ក្រុមហ៊ុន Apple កំពុងតែបើកការស៊ើប អង្កេតរោងចក្រមួយនៅប៉ែកខាងនិរតីនៃប្រទេសចិន បន្ទាប់ពីក្រុមសិទ្ធិពលករមួយក្រុមបាននិយាយថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple បានប្រើសិស្សជាពលករចាប់បង្ខំឲ្យធ្វើការដូចមនុស្សយន្ត ដើម្បីដំឡើង Apple Watch ។
យោងតាមការស៊ើបអង្កេតរបស់អង្គការក្រៅរដ្ឋាភិបាល Students and Scholars Against Corporate Misbehavior (SACOM) បានឲ្យដឹងថា មនុស្សជាច្រើនត្រូវបង្ខំចិត្តធ្វើការដើម្បីទទួលបានសញ្ញាបត្របណ្តុះបណ្តាលជំនាញ និងត្រូវធ្វើការពេលយប់ជាដើម ។
SACOM បានសម្ភាសន៍សិស្សចំនួន២៨នាក់នៅរោងចក្រមួយនៅChongqing ដោយពួកគេបាននិយាយថា ពួកគេមិនបានស្ម័គ្រចិត្តចូលធ្វើការនៅទីនោះទេ ។
SACOM បានឲ្យដឹងទៀតថា ពួកគេធ្វើការក្រោមឈ្មោះជាអ្នកហាត់ការ ដែលកើតមានឡើងទូទាំងប្រទេសចិន ខណៈដែលក្រុមហ៊ុនផលិតសហការជាមួយនឹងសាលាបណ្តុះបណ្តាលជំនាញ ដើម្បីបំពេញកង្វះពលករពេលដែលពួកគេបង្កើនផលិតកម្ម ឬជិតដល់បុណ្យណូអែល ។
សិស្សម្នាក់ដែលសិក្សាជំនាញ e-commerce បាននិយាយថា ៖«សញ្ញាបត្របញ្ចប់ការសិក្សារបស់ពួកយើង នឹងត្រូវបានដកទុកដោយសាលារៀន ប្រសិនបើពួកយើងមិនព្រមទៅធ្វើការ »។
ការហាត់ការក្នុងវិស័យផលិតកម្មត្រូវបានអនុញ្ញាតដោយច្បាប់ការងារប្រទេសចិនក្នុងករណីមួយចំនួន ប៉ុន្តែ SACOM បានប្រទះឃើញថា ការងារទាំងនោះមិនពាក់ព័ន្ធនឹងការសិក្សាទេ និងបានល្មើសនឹងច្បាប់ការងារមួយចំនួនរបស់ប្រទេសទៀតផង ។
រោងចក្រនៅ Chongqing ខាងលើជារបស់ក្រុមហ៊ុន Quanta Computer ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ ។
អ្នកនាំពាក្យ Wei Gu របស់ Apple បានឲ្យដឹងថា ៖« ពួកយើងកំពុងតែប្រញាប់ស៊ើបអង្កេតលើរបាយការណ៍ដែលឲ្យដឹងថា សិស្សដែលចូលថ្មីកាលពីខែកញ្ញាកំពុងតែធ្វើការលើសម៉ោង និងពេលយប់ »៕
ចែករំលែកព័តមាននេះ