ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ម្ចាស់​ខ្សែក្រវាត់​5​ស្ថាប័ន ធ្លាក់ខ្លួន​​លក់​បបរ​ បន្ត​មក​រត់​កង់​បី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​កេរ្ដិ៍ឈ្មោះ​និង​ភាព​ល្បីល្បាញ​វិញ​នោះ លោក ផុ​ន ផា​ន់ ណាអតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អង្គរក្ស​ខេត្តកោះកុង ប្រហែលជា​មិន​ចាញ់​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​ចំនួន​ទៀត​ដូច​ជា កែវ រំ​ចង់…

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​កេរ្ដិ៍ឈ្មោះ​និង​ភាព​ល្បីល្បាញ​វិញ​នោះ លោក ផុ​ន ផា​ន់ ណាអតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អង្គរក្ស​ខេត្តកោះកុង ប្រហែលជា​មិន​ចាញ់​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយ​ចំនួន​ទៀត​ដូច​ជា កែវ រំ​ចង់ វង្ស ណ​យ ផា​ន់ គ្រាន់ យ៉េន ឌី​ណា និង​រឿង សោ ភ័​ណ្ឌ នោះ​ទេ ។ ប៉ុន្តែ​មួយ​រយៈ​មកនេះ​គេ​មិនសូវ​ឃើញ​កីឡាករ​រូប​នេះ​ឡើង​​សង្វៀន​ប្រកួត​ញឹកញាប់​ដូច​មុន​ទៀត​នោះ​ទេ បែរជា​ឃើញ​គេ​រកស៊ី​លក់​បបរ​តាម​រទេះ និង​រត់​កង់​៣​ឥណ្ឌា​ទៅ​វិញ​។

ដោយសារ​ចង់ឱ្យ​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ច្បាស់​អំពី​ការ​ចាកចេញ​ជា​បណ្ដោះអាសន្ន
ពី​សង្វៀន​ប្រដាល់​របស់​កីឡាករ ផុ​ន ផា​ន់​ណា​ទៅ​រកស៊ី​លក់​បបរ​តាម​រទេះ ហើយ​ពេល​នេះ មក​រត់​កង់​៣​ឥណ្ឌា​វិញ​នោះ កោះសន្តិភាព​បាន​ស្កាត់​ទៅ​ជួប​លោក​ដល់​ផ្ទះ​ជួល​តែ​ម្ដង កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។

ក្នុង​ទឹកមុខ​ញញឹម​ស្ងួត កីឡាករ​ផុ​ន ផា​ន់​ណា បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លួន​ថា លោក​បាន​​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​តាំងពី​ឆ្នាំ​២០០០​ម្លេ​៉ះ ដោយ​ចូល​ហ្វឹកហាត់​ដំបូង​នៅ​ក្នុង​ក្លិប​កង​អង្គរក្ស​ខេត្តកោះកុង ។ នៅ​ខែតុលា ឆ្នាំ​២០០៩ លោក​បាន​ផ្លាស់​មក​នៅ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ មុន​ពេល​ផ្លាស់​មក​នៅ​ក្លិបអប្សរា​គុន​ខ្មែរ ដែល​មាន​លោក អេ ភូ​ថង ជា​គ្រូបង្វឹក ។

ផុ​ន ផា​ន់​ណា បានឱ្យ​ដឹង​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ​គេ​ធ្លាប់​ដណ្ដើម​បាន​ខ្សែក្រវាត់​ចំនួន​៥​ស្ថាប័ន​រួច​មក​ហើយ​ក្នុង​នោះ​ខ្សែក្រវាត់​៤​ដណ្ដើម​បាន​នៅ​ប្រទេស​ថៃ​និង​១​ទៀត​ដណ្ដើម​បាន​នៅ​ប៉ុស្តិ៍​លេខ​៣ ។ លោក​ថា​លោក​ពុំ​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់​នោះ​ទេ ដោយ​ឪពុក​លោក​គ្រាន់តែ​ជា​កសិករ​ម្នាក់​ប៉ុណ្ណោះ ។ ម្យ៉ាង​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​៤​នាក់​មាន​តែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​កីឡា​ប្រដាល់។

លោក​បន្ត​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​លោក​បាន​ទៅ​ជ្រកកោន​នៅ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រហែល​មួយ​ឆ្នាំ​ដែរ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​បន្តិចបន្តួច​ជាមួយ​ម្ចាស់​ក្លិប លោក​ក៏​បង្ខំចិត្ត​ចាកចេញ ណាមួយ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន គេ​មិនសូវ​ត្រូវការ​រូប​លោក​ផង​នោះ លោក​ក៏​សម្រេចចិត្ត​ដកខ្លួន​ចេញ​មួយ​រយៈ មក​រកស៊ី​លក់​បបរ​តាម​រទេះ​វិញ​ម្ដង ប៉ុន្តែ​ដោយសារ​តែ​ការ​លក់​បបរ​មិនសូវ​កាក់កប លោក​ក៏​មក​ជួល​កង់​៣​ឥណ្ឌា​រត់​ជំនួស​វិញ​។

ផុ​ន ផា​ន់​ណា បញ្ជាក់​ថា របរ​រត់​កង់​បី​ឥណ្ឌានេះ​ពី​ដំបូង​លោក​ខ្មាស​គេ​ដែរ តែ​ដល់​ពេល​រត់យូរ​ៗ​ទៅ​ក៏​ស៊ាំ ហើយដោយ​មានការ​លើកទឹកចិត្ត​ពី​ភ្ញៀវ​ដែល​ស្គាល់​លោក​ផង​នោះ ទើប​លោក​គិត​ថា មុខរបរ​អី​ក៏​មិនអាក្រក់​ដែរ​សំខាន់​ឱ្យ​តែ​មុខរបរ​នោះ​សុចរិត មិន​ខុស​ច្បាប់ និងអាច​រក​លុយ​ចិញ្ចឹម​ប្រពន្ធ​១​កូនស្រី​តូច​២​នាក់​ឱ្យរស់នៅ​សមរម្យ​ទៅ​បាន​ហើយ។

ម្យ៉ាង​ការ​រកស៊ី​ខ្លួនឯង មាន​សេរីភាព​ជាង ចង់​រត់ក៏​រត់​ទៅ ចង់​សម្រាក​ក៏​សម្រាក​ទៅ​អត់​ខ្វល់​ជាមួយ​អ្នក​ណា​នោះ​ទេ​។ លោក​ថា របរ​រត់​កង់​បី​នេះ​ក្នុង​១​ថ្ងៃ​អា​ចរក​កម្រៃ​បាន​ចាប់​ពី​១៥​ដុល្លារ​ដល់​២០​ដុល្លារ​ដែរ ប៉ុន្តែ​លោក​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​ជួល​បន្ទប់​១​ខែ​៦០​ដុល្លារ​ដោយ​មិន​ទាន់​គិតថ្លៃ​ទឹក​ភ្លើង​នោះ​ទេ ហើយ​ថ្លៃ​ជួល​កង់​៣​ក្នុង​១​ខែ​១៦០​ដុល្លារ​ទៀត​។ ដូច្នេះ​ចំណូល​ប៉ុន​ហ្នឹង​បាន​ត្រឹម​ជួយ​ឱ្យ​គ្រួសារ​លោក​អាចរ​ស់បាន​គ្រាន់តែ​មិន​សល់​សម្រាប់​ធ្វើ​មានបាន​ដូច​គេ​ប៉ុណ្ណោះ​។

ជា​ចុង​ក្រោយ អ្នក​ប្រដាល់​ដែល​មាន​ដើមកំណើត​មក​ពី​ខេត្តកោះកុង​វ័យ​៣០​ឆ្នាំ​រូប​នេះ បានឱ្យ​ដឹង​ថា លោក​ពិតជា​ស្រឡាញ់​អាជីពជា​អ្នក​ប្រដាល់​នេះ​ខ្លាំង​ណាស់ ទោះបី​កន្លង​មក​មានរឿង​អ្វី​កើតឡើង​ក៏​លោក​ស៊ូទ្រាំ​ដែរ ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​មន្ត្រី​សហព័ន្ធ​មួយ​ចំនួន​ប្រកាន់​បក្សពួក​ខ្លាំង​ពេក​ធ្វើ​ឱ្យ​លោក​ឆ្អែតចិត្ត​មិន​អាច​ទ្រាំ​តទៅ​ទៀត​បាន​ទើប​ចាក​ចេញពី​ពិភព​ប្រដាល់​បណ្ដោះអាសន្ន​មក​រក​ស៊ី​ខ្លួនឯង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ