ទីក្រុងហាណូយ ៖ យោងតាមអត្ថបទរបស់លោក Vikram Kohli នាយកគ្រប់គ្រងក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ CBRE បានឲ្យដឹងថា វិនិយោគិនបរទេសមិនអាចងាកចេញពីទីផ្សារអចលនទ្រព្យរបស់វៀតណាមបានឡើយ។
លោកបានឲ្យដឹងថា កត្តាដែលជំរុញដល់ការលូតលាស់សេដ្ឋកិច្ចរបស់វៀតណាមរួមមានកំណើនប្រជាជនថ្នាក់កណ្តាល ខណៈដែលការធ្វើនគរភាវូបនីយកម្មត្រូវបានគាំទ្រដោយប្រជាជនក្មេងៗ និងបានឆ្លងកាត់ការអប់រំ ។
លើសពីនេះទៀត ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប(GDP)របស់វៀតណាម នឹងលូតលាស់បាន៦,៨%នៅឆ្នាំនេះ ព្រោះតែតម្រូវការវិនិយោគិនបរទេសដែលចង់ចូលទៅកាន់ទីផ្សារអចលនទ្រព្យវៀតណាម ។
ក្នុងអំឡុងពេល៣ឆ្នាំមកនេះ ប្រទេសវៀតណាមមើលឃើញកំណើនការវិនិយោគពីបរទេសលើវិស័យអចលនទ្រព្យយ៉ាងច្រើន ។ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី ជប៉ុន និងកូរ៉េ ត្រូវបានទាក់ទាញដោយតំបន់កណ្តាលក្រុង ខណៈដែលក្រុមហ៊ុនក្នុងស្រុកសហការជាមួយនឹងក្រុមហ៊ុនបរទេស ។
ក្រៅពីតម្រូវការទីតាំងសម្រាប់អាជីវកម្មដែលកំពុងតែកើនឡើងហើយ ប្រទេសវៀតណាមមានកង្វះការផ្គត់ផ្គង់ផងដែរ ជាពិសេសក្នុងទីក្រុងហូជីមិញ និងហាណូយ ។ តម្លៃជួលការិយាល័យកម្រិតAនៅទីក្រុងហូជីមិញបានកើនឡើងពី៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែកាលពីត្រីមាសទី២នាឆ្នាំ២០១៦ មកស្មើ៤៣ដុល្លារឯណោះ កាលពីទ្រីមាសទី២នាឆ្នាំនេះ ឬកើនឡើង២៣% ។
វិនិយោគិនពីសិង្ហបុរី ហុងកុង និងតៃវ៉ាន់ ក៏បានចាប់អារម្មណ៍លើទីផ្សារជួលអាផាតម៉ិន និងខុនដូដែរ ហើយពួកគេស្មើនឹង៧៥%នៃអតិថិជនទាំងអស់ក្នុងទីផ្សារនេះ ។ លើសពីនេះទៀត ភាពធ្ងន់ធ្ងរឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន បានបង្ខំឲ្យក្រុមហ៊ុនប្តូរទីតាំងផលិតកម្មមកកាន់តំបន់អាស៊ីអាគ្នេយ៍វិញ ដើម្បីជៀសវាងពន្ធ ។
ប្រទេសវៀតណាមដែលជាប្រទេសនាំចេញសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកដ៏ធំបានទាញអត្ថប្រយោជន៍ពីការងាកចេញពីប្រទេសចិននេះផងដែរ ៕
ចែករំលែកព័តមាននេះ