ខេត្តពោធិ៍សាត់៖ មុខសញ្ញាប្រើប្រាស់និងជួញដូគ្រឿងញៀនម្នាក់រួមជាមួយវត្ថុតាង បានត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលខ្នារទទឹងសហការជាមួយនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកានឃាត់ខ្លួនដល់ផ្ទះ នៅភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យខាងលើដែលត្រូវឃាត់ខ្លួនឈ្មោះ ភុំ ហំ ភេទប្រុសអាយុ៣៦ឆ្នាំ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានម្សៅក្រាមសថ្លា ដែលសង្ស័យថាជាសារធាតុញៀនចំនួន៦កញ្ចប់តូច។
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀនជាយូរមកហើយ ដែលស្ថិតក្នុងការតាមដានស៊ើបអង្កេតរបស់សមត្ថកិច្ច ។ ក្នុងការតាមដានកន្លងមកនេះសមត្ថកិច្ចរកវត្ថុតាងដើម្បីដាក់បន្ទុកមិនទាន់បាន ទើបតែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចចូលឆែកឆេរក្នុងផ្ទះរកឃើញថ្នាំញៀនចំនួន៦កញ្ចប់តូច និងឧបករណ៍បំរើឲ្យការជក់មួយចំនួនទៀត ទើបធ្វើការឃាត់ខ្លួនតែម្ដង។
ជនសង្ស័យជាមុខសញ្ញាខាងលើ និងវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់នោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ