក៏​មាន​សប្បុរសជន​ជា​ម្ចាស់​បុរី និង​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ចូលរួម​ចំណែក​រួម​គ្នា ក្នុង​ការ​ជួយ​សាងសង់​បន្ថែម​ពីព្រោះ​ថវិកា​របស់​អង្គភាព​ស្នងការ​ដែល​មាន​ស្រាប់​ដោយ​ចាប់ផ្តើម​បញ្ចុះ​បឋមសិលា​សាងសង់​ពី​ថ្ងៃនេះ​ទៅ ត្រូវ​ប្រើ​ពេលវេលា​ប្រមាណ​៨​ខែ​ទើប​រួចរាល់​។

ដោយឡែក​ស្រប​ពេល​ជាមួយ​គ្នា អគារ​មន្ទីរពេទ្យ ដែល​មាន​សប្បុរសជន តាម​មណ្ឌល​សុខភាព និង​ផ្ចុង់ផ្តើម​ពី​លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​ក៏​ត្រូវ​បាន​បើក​កម្មវិធី​ជាមួយ​គ្នា​នេះ​ផង​ដែរ​តាម​ការ​មើលឃើញ​ការ​លំបាក​ផ្នែក​សុខមាលភាព​របស់​កងកម្លាំង និង​ក្រុម​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ៗ​នេះ​ផង​ដែរ​។ លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា កន្លង​មក​លោក​តែងតែ​ដឹកនាំ​គ្រប់​មន្ត្រី និង​សប្បុរសជន ចុះ​ជួយ​ជា​ប្រចាំ​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​ភាគច្រើន​ជា​កម្លាំង​កងទ័ព​នៅ​តាម​ព្រំដែន និង​មុន​ពេល​ភ្ជំបិណ្ឌ​ថ្មី​ៗ​នេះ លោក​បាន​ដឹកនាំ​ចុះ​ជួយ​ដល់​កម្លាំង​នគរបាល​តាម​ព្រំដែន​ម្តង។

ហើយដោយ​មើលឃើញ​បញ្ហា​សុខមាលភាព​ផ្ទៃក្នុង​នៅ​ទី​នេះ​មិន​ទាន់​មាន​អគារ​ព្យាបាល​នៅ​ក្នុង​ស្នងការដ្ឋាន​បាន​ត្រឹមត្រូវ ទើប​លោក​សុខចិត្ត​ដឹកនាំ​បន្ត​សាងសង់​អគារ​ពេទ្យ​១​ខ្នង​ទៀត​នៅ​ទី​នេះ​ដែល​តំណាង​ឲ្យ​សម្តេច​ក្រឡាហោម ស ខេ​ង ជួយ​សាងសង់​អគារ​១​ខ្នង​កម្ពស់​២​ជាន់​មាន​១៥​បន្ទប់ មាន​បណ្តោយ​២២​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១៩​ម៉ឺន​ដុល្លារ ដោយ​មាន​សប្បុរសជន​រង់ចាំ​បន្ត​ជួយ​បន្ថែម​ទៀត​នៅ​ពេល​ខ្វះខាត ។ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ដែល​តែងតែ​ជួយ​បំពេញ​រាល់​ការ​ខ្វះខាត​របស់​កងកម្លាំង​ក្នុង​កិច្ចការ​បម្រើ​សង្គម​ជាតិ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ដែល​ធ្លាប់​មាន​កន្លង​មក ហើយ​ពេល​នេះ​ពិតជា​រំភើប​ក្នុង​ចិត្ត​ដែល​ឃើញ​មានការ​ជ្រោមជ្រែង ជួយ​បន្ត​ការ​សាងសង់​បន្ថែម​ទៀត​នៅ​ទី​នេះ​។

ហើយ​ក្នុង​នាម កងកម្លាំង​ទាំងមូល លោក​សូម​ធ្វើការ​ប្តេជ្ញា​ចិត្ត​បន្ត​រួម​គ្នា ដឹកនាំ​កម្លាំង​ទាំងអស់​ធានា​ឲ្យ​បាន​នូវ​ក្តី​សុខ ជូន​សង្គម​ជាតិ និង​ក្តី​សប្បាយ​រីករាយ​របស់​ប្រពល​រដ្ឋ​ទាំងមូល​ឲ្យ​ទទួល​បាន​ភាព​សុខក្សេមក្សាន្ត ក្នុង​ប្រទេស​យើង​ដែល​កំពុង​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​យ៉ាង​ពេញលេញ​បន្ត​រហូត​មក​ទល់​ថ្ងៃនេះ និង​បន្ត​ទៅ​មុខ​ទៀត​ក្នុង​អាណត្តិ​ទី​៦​នេះ​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​កំពុង​ដឹកនាំ​បន្ត​តាម​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រជាជន​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ