ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉​ន វី​វ៉ា និង​ឡោ សំណាង បាន​ត្រឹម​ជា​អ្នក​បើកតាក់​ស៊ី​ក្រោយ​បញ្ចប់​អាជីព​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បោះបង់​អាជីព​ប្រដាល់ គេ​កត់​សម្គាល់ថា មាន​តែ​កីឡាករ​២​រូប​ប៉ុណ្ណោះ​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​រត់​តាក់ស៊ី ដោយ​អាជីព​របស់​លោក​ទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ខ្លាំង ដែល​គេ​អាច​និយាយ​បាន​ថា អ្នក​ទាំង​ពីរ​កាក់កប​នឹង​អាជីព​នេះ ទើប​បំភ្លេច​​ទាំងស្រុង​នូវ​អាជីព​ដែល​ធ្លាប់​ឈឺ​សាច់​លើ​សង្វៀន ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បោះបង់​អាជីព​ប្រដាល់ គេ​កត់​សម្គាល់ថា មាន​តែ​កីឡាករ​២​រូប​ប៉ុណ្ណោះ​ដែល​បាន​ក្លាយ​ខ្លួន​ជា​អ្នក​រត់​តាក់ស៊ី ដោយ​អាជីព​របស់​លោក​ទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ខ្លាំង ដែល​គេ​អាច​និយាយ​បាន​ថា អ្នក​ទាំង​ពីរ​កាក់កប​នឹង​អាជីព​នេះ ទើប​បំភ្លេច​​ទាំងស្រុង​នូវ​អាជីព​ដែល​ធ្លាប់​ឈឺ​សាច់​លើ​សង្វៀន ។ អតីត​កីឡាករ​ទាំង​២​រូប​នោះ រួម​មាន កីឡាករ វ៉​ន វី​វ៉ា និង​កីឡាករ ឡោ សំណាង ដែល​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ស្ទើរ​មិន​មាន​អ្នក​ណា​ម្នាក់​មិន​ស្គាល់​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​របស់​ពួក​គេ​នោះ​ទេ​។

យ៉ាង​ណាមិញ គេ​នៅ​តែ​សង្វេគ​ចំពោះ​អ្នក​ទាំង​ពីរ ដែល​ក្រោយ​ប្រឡូក​ការ​ប្រដាល់​រហូត​ល្បីឈ្មោះ​ខ្ទរខ្ទារ​លំដាប់​ប្រទេស បែរជា​បាន​ត្រឹម​ជា​អ្នក​រត់​តាក់ស៊ី ខុសស្រឡះ​ពី​កីឡា​ករ​ល្បីឈ្មោះ​ក្រៅប្រទេស ដែល​គេ​បាន​ក្លាយជា​សេដ្ឋី​ទាំង​មិន​ទាន់​ឈប់​ប្រដាល់​។ អតីត​​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​ដ៏​ល្បីល្បាញ​របស់​កម្ពុជា វ៉​ន វី​វ៉ា បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​អាជីព​​ជា​អ្នកកីឡា ទៅ​ប្រកបរ​បរជា​អ្នក​រត់​តាក់ស៊ី ដឹក​អ្នកដំណើរ​វិញ ដើម្បី​ចិញ្ចឹមជីវិត ខណៈ​ប្រពន្ធ​របស់​លោក​គឺ​អតីត កីឡាការិនី ស៊ន ដា​វី​ន ក៏​បាន​បោះបង់​អាជីព​កីឡា​តេក្វាន់​ដូ​ចោល​ដូច​គ្នា ក្រោយ​ពេល​បាន​ក្លាយជា​ម្ដាយ​របស់​ក្មេង ។

អ្នក​ធ្លាប់​ជិះ​រថយន្ត​តាក់ស៊ី​របស់​លោក​ច្រើន​នាក់ បាន​បង្ហាញ​ពី​ទឹកចិត្ត​រំភើប ដែល​អតីត​កីឡាករ​ល្បីឈ្មោះ​មួយ​រូប បាន​ត្រឹមតែ​ជា​អ្នក​រត់​តាក់ស៊ី ដែល​អាជីព​មួយ​នេះ បើ​ទោះជា​មើល​ទៅ​កាលី​ប​មែន ប៉ុន្តែ​ក៏​ជា​រឿង​មិន​គួរ​ផង​ដែរ​សម្រាប់​កីឡាករ​ល្បីឈ្មោះ​លំដាប់​ប្រទេស​ម្នាក់ ដោយសារ​តែ​វ៉​ន វី​វ៉ា សុទ្ធតែ​ត្រូវ​គេ​ដឹង​ថា គឺជា​កីឡាករ​ល្បីឈ្មោះ​ម្នាក់ ។

កាលពី​ពេល​លោក​ចេញ​រត់​តាក់ស៊ី​ដំបូង​ៗ គេ​ឃើញ​ម្ចាស់​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​សរសេរ​ថា​«​ភ្ញៀវ​អ្នក​ជិះ​តាក់ស៊ី​ក្រហម ស្ទើរ​ស្រក់​ទឹកភ្នែក នៅ​ពេល​គាត់​ហុច​លុយ​ឲ្យ​ថ្លៃ​តាក់ស៊ី​ក្រហម ហើយ​អ្នក​បើក​តាក់ស៊ី​នោះ ដោះ​ម៉ាស់​ពីមុខ​ចេញ​មក ទើប​ដឹង​ថា ជា​កំពូល​កីឡា​ករ​ល្បី​នៅ​កម្ពុជា គឺ​លោក វ៉​ន វី​វ៉ា ដែល​គេ​ដឹង​ថា ក៏​ជា​បងថ្លៃ​កញ្ញា ស៊ន សៀវ​ម៉ី ផង​ដែរ ។ គួរ​ឲ្យ​អាណិត​កីឡាករ​កម្ពុជា​ដែល​មាន​វាសនា​ខុស​ពី​កីឡាករ​បរទេស​ដូច​ជា​ប៉ាក់​គី​អៅ​ដែល​ធ្វើ​សេដ្ឋី​ហើយ​គេ​ឲ្យ​កាន់​តំណែង​ក្នុង​ព្រឹទ្ធសភា​ទៀត​។ កីឡាករ​ស្រុក​ខ្មែរ​ក្រៅពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ​រត់​តាក់ស៊ី មាន​ពេល​ឯណា​បំប៉ន​ការ​ហ្វឹកហាត់​ឲ្យ​ឡើង​លំដាប់​អន្តរជាតិ​នោះ​កើត​»​។

លោក វ៉​ន វី​វ៉ា បាន​ប្រកាស​លាឈប់​ប្រដាល់​ទាំងស្រុង ក្រោយ​ពី​លោក​បាន​ក្លាយជា​អ្នក​រត់​តាក់ស៊ី​ក្រហម និង​ត្រូវ​គេ​អះអាង​ថា រក​ចំណូល​បាន​ច្រើន​គួរសម​។ អ្នក​ជួប​លោក​ដោយ​​ផ្ទាល់​នៅ​ពេល​លោក​ស្ថិត​ក្នុង​រថយន្ត​តាក់ស៊ី នៅ​តែ​មាន​អារម្មណ៍​សង្វេគ​ជា​ពិសេស​​នៅ​ពេល​ប្រៀបធៀប​លោក​ទៅ​នឹង​កីឡាករ​ក្រៅប្រទេស ដែល​ត្រូវ​គេ​ដឹង​ថា​មិន​មាន​កីឡាករ​ណា​ម្នាក់​ខ្វះខាត ។

យ៉ាងណាមិញ ស្ថានភាព​របស់​លោក​អាច​នឹង​ល្អ​ជាង​កីឡាករ​ល្បីឈ្មោះ​បាត់​មុខ​ផ្សេង​ទៀត ដោយសារ​តែ​កីឡាករ​ខ្លះ​ត្រូវ​គេ​ដឹង​ថា ធ្លាក់ខ្លួន​ដល់​កម្រិត​សូន្យ​ក៏​មាន ក្រោយ​ពេល​អតីត​កីឡាករ​ទាំងនោះ លែង​មាន​ទីផ្សារ​។ អតីត​កីឡាករ​វ៉​ន វី​វ៉ា ត្រូវ​គេ​ឃើញ​បិទ​ម៉ាស់​ជា​ប្រចាំ​នៅ​ពេល​លោក​បើករថយន្ត​តាក់ស៊ី ពោល​គឺ​លុះត្រាតែ​លោក​ទទួល​ប្រាក់​ឈ្នួល​ពី​ភ្ញៀវ​ទើប​លោក​ទម្លាប់​ដោះ​ម៉ាស់ ដែល​ហាក់ដូចជា​លោក​នៅ​ទទួល​អារម្មណ៍​មិន​​បាន ក្រោយ​ពេល​ធ្លាប់​តំណាង​ប្រទេស​ចេញ​ប្រកួត​ក្នុង និង​ក្រៅ​ស្រុក​ជា​ប្រចាំ តែ​ចុង​ក្រោយ​បែរជា​រស់​ក្នុង​ស្ថានភាព​ជា​អ្នក​រត់​តាក់ស៊ី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វ៉​ន វី​វ៉ា គឺជា​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់ ដែល​គ្រង​ខ្សែក្រវាត់​អន្តរជាតិ​ម្តង គឺ​ខ្សែក្រវាត់ ISKA កាលពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​វាយ​ឈ្នះ​កីឡាករ​អា​មេ​រិ​ក​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ។ ក្រៅពី​នេះ វ៉​នវី​វ៉ា ក៏​ធ្លាប់​គ្រង​ជើងឯក​ថ្នាក់​ជាតិ​៥​ឆ្នាំ​ជាប់​គ្នា ចាប់ពី​ឆ្នាំ​២០០៥ ដល់​២០១០ ដោយ​លោក​គឺជា​កីឡាករ​មួយ​រូប​ដែល​មាន​ភរិយា​ក៏​ជា​កីឡា​ការិនី​​ល្បីឈ្មោះ​ខាង​ផ្នែក​តេ​ក្វា​ន់​ដូ គឺ​អ្នក​នាង ស៊ន ដា​វី​ន រៀប​ការ​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៥។

មិន​ខុស​គ្នា​ដែរ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ប្រចាំ​ក្លិប​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ឡោ សំណាង ឯណោះ​វិញ ក៏​ស្ថិត​ក្នុង​សភាព​ជា​អ្នក​កាក់កប​នឹង​អាជីព​រត់​តាក់ស៊ី​ផង​ដែរ បន្ទាប់​ពី​លោក​លាឈប់​ការ​ប្រដាល់​ធ្វើ​ជា​អ្នក​រកស៊ី​ហើយ​មិនសូវ​កាក់​កប។ ឡោ សំណាង បាន​រៀបរាប់​ថា បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់​លោករ​ត់ទៅ​ធ្វើ​ជា​អ្នក​ដេញថ្លៃ​កិប​សំបុត្រ​កង់​-​ម៉ូតូ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​។ ប៉ុន្តែ​ដោយសារ​តែ​មុខរបរ​នេះ មិនសូវ​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​ការ​ដេញថ្លៃ​មាន​កម្រិត​ខ្ពស់​ពិបាក​ចំណេញ ហើយ​មុខរបរ​នា​ពេល​នោះ ក៏​ប្រឈម​នឹង​ការ​ខាតបង់ ទើប​លោក​ងាក​ទៅ​ទិញ​ផ្លែ​ឈើ​ពី​កំពង់ចាម​យក​មក​លក់​វិញ​។

យ៉ាងណាមិញ លោក​នៅ​តែ​ងាក​មក​ធ្វើ​ជា​អ្នក​រត់​តាក់ស៊ី​ដូច​គ្នា​នឹង​កីឡាករ វ៉​ន វី​វ៉ា នា​ពេល​​នេះ​ចៀស​មិន​ផុត បន្ទាប់​ពី​ចុះ​ទិញ​ផ្លែ​ឈើ​ក៏​ខាត ហើយ​ងាក​មក​រត់​តាក់ស៊ី គឺ​ដឹង​តែ​បាន​ផល​ទោះ​តិច ឬ​ច្រើន ។ លោក​យល់​ថា មុខរបរ​សព្វថ្ងៃ​ធ្វើ​ឱ្យ​លោក​សង្វេគ​មិន​ខុស​គ្នា​នោះ​ទេ នៅ​ពេល​ដែល​លោក​ស្រមៃ​ឃើញ​រូបភាព​ពេល​ឡើង​ប្រដាល់​តំណាង​ជាតិ​ទាំង​លើ​ឆាក​ក្នុងស្រុក និង​អន្តរជាតិ​នា​ពេល​កន្លង​មក ។ យ៉ាងណាមិញ លោក​ថា ស្ថាន​ភាព​ដែល​លោក​ខំប្រឹង​ឈរ​គឺ​ទោះជា​មើលទៅ​សង្វេគ​បន្តិច​មែន ប៉ុន្តែ​ក៏​ល្អ​ជាង​អតីត​អ្នក​ប្រដាល់​មួយ​ចំនួន​ផង​ដែរ ដែល​លទ្ធផល​ចុង​ក្រោយ​ក្រោយ​ឈប់​ប្រដាល់ គឺ​ស្ទើរតែរ​កបាយ​ហូប​មិន​បាន ជាក់ស្ដែង​ដូច​ជា​អតីត​អ្នក​ប្រដាល់​លោក ជៀស ស្រួច​ជាដើម​។

គួរ​បញ្ជាក់​ថា លោក ឡោ សំណាង គឺជា​អតីត​ម្ចាស់​ខ្សែក្រវាត់​២​ប្រភេទ​ទម្ងន់​របស់​ក្រុម​ហ៊ុនស្រា​សាច់ដុំ​ពិសេស​(៥១​គីឡូក្រាម​) និង​ក្រុមហ៊ុនស្រា​ផែនដី​(៥៧​គីឡូក្រាម​)​ឆ្នាំ​២០០៦​។ លោក​មានស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ជា​កូន​ទី​៣​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​៣​នាក់​ជា​កីឡាករ​ប្រដាល់​ប៉ុន្តែ​ពេល​​នេះ​បាន​លាឈប់​ទាំងអស់ ។ លោក​រៀប​ការ​ក្នុង​ឆ្នាំ​២០០៧ និង​មានកូន​ប្រុស​២​នាក់ ដោយ​លោក​គឺជា​អ្នករក​ចំណូល​យ៉ាង​សំខាន់​ពីមុខរ​បរជា​អ្នក​រត់​តាក់ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ