ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Mobileye ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយ Intel បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមបើកដំណើរការសេវាតាក់ស៊ីបើកបរ ដោយស្វ័យប្រវត្តិនៅប្រទេសអ៊ីស្រាអែលក្នុងឆ្នាំ២០១៩ខាងមុខ ។ នេះគឺជាការឈានជើងដ៏វែងរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដែលបានសហការជាមួយនឹងក្រុមហ៊ុនផ្សេងទៀតដូចជា Waymor របស់Alphabet និង Cruise របស់ GM ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Volkswagen នឹងផលិតរថយន្តប្រើអគ្គិសនី ខណៈដែលខាងក្រុមហ៊ុន Mobileye នឹងផលិតកម្មវិធីដាក់ឲ្យដោយស្វ័យប្រវត្តិ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននាំចូលនិងចែកចាយធំជាងគេទីពីរនៅអ៊ីស្រាអែល Champion Motors នឹងទទួលរ៉ាប់រងលើការគ្រប់គ្រងទូទៅនៃការលក់ ។ ក្រុមហ៊ុននេះនិយាយថា ៖« គម្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៩ ដែលអាចមានរថយន្តខ្លះៗរបស់ខ្លួនលើផ្លូវនៅឆ្នាំ២០២២ »។
អ្នកនាំពាក្យក្រុមហ៊ុន Intel បានសរសេរនៅក្នុងអ៊ីម៉ែលមួយថា ៖« នេះមិនមែនជាគម្រោងសាកល្បងទេ ។ ការបណ្តាក់ទុនរួមគ្នានេះ គឺជាគោលដៅដំបូងដែលផ្តោតលើសមត្ថភាពបើកបរដោយគ្មានតៃកុងកម្រិតទី៤ »។
សមត្ថភាពបើកបរដោយគ្មានតៃកុងកម្រិតទី៤ មានន័យថា គេមិនចាំបាច់ឲ្យមានតៃកុងនៅក្នុងរថយន្តចាំបញ្ជាទេ តែគេត្រូវការលក្ខខណ្ឌមួយចំនួន ។ ចំណែកបច្ចេកវិទ្យាកម្រិតទី៥វិញ គឺមិនមានតៃកុងក្នុងរថយន្តដូចគ្នា តែអាចធ្វើអ្វីបានដោយសេរី ។
ខាងរដ្ឋាភិបាលអ៊ីស្រាអែលមានការត្រៀមខ្លួនរួចរាល់ក្នុងការគិតគូរអភិវឌ្ឍន៍ផ្លូវថ្នល់ ដើម្បីឲ្យស្រួលក្នុងដំណើរការសេវាតាក់ស៊ីគ្មានតៃកុងបើកបរ ។
កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ដែលមាន VWនិងMobileye របស់ Intel គឺមិនមែនផ្តាច់មុខនោះទេ មានន័យថា ក្រុមហ៊ុនជាភាគីអាចផ្តោតលើគម្រោងផ្សេងទៀតបានរៀងៗខ្លួនដែលធ្វើឲ្យអ៊ីស្រាអែលនៅជាប់បណ្តាក់ទុកជាមួយនឹងVW ៕
ចែករំលែកព័តមាននេះ