ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ពងមាន់ ទា ក្រួច និង​កូន​ទា​ពី​វៀតណាម

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ច្រករបៀង​ក្រសាំង​ជ្រំ រង​ការ​ចោទប្រកាន់​ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ស៊ុតមាន់ ស៊ុតទា ស៊ុត​ក្រួច និង​កូន​ទា​ចូល​ពី​ប្រទេស​វៀតណាម មក​រដ្ឋបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​ចែកចាយ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ច្រករបៀង​ក្រសាំង​ជ្រំ រង​ការ​ចោទប្រកាន់​ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ស៊ុតមាន់ ស៊ុតទា ស៊ុត​ក្រួច និង​កូន​ទា​ចូល​ពី​ប្រទេស​វៀតណាម មក​រដ្ឋបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​ចែកចាយ និង​លក់​បន្ត​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​បសុពេទ្យ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ២០១៨ នៅ​ច្រករបៀង​ក្រសាំង​ជ្រំ ស្ថិត​នៅ​ភូមិ​ក្រសាំង​ជ្រំ​ស្រុក​ស្វាយ​ជ្រំ​។ បើ​តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា​ឈ្មួញ​បាន​នាំ​ពងមាន់​ពង​ទា​ពង​ក្រួច និង​កូន​ទា​មក​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​ក្រសាំង​ជ្រំ​នេះ​ក្នុង​១​ថ្ងៃ​ៗ​រាប់​សិប​ម៉ូតូ​មិន​ដែល​ឃើញ​មន្ត្រី​ពេទ្យសត្វ​មក​ត្រួតពិនិត្យ​ទេ​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី សុវត្ថិភាព​ម្ហូបអាហារ​ជា​ពិសេស​ការ​បរិភោគ​ពងមាន់​ពង​ទា និង​ពង​ក្រួច​ដែល​ខ្វះ​ការ​ត្រួតពិនិត្យ ពី​មន្ត្រី​ជំនាញ​នេះ​។ ដោយ​សព្វថ្ងៃ​ពងមាន់​ពង​ទា​ពង​ក្រួច​នេះ អ្នកលក់​បាយ​ក្នុង​សាលា​ឲ្យ​កូនសិស្ស​គឺ បាយ​ពង​ទា​ចៀន​ពង​ទា​ខ​នេះ​គឺ​ពេញ​និយម​ណាស់ ហើយ​អ្នកលក់​ពង​ក្រួច​ក្នុង​សាលា​ក្មេង​ៗ ក៏​ចូល​ចិត្ត​ទិញ​ញ៉ាំ​ដែរ​ទើប​មានការ​ព្រួយបារម្ភ​បើ​គ្មាន​ការ​ត្រួតពិនិត្យ​បែប​នេះ​។ បើ​តាម​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​មាន​ប្រសាសន៍​ថា នៅ​ច្រករបៀង​នានា​ក្នុងស្រុក​ស្វាយ​ជ្រំ រួម​មាន​ច្រករបៀង​ក្រសាំង​ជ្រំ ច្រករបៀង​តា​នូ ច្រករបៀង​ស្រែ​បារាំង ច្រករបៀង​ជាយ​ឫស្សី គឺ​មាន​ឈ្មួញ​នាំ​ស៊ុត​សត្វ ពងមាន់​ទា ពង​ក្រួច និង​កូន​ទា​ពី​ប្រទេស​វៀតណាម​មក​រដ្ឋបាល​ស្រុក​ស្វាយ​ជ្រំ​ពិតប្រាកដ​មែន ហើយ​ស្រុក​ស្វាយ​ជ្រំ​នេះ គ្រប់​ច្រករបៀង​គ្មាន​មន្ត្រី​ពេទ្យសត្វ​ឈ​ជឿ​ង​ត្រួតពិនិត្យ​ទេ​។

លោក ប៉ែន ច​ន្ធី បន្ត​ទៀត​ថា លោក និង​មន្ត្រី​បសុព្យាបាល​បាន​ចុះ​ទៅ​ពិនិត្យ​តាម​ច្រករបៀង​នានា​ក្នុងស្រុក​ស្វាយ​ជ្រំ ដោយ​សុំ​ការ​សហការ​ពី​សមត្ថកិច្ច​នគ​បាល​វរៈ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រករបៀង​ទាំងនោះ​ហើយ​សុំ​ឲ្យ​បញ្ឈប់​ឈ្មួញ​កុំ​ឲ្យ​នាំ​ស៊ុតមាន់ ស៊ុតទា ស៊ុត​ក្រួច កូន​ទា និង​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​ស៊ុត​សត្វ មិន​អនុញាត​ឲ្យ​នាំ​ចូល​ជា​ដាច់ខាត នេះ​ជា​បទបញ្ជា​ត្រូវ​អនុវត្ត​តាម​ប្រកាស​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ហើយ​បាន​ជូន​សេចក្តី​ប្រកាស និង​សារា​ចរណ៍​ដល់ លោក​មេ​ប៉ុ​ស្ត៍​ច្រករបៀង​ទាំងអស់​ដើម្បី​អនុវត្ត ក៏​ប៉ុន្តែ​មិន​បាន​អនុវត្ត​តាម​ហើយ​ព្រមទាំង​ផ្គើន​នឹង ប្រកាស​របស់​សម្តេច​ក្រឡាហោម​ទៀត​។ ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មន្ត្រី​នគ​បាល​ច្រករបៀង​ក្រសាំង​ជ្រំ​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​អាច​ចាប់ ឬ​បញ្ឈប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំ​ពងមាន់​ពង​ទា​ពង​ក្រួច ឬ​កូន​ទា​ពី​ប្រទេស​វៀតណាម​បាន​ទេ ដោយ​ប្រជាពលរដ្ឋ​ត្រូវការ​រកស៊ី និង​ផ្គត់ផ្គង់​ជីវភាព​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ប្រកប​មុខរបរ​ប្រចាំ​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ