ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សំរាម​៥​គ្រឿង ត្រូវ​បាន​យក​មក​បញ្ឈរ​តម្រៀប​គ្នា​នៅ​មុខ​សាលាដំបូង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​ដឹក​សំរាម អនាម័យ​ក្រុង​បាន​លុង​របស់​ក្រុមហ៊ុន គឹ​ម ជ្រា ចំនួន​៥​គ្រឿង ត្រូវ​បាន​តំណាង​កម្មករ និង​កម្មករ​នាំ​គ្នា​យក​មក​បញ្ឈរ​តម្រៀប​គ្នា​នៅ​មុខ​សាលាដំបូង​ដើម្បី​សុំ អន្តរាគមន៍…

ខេត្តរតនគិរី ៖ រថយន្ត​ដឹក​សំរាម អនាម័យ​ក្រុង​បាន​លុង​របស់​ក្រុមហ៊ុន គឹ​ម ជ្រា ចំនួន​៥​គ្រឿង ត្រូវ​បាន​តំណាង​កម្មករ និង​កម្មករ​នាំ​គ្នា​យក​មក​បញ្ឈរ​តម្រៀប​គ្នា​នៅ​មុខ​សាលាដំបូង​ដើម្បី​សុំ អន្តរាគមន៍ បន្ទាប់​ពី​មាន​គេ​យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​សំរាម យក​ទៅ​ចាក់​នៅ​ទីតាំង​ស្ថិត​នៅ​ភូមិ​៣ សង្កាត់​កាចា​ញ ដែល​ក្រុមហ៊ុន​ធ្លាប់​ចាក់​ជា​ច្រើន​ឆ្នាំ​មក ហើយ​នោះ​។ នៅ​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ រថយន្ត​ដឹក​សំរាម​ពេញ​ចំនួន​៥​គ្រឿង របស់​ក្រុមហ៊ុន គឹ​ម ជ្រា ត្រូវ​បាន​កម្មករ​យក​មក​បញ្ឈរ​តម្រៀប​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត បន្ទាប់​ពី​រថយន្ត​ទាំងនោះ​ផ្ទុក​សំរាម​ពេញ​រថយន្ត​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ មិន​បាន​យក​សំរាម​ទៅ​ចាក់ចោល​នៅ​ទីតាំង​ដែល​ខ្លួន​ធ្លាប់​បាន​យក​សំរាម​នោះ​ទេ ដោយសារ​មាន​គេ​យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ​មិន​ឲ្យ​ឡាន​សំរាម​ចូល​ទៅ​ចាក់​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​កម្មករ​ឈ្មោះ ភារ​ម្យ ដែល​បាន​យក​ឡាន​ដឹក​សំរាម​ពេញ​ទៅ​តម្រៀប នៅ​មុខ​តុលាការខេត្ត​នោះ​ថា ហេតុតែ​ពួក​គាត់​យក​ឡាន​ដឹក​សំរាម​មក​បញ្ឈរ​នៅ​មុខ​តុលាការ​នេះ ដោយ​រថយន្ត​នេះ​ដាក់​សំរាម​ពេញ មិន​មាន​កន្លែង​ចាក់​ចំនួន​៤​ថ្ងៃ​មក​ហើយ​ៗ ពួក​គាត់​យក​រថយន្ត​មក​តម្រៀប​នៅ​មុខ​តុលាការ​នេះ គោលបំណង​សុំ​ឲ្យ​តុលាការ​ជួយ​ដោះស្រាយ​ជា​បន្ទាន់ នូវ​ករណី​គេ​យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ​មិន​ឲ្យ​ឡាន​សំរាម​ចូល​ចាក់​។ ចំណែក​លោក កែវ ពិ​សុ​ដ្ឋ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ថា សាលាដំបូង​ខេត្ត​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ នៅ​ពេល​នេះ ដោយ​តុលាការ​មិន​ទាន់​ទទួល​បាន​ពាក្យបណ្ដឹង ឬ​ពាក្យសុំ​អន្តរាគមន៍​ណាមួយ ពី​តំណាង​កម្មករ​ក្រុមហ៊ុន​អនាម័យ​នៅឡើយ​។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ខុន ម៉ា​លី​កង អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​តំណាង​កម្មករ អនាម័យ​ក្រុង​បាន​លុង បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មកនេះ​ដើម្បី​យកពាក្យ​បណ្តឹង​មក​ដាក់​ជូន​តុលាការ សុំ​ការ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​សំរាម​ស្អុយ​ពេញ​ផ្សារ​ក្រុង​បាន​លុង ដោយ​មាន​ជន​មិន​ស្គាល់​មុខ យក​បង្គោល​ទៅ​បោះ​ចំ​កណ្ដាលផ្លូវ មិន​ឲ្យ​ពួក​គាត់​យក​សំរាម​ទៅ​ចាក់​លើ​ទីតាំង​ចាក់សំរាម ក៏​ប៉ុន្តែ​តុលាការ​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​ទេ​នៅ​ពេល​នេះ​។ ជុំវិញ​ករណី​មាន​ជន​មិន​ស្គាល់ មុខ​បោះបង្គោល​ចំ​កណ្ដាលផ្លូវ​សាធារណៈ មិន​ឲ្យ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​អនាម័យ​ចូល ចាក់សំរាម​ខាងលើ​នេះ លោក ងិ​ន ណែ​ល អភិបាលក្រុង​បាន​លុង លោក​ថា ការ​យក​រថយន្ត​ដឹក សំរាម​ទៅ​ដាក់​មុខ​តុលាការ​នោះ លោក​មិន​បានដឹង​ពី​គោលបំណង​របស់​គេ​ទេ ក៏​ប៉ុន្តែ​ក្រុមហ៊ុន គឹ​ម ជ្រា អនាម័យ​ក្រុង​បាន​លុង​នេះ ត្រូវ​បាន​រដ្ឋបាល​សាលាខេត្ត​រតនគិរី ចេញ​ដីកា​សម្រេច​ដកហូត​សិទ្ធិកាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ បញ្ចប់​ទាំងស្រុង​នូវ​កិច្ចសន្យា ស្ដី​ពី​ការ​ដាក់​ទុន​វិនិយោគ និង​ធ្វើ​អាជីវកម្ម​ប្រមូល​សំអាត​អនាម័យ និង​ដឹក​ជញ្ជូន​សំរាម ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ដែល​មាន​រយៈពេល​២១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១០ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០៣០ ពី​លោក ជា គួ​ង ហើយ​។

លោក​អភិបាលក្រុង​បាន​លុង ក៏​បាន​បញ្ជាក់​ទៀត​ថា រដ្ឋបាល​ក្រុង​បាន​លុង ក៏​បាន​ចេញ​លិខិត​ជូនដំណឹង​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ដល់​សាធារណៈជន​ក្នុង​ក្រុង​បាន​លុង​ផង​ដែរ​។ ឲ្យ​បញ្ឈប់​ការ​បង់​សេវា ប្រាក់​អនាម័យ​ក្នុង​ក្រុង​បាន​លុង​ជូន​ក្រុមហ៊ុន​របស់​លោក ជា គួ​ង​។ ចំណែក​លោក ជា គួ​ង ប្រធាន​ក្រុមហ៊ុន គឹ​ម ជ្រា ថា​អាជ្ញាធរ​ខេត្ត​ដកហូត​សិទ្ធ​វិនិយោគ​របស់​លោក គឺ​ខុស​អនុ​ក្រិត​ទាំងស្រុង ពីព្រោះ​ការ​ដកហូត​នេះ អាជ្ញាធរ​ខេត្ត​មិន​បាន​ទៅ​ប្រជុំ​ក្រុមប្រឹក្សា​។ បើ​តាម​ផ្លូវច្បាប់ គឺ​ក្រុមប្រឹក្សា​ជា​អ្នក​ចុះហត្ថលេខា មិនមែន​ខេត្ត​អ្នក​ចុះហត្ថលេខា​នោះ​ទេ​។ ម្យ៉ាងវិញទៀត​មុន​នឹង​ឈាន​ដល់​ការ​ដកហូត​ចេញ​ជា​លាយលក្ខណ៍អក្សរ ក្នុង​កិច្ចសន្យា​អភិបាលខេត្ត​ត្រូវ​មានការ​ព្រមាន​មក​លើ​កំហុស​របស់​ក្រុមហ៊ុន​ចំនួន​បី​ដង​ទើប​អាច​ដកហូត​បាន​។

ហើយ​ក្រសួង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​របស់ តុលាការ​មិន​ទាន់​សម្រេច អាជ្ញាធរ​ខេត្ត​មិន​មាន​សិទ្ធិ​ណាមួយ​ក្នុង​ការ​សម្រេច​ដកហូត​សិទ្ធិ វិនិយោគ​ឡើយ​។ លោក​បាន​បន្ថែម​ទៀត​ថា គោលបំណង​ដែល​ក្រុម​កម្មករ​យក​ឡាន​ដឹក​សំរាម ពេញ​ទៅ​តម្រៀប​នៅ​មុខ​តុលាការ គឺ​គ្រាន់តែ​ចង់​សុំ​ឲ្យ​តុលាការ សម្រួល​ក្នុង​កា​រដក​បង្គោល ដែល​បោះ​ចំ​កណ្ដាលផ្លូវ​សាធារណៈ មិន​ឲ្យ​ឡាន​ដឹក​សំរាម​របស់​លោក ដឹក​សំរាម​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម តាំងពី​ថ្ងៃ​ទី​៣០ ខែតុលា មក​ម្លេះ បើ​គិត​ទៅ​រយៈពេល​៤​ថ្ងៃ​មក​ហើយ​។ បច្ចុប្បន្ន​ទីលាន​ចាក់សំរាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​បិទ ព្រោះ​មូលហេតុ​ក្រុមហ៊ុន​ចំនួន​២​ពូកែ​ឈ្លោះ​គ្នា​ចាក់សំរាម​គ្មាន​សណ្តាប់ធ្នាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ