ទីក្រុងសេអ៊ូល ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Kim Dong-yeon បាននិយាយកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងជួបភាពមិនប្រាកដប្រជាកាន់តែច្រើននៅឆ្នាំក្រោយ តែរដ្ឋាភិបាលបានត្រៀមខ្លួនរួចក្នុងការចេញវិធានការទប់ស្កាត់ដើម្បីកាត់បន្ថយហានិភ័យ។
លោកបានឲ្យដឹងថា ៖« ព្រោះតែកត្តាជាច្រើនដូចជាស្ថានការណ៍នៅបរទេស សេដ្ឋកិចរបស់ពួកយើងអាចនឹងជួបប្រទះភាពមិនប្រាកដប្រជាកាន់តែច្រើនឡើង »។
រដ្ឋមន្ត្រីរូបនេះបានឲ្យដឹងថា រដ្ឋាភិបាលនឹងចេញវិធានការដើម្បីកាត់បន្ថយហានិភ័យដោយបង្កើនការចំណាយប្រចាំឆ្នាំ ។ លោកបានបន្តថា ៖« ខ្ញុំមិនគិតថាសេដ្ឋកិច្ចនឹងធ្លាក់ចុះទេ ប៉ុន្តែយើងត្រូវតែចេញវិធានការដើម្បីកាត់បន្ថយភាពមិនប្រាកដប្រជា »។
កាលពីសប្តាហ៍មុន លោក Kim ក៏បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងអាចនឹងលូតលាស់បានក្នុងកម្រិតទាបជាងការគិតទុកក្នុងឆ្នាំនេះ ព្រោះតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន រួមទាំងកំណើនតម្លៃប្រេងជាដើម ។
ក្រសួងហិរញ្ញវត្ថុក៏បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងលូតលាស់បាន២,៩%ក្នុងឆ្នាំនេះ ប៉ុន្តែទិន្នន័យសេដ្ឋកិច្ចកំពុងតែជំរុញដល់ការព្រួយបារម្ភថា សេដ្ឋកិច្ចអាចនឹងអន់ថយ ។
យោងតាមការព្យាករដំណាក់កាលដំបូងរបស់ធនាគារជាតិកូរ៉េបានឲ្យដឹងថា កាលពីត្រីមាសទី៣នាឆ្នាំនេះ សេដ្ឋកិច្ចកូរ៉េខាងត្បូងលូតលាស់បាន០,៦% ដែលស្មើនឹងការលូតលាស់នៅត្រីមាសទី២ តែទាបជាងត្រីមាសទី១ដែលលូតលាស់បាន ១%។ ក្នុងអំឡុងពេល៩ខែដំបូងនាឆ្នាំនេះ សេដ្ឋកិច្ចកូរ៉េលូតលាស់បាន២,៥%។
ការអន់ថយក្នុងវិស័យសាងសង់ និងការវិនិយោគជាកត្តាធំៗដែលជំរុញដល់ការអន់ថយ។ ចំនួនការងារថ្មីៗបានធ្លាក់ចុះមកស្មើនឹង១៧.០០០កន្លែងផងដែរ កាលពីត្រីមាសទី៣ ទាបជាងត្រីមាសទី២ដែលស្មើដល់ទៅ១០១.០០០កន្លែងឯណោះ ៕
ចែករំលែកព័តមាននេះ