ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជួល​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ហក់​ឡើង​ខ្ពស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​នឹង​កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​បាន​កើនឡើង បាន​ធ្វើ​ឲ្យ​តម្លៃ​ជួល​អចលនទ្រព្យ ពិសេស​លំនៅ​ឋាន និង​ការិយាល័យ កើនឡើង​យ៉ាង​គំហុក​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត ។ អ្នក​វិនិយោគ​គម្រោង​បុរី​លំនៅ​ឋាន​នៅ​ក្រុង​នេះ លោក…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​នឹង​កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​បាន​កើនឡើង បាន​ធ្វើ​ឲ្យ​តម្លៃ​ជួល​អចលនទ្រព្យ ពិសេស​លំនៅ​ឋាន និង​ការិយាល័យ កើនឡើង​យ៉ាង​គំហុក​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នក​វិនិយោគ​គម្រោង​បុរី​លំនៅ​ឋាន​នៅ​ក្រុង​នេះ លោក សុខ ហ៊ា​ង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣១ តុលា កន្លង​មក​ថា នៅ​ឆ្នាំ​នេះ តម្លៃ​ជួល​លំនៅ​ឋាន និង​អគារ​ការិយាល័យ​បាន​កើនឡើង​ខ្ពស់​ខុស​ពី​ឆ្នាំ​មុន​ៗ ដោយ​ផ្ទះល្វែង​កាលពីមុន​អាច​ជួល​បាន​១៥០​ដុល្លារ ប៉ុន្ដែ​បច្ចុប្បន្ន​តម្លៃ​ជួល​បាន​កើនឡើង​ដល់​ចន្លោះ​ពី​៧០០​ទៅ​៨០០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​តំបន់​សក្ដានុពល ។

លោក​បន្ត​ថា ចំណែក​អគារ​ការិយាល័យ​សម្រាប់​ជួល ក៏​កំពុង​ខ្វះខាត​យ៉ាងច្រើន​ផង​ដែរ ដោយសារ​កំណើន​នៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ចិន ជប៉ុន កូរ៉េ និង​ម៉ា​ឡេ​ស៊ី ជាដើម ។

លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន អគារ​ការិយាល័យ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​វឌ្ឍនៈ មាន​កម្ពស់​១២​ជាន់ បាន​និង​កំពុង​សាងសង់ ប៉ុន្តែ​ទោះជា​បញ្ចប់​ការ​សាងសង់​ក្តី ក៏​ការ​ផ្គត់ផ្គង់​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ដែរ ហើយ​បន្ទប់​សណ្ឋាគារ និង​ផ្ទះ​សម្រាប់​ជួល ក៏​កំពុង​ខ្វះខាត​ជា​ប្រចាំ​ផង​ដែរ »​។

លើស​ពី​នេះ ក្រុង​ដែល​មានការ​រីក​ចម្រើន​យ៉ាង​លឿន​នេះ ក៏​បាន​និង​កំពុង​ខ្វះខាត​ធនធានមនុស្ស​យ៉ាង​ខ្លាំង និង​ខ្វះ​គ្រប់​ផ្នែក រាប់​ទាំង​បុគ្គលិក​ធម្មតា ទាំង​គណនេយ្យ អ្នកគ្រប់គ្រង និង​កម្មករ​ធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់​ជាដើម ។

លោក សុខ ហ៊ា​ង បាន​បន្ត​ថា ដោយសារ​មានការ​រីក​ចម្រើន និង​កំណើន​នៃ​ការ​វិនិយោគ បច្ចុប្បន្ន​ក្រុង​ប៉ោយ​ប៉ែ​ត កំពុង​មាន​អគារ​ខ្ពស់​ថ្មី​ៗ​ជា​ច្រើន ដោយ​អគារ​ចាប់ពី​កម្ពស់​៥​ដល់​ជាង​២០​ជាន់​មាន​ប្រមាណ​៦០​អគារ​ហើយ ក្នុង​នោះ​អគារ​កម្ពស់​១០​ជាន់​មាន​៦​អគារ និង​អគារ​កម្ពស់​២០​ជាន់​មាន​ចំនួន​៦ ព្រមទាំង​មាន​បុរី​លំនៅ​ឋាន​កំពុង​សាងសង់​ចំនួន​១០​គម្រោង ។

លោក សាន ស៊ា​ង​ហូ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​មាន​ប្រសាសន៍​ថា ក្រុង​ប៉ោយ​ប៉ែ​ត​ពិតជា​មានការ​រីក​ចម្រើន​លឿន ដោយសារ​កំណើន​នៃ​ការ​វិនិយោគ​ចិន ដែល​ធ្វើ​ឲ្យ​មាន​ការ​ខ្វះខាត​អគារ​សម្រាប់​ជួល និង​ស្នាក់​នៅ​ជា​ប្រចាំ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៩​ខាង​មុខ​ទៅ ក្រុង​ប៉ោយ​ប៉ែ​ត​នឹង​មាន​អគារ​កម្ពស់​ចាប់ពី​២០​ទៅ​៣០​ជាន់​ហើយ ។

លោក​បន្ត​ថា ៖« ជាមួយនឹង​កំណើន​នៃ​ការ​វិនិយោគ បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ភាព​រីក​ចម្រើន និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ »​។

ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ។ ក្រៅពី​មាន​ច្រក​ទ្វារ​អន្តរជាតិ​ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នោះ ក្រុង​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ​មួយ​នេះ ក៏​នៅ​មាន​សក្ដានុពល​ជា​ច្រើន​ទៀត​ដូច​ជា តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ប្រមូលផ្ដុំ​ដោយ​រោងចក្រ និង​គម្រោង​សាងសង់​ព្រ​លាន​យន្ដហោះ​ឡើង​វិញ​ជាដើម ដែល​រឹងរឹតតែ​ធ្វើ​ឲ្យ​ក្រុង​មួយ​នេះ​កាន់តែ​ទាក់ទាញ​ការ​វិនិយោគ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ