កា​ណា​ដា​អាច​ជា​ប្រទេស​ទី​5​ដែល​ផ្ដល់​សច្ចាប័ន​កិច្ចព្រមព្រៀង​TPP


ទីក្រុង​អូ​តា​វ៉ា ៖ យោង​តាម​មន្ត្រី​រដ្ឋាភិបាល​កា​ណា​ដា​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ទូលំ​ទូលាយ និង​រីក​ច​ម្រី​ន​សម្រាប់​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) អាច​នឹង​ចាប់​មាន​ប្រសិទ្ធភាព បន្ទាប់​ពី​កា​ណា​ដា​ក្លាយជា​ប្រទេស​ទី​៥​ដែល​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ ។

មន្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី Justin Trudeau បាន​ផ្ញើ​សេចក្តីជូនដំណឹង​ផ្លូវការ​មួយ​សម្រាប់​ការ​ផ្តល់​សច្ចាប័ន​កាលពី​ថ្ងៃ​សៅរ៍​ទៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ដែល​ជា​ប្រទេស​ប្រមូល​ឯកសារ​សម្រាប់​ប្រទេស​ទាំង​១១​នៅ​ក្នុង CPTPP ។

ប្រទេស​កា​ណា​ដា​បាន​សម្រេច​ដំណើរការ​ផ្នែក​ច្បាប់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មក បន្ទាប់​ពី​តំណាងរាស្ត្រ បោះ​ឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន ។

ប្រទេស​ជប៉ុន ម៉ិ​ក​ស៊ិ​ក សិង្ហ​បុរី នូ​វែ​ល​សេ​ឡង់ និង​កា​ណា​ដា បាន​ផ្តល់​សច្ចាប័ន​ហើយ ខណៈ​ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា ប្រទេស​លោក​កំពុង​តែ​ធ្វើការ​លើ​ដំណើរការ​នេះ​ផង​ដែរ ។

កិច្ចព្រមព្រៀង CPTPP នឹង​ចាប់​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​៦០​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​​សច្ចាប័ន​ពី​ប្រទេស​ជា​សមាជិក​ចំនួន​៦​ប្រទេស ។ សមាជិក​កិច្ចព្រមព្រៀង​នេះ​កំពុង​តែ​ខិតខំ​សម្រេច​វា​ឲ្យ​បាន​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដែល​នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ចាប់​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​៣១​ខែធ្នូ ឆ្នាំ​នេះ​តទៅ ជាមួយនឹង​ការ​កាត់​បន្ថយពន្ធ​ជាដំបូង ។

កិច្ចព្រមព្រៀង​ខាងលើ ក៏​មានការ​ចូលរួម​ពី​ប្រទេស​ស៊ី​លី ម៉ា​ឡេ​ស៊ី ព្រុយ​ណេ ប៉េ​រូ និង​វៀតណាម​ជាដើម ។ ប្រទេស​នីមួយ​ៗ នឹង​ចូលរួម​បន្ទាប់​ពី​ពួក​គេ​បាន​ផ្តល់​សច្ចាប័ន ប៉ុន្តែ​អាច​ពន្យារពេល​ការ​កាត់​ពន្ធ បើ​ធៀប​នឹង​ប្រទេស​ដំបូង​ទាំង​៦ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ចព្រមព្រៀង CPTPP ធ្លាប់​បាន​ហៅ​ថា កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជ​កម្ម​អន្តរ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (TPP) និង​ធ្លាប់​មាន​សហរដ្ឋអាមេរិក​ជា​សមាជិក មុន​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ដកខ្លួន​ចេញ​នៅ​ឆ្នាំ​២០១៧ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ