ទណ្ឌកម្ម​លោក​ត្រាំ​លើ​អ៊ី​រ៉​ង់​ត្រូវ​បាន​សាកល្បង​ដោយ​ចិន​និង​ឥណ្ឌា


ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក បាន​ប្រកាស​កាលពី​ខែឧសភា​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉​ង់​សា​ជា​ថ្មី ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចាប់ផ្តើម​ប្រាប់​ដល់​ប្រទេស​ជុំវិញ​ពិភពលោក​ឲ្យ​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ពី​អុ​ី​រ៉​ង់​ដល់​កម្រិត​សូន្យ ។

យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ប្រេង​របស់​អ៊ី​រ៉​ង់ និង​បង្ខំ​ឲ្យ​អ៊ី​រ៉​ង់​បោះបង់​ចោល​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ កម្មវិធី​កាំជ្រួច​ផ្លោង និង​ឥទ្ធិពល​លើ​ប្រទេស​ស៊ី​រី​ជាដើម ។

ខណៈ​ដែល​នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​មុន​នឹង​ការ​ដាក់​ទណ្ឌកម្ម​ចាប់​មាន​ប្រសិទ្ធ​ភាព​នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា អតិថិជន​ធំ​ៗ​ទាំង​បី​របស់​អ៊ី​រ៉​ង់​ដែល​រួម​មាន ប្រទេស​ឥណ្ឌា ចិន និង​តួ​ក​គី កំពុង​តែ​ប្រឆាំង​នឹង​សំណើ​របស់​អា​មេ​រិ​ក​ឲ្យ​ឈប់​ទិញ​ប្រេង ដោយ​អះអាង​ថា មិន​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ជំនួស​ប្រេង​ទាំងនេះ ។

សម្ពាធ​នេះ បូក​ផ្សំ​ជាមួយនឹង​កង្វល់​ពី​កំណើន​តម្លៃ​ប្រេង កំពុង​តែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ត្រាំ​ជួប​ការ​លំបាក និង​អាច​បង្ក​ឲ្យ​មាន​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​អនុ​ញ្ញាត​​ឲ្យ​មានការ​ទិញ​បន្ត ។

ភាព​តានតឹង​នេះ​បាន​បំបែក​រដ្ឋាភិបាល​លោក​ត្រាំ​ទៅ​ជា​ពីរ​ក្រុម ដែល​មាន​មួយ​ក្រុម​ត្រូវ​បាន​ដឹកនាំ​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton ដែល​ចង់បាន​គោល​ជំហរ​រឹង ខណៈ​ដែល​ក្រុម​មួយទៀត​ត្រូវ​បាន​ដឹកនាំ​ដោយ​មន្ត្រី​ការ​បរទេស​ដែល​ចង់​ស្វែងរក​លំនឹង​រវាង​ការ​ដាក់​ទណ្ឌកម្ម​និង​កំណើន​តម្លៃ​ប្រេង​ដែល​អាច​ប៉ះពាល់​ដល់​សហ​រដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត ។

ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ព្រោះតែ​កង្វល់​លើ​តម្លៃ​ប្រេង រដ្ឋាភិបាល​លោក​ត្រាំ​កំពុង​តែ​ពិចារណា​លើ​ការ​អនុញ្ញាត​ដល់​អតិថិជន​អ៊ី​រ៉​ង់​មួយ​ចំនួន​ឲ្យ​ទិញ​ប្រេង​ពី​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​បង្កើន​ប្រេង​ផ្គត់ផ្គង់​នៅ​ឆ្នាំ​ក្រោយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ