តើអ្នកធ្លាប់ឆ្ងល់ថា ហេតុអ្វីបានជារថយន្តសេរ៊ីចាស់ៗខ្លះ នៅតែមានសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ បើទោះបីជាចេញលក់អស់រយៈពេល១០ទៅ១៥ឆ្នាំហើយ ? ម៉ូដែលខ្លះមានចេញសេរ៊ីមកថ្មីៗដែរ តែនៅមិនទាន់មានការដូរម៉ូដទាំងស្រុងឲ្យខុសពីមុន។ នេះគឺពិតជាមានច្រើនណាស់នៅក្នុងវិស័យខាងផលិតរថយន្ត។ រោងចក្របានលក់រថយន្តថ្មីឲ្យយើង តែតាមពិតវាគឺនៅមានជាប់ឈាមជ័ររថយន្តសេរ៊ីចាស់នៅឡើយទេ ។
យើងអាចយករថយន្ត Nissan Frontier ជាឧទាហរណ៍ស្រាប់។ នាពេលបច្ចុប្បន្ន ម៉ូដែលនេះមានអាយុកាល១៥ឆ្នាំហើយ តែរូបរាងរបស់វាតាំងពីដើមរហូតមកដល់ពេលនេះ គឺស្រដៀងៗគ្នាទៅនឹងសេរ៊ីឆ្នាំមុនៗ។ រថយន្តរបស់ក្រុមហ៊ុន Dodge ម៉ាក Grand Caravan និង Journey ក៏ដូច្នោះដែរ។ បើទោះបីជារថយន្តនេះ ត្រូវបានរថយន្ត Chrysler Pacifica ដណ្តើមទីផ្សារក៏ដោយ តែក្រុមហ៊ុននៅបន្តផលិតវាដោយប្រើម៉ូដដដែល។ តើអ្នកទាំងអស់គ្នាមានឆ្ងល់ទេ ?
សារព័ត៌មាន Automotive News បានសាកសួរទៅកាន់ក្រុមហ៊ុន Lincoln ដើម្បីដោះស្រាយចម្ងល់មួយនេះ។ ហេតុអ្វីបានជាទៅសួរក្រុមហ៊ុន Lincoln? មូលហេតុគឺដោយសារតែក្រុមហ៊ុនល្បីខាងមិនសូវដូរម៉ូដរថយន្តតាមឆ្នាំ។ ពួកគេកែទម្រង់តិចតួចបំផុតលើរថយន្តចេញតាមឆ្នាំនីមួយៗ។ រថយន្ត Lincoln MKT បានដាក់លក់តាំងពីឆ្នាំ២០១០ ហើយនៅតែបន្តផលិតបើទោះបីជាចេញម៉ូដ Aviator សម្រាប់ជំនួសនៅឆ្នាំ២០២០ ក៏ដោយ។ ថ្វីបើរថយន្ត MKT ហួសសម័យហើយក៏ដោយ តែគេនៅតែផលិតវា ព្រោះវាអាចរកប្រាក់ចំណេញដល់ក្រុមហ៊ុន។
លោក Robert Parker នាយកផ្នែកទីផ្សារផ្នែកលក់និងសេវាកម្មរបស់ក្រុមហ៊ុន Lincoln បាននិយាយថា រថយន្ត MKT នៅតែផលិត ព្រោះតែវាធ្វើអតិថិជនអាចបែងចែករថយន្តសេរ៊ីថ្មី និង រថយន្តសេរ៊ីចាស់ៗ បានដោយស្រួល។ វាអាចឲ្យក្រុមហ៊ុនមិនចាំបាច់ត្រូវលក់រថយន្តសេរ៊ីថ្មី Aviator និង Nautilus ឲ្យមនុស្សទូទៅ។ មានតែអ្នកមានលទ្ធភាពប៉ុណ្ណោះ ទើបអាចទៅជះលុយលើរថយន្តសេរ៊ីថ្មីបាន។
រថយន្តប្រភេទនេះ ក៏ផ្តល់ជាប្រាក់ចំណេញដល់ក្រុមហ៊ុនផងដែរ ព្រោះតែវាអាចឲ្យក្រុមហ៊ុនទម្លាក់តម្លៃ ហើយលក់បានច្រើនជាងមុន។ ដោយមិនចាំបាច់ជះលុយក្នុងការរចនាម៉ូដថ្មី ក្រុមហ៊ុនអាចបន្តប្រើម៉ូដចាស់ ហើយលក់សម្រាប់អតិថិជនចង់បានរថយន្តធូរថ្លៃ។ ទាំងនេះគឺជាមូលហេតុដែលរថយន្តមួយចំនួនមិនសូវកែម៉ូដ ហើយនៅបន្តលក់ម៉ូដសេរ៊ីចាស់៕
ចែករំលែកព័តមាននេះ