ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវ តាមប្រមាញ់ក្រុមឆក់កាបូបភ្ញៀវបរទេសជនជាតិអាល្លឺម៉ង់ស្រីចំនួន៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបភ្ញៀវបរទេស។
កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវឧកញ៉ា អ៊ុំ ឆាយ មុខរូបសំណាក់គ្រុឌ កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយ ដង្គំ ក្រុង/ខេត្តសៀមរាប រហូតឈានដល់ធ្វើការឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ រួចបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្ត។ ហេតុការឃាត់ខ្លួនក្រុមឆក់កាបូបភ្ញៀវបរទេសនោះបានធ្វើឡើងនាវេលាម៉ោង ជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការ រង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ថា ដោយមានការសហការ គ្នាបានល្អពីកម្លាំងការិយាល័យនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ដើម្បីតាមប្រមាញ់ក្រុមចោរឆក់ បន្ទាប់ពីបានធ្វើសកម្មភាពលួចលូកឆក់កាបូបភ្ញៀវបរទេសជនជាតិ អាល្លឺម៉ង់ស្រីម្នាក់នៅក្នុងកន្ត្រកកង់ខាងមុខ កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវឧកញ៉ា អ៊ុំ ឆាយ មុខរូបសំណាក់គ្រុឌ កងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង /ខេត្តសៀមរាប រហូតចាប់ខ្លួនបានក្រុមឆក់កាបូបភ្ញៀវបរទេស ចំនួន៣នាក់ រួចបញ្ជូនមកកាន់ការិយាល័យជំនាញ។
លោកបានបញ្ជាក់ទៀតថា ជនសង្ស័យចំនួន បីនាក់៖ ១/ឈ្មោះ មឿន ប៉ាលីណាឃីម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ២/ឈ្មោះ លន់ វលិស ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប និង ទី៣/ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបពា្ជនទៅតុលាការនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកទ្រព្យសម្បត្តិរបស់ភ្ញៀវ ត្រូវបានប្រគល់ឱ្យគាត់វិញហើយ៕
ចែករំលែកព័តមាននេះ