ស្ពាន​ថ្មី​នឹង​ជួយ​ដល់​វិស័យ​ទេសចរណ៍​លើ​កោះ Lantau


ទីក្រុង​ហុងកុង ៖ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Ngong Ping 360 អ្នកស្រី Stella Kwan Mun-yee សង្ឃឹមថា ស្ពាន​៥៥​គីឡូម៉ែត្រ​ដែល​ឆ្លងកាត់​ហុងកុង ជូ​ហៃ​(Zhuhai) និង​ម៉ា​កាវ មិន​ត្រឹមតែ​នាំ​យក​អ្នកដំណើរ​កាន់តែ​ច្រើន​ទេ តែ​ក៏​ជួយ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ ។

អ្នកស្រី​ជឿជាក់​ថា កោះ​Lantau ដែល​ជា​កោះធំ​ជាងគេ​របស់​ហុងកុង អាច​ក្លាយជា​មណ្ឌល​ទេសចរណ៍​ថ្មី​មួយ ព្រោះតែ​ស្ពាន​ខាងលើ ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ៖« តាំងពី​ពួក​យើង​បាន​ចាប់ផ្តើម​អាជីវកម្ម​នៅ​កោះ​Lantau កាលពី​១២​ឆ្នាំ​មុន ការ​អភិវឌ្ឍ​នៅ​យឺតយ៉ាវ​នៅឡើយ ហើយ​ហុងកុង​មិន​បាន​បង្កើត​ទីតាំង​​ទេសចរណ៍​ធំ​ៗ​ឡើយ​ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​មកនេះ​។ ពួក​យើង​បាន​រង់ចាំ​ស្ពាន​នេះ​ជា​យូរ​មក​ហើយ និង​រំពឹង​ដល់​ថ្ងៃ​ដែល​សម្រេចការ​សាងសង់​ផ្លូវ​យន្តហោះ​ទី​បី និង Skycity (​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​) ផង​ដែរ »​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ស្ពាន​ដែល​ត​ភ្ជាប់​កោះ​នេះ​ទៅ​ហុងកុង និង​ម៉ា​កាវ ហើយ កោះ Lantau ក៏​មានការ​អភិវឌ្ឍ Skycity តម្លៃ​ប្រមាណ​២,៥​ប៊ី​លាន​ដុល្លារ​ផង​ដែរ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

ដំណាក់កាល​ទី​មួយ​នៃ​គម្រោង​ខាងលើ​ត្រូវ​បាន​គិត​ថា នឹង​សម្រេច​នៅ​ឆ្នាំ​២០២៣ ខណៈ​ដែល​ដំណាក់កាល​ដទៃ​ទៀត នឹង​ចាប់​ដំណើរការ​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​សម្រេចការ​សាងសង់​នៅ​ឆ្នាំ ២០២៧ ។

គណៈកម្មាធិការ​ទេសចរណ៍​ហុងកុង​បាន​ព្យាករណ៍​ថា ស្ពាន និង​ផ្លូវ​រថភ្លើង​ឆ្លង​ព្រំដែន​ថ្មី​នឹង​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ទីក្រុង​ប្រមាណ​៣,៦% មក​ស្មើនឹង​ប្រមាណ​៦០​លាន​នាក់​ឯណោះ ។

លោក Allan Zeman ស្ថាបនិក​របស់​ក្រុមហ៊ុន Lan Kwai Fong បាន​ឲ្យ​ដឹង​ថា ៖«​ភ្ញៀវ​បរទេស​ជា​ច្រើន​មក​ពី​អាស៊ី​ខាងត្បូង អាស៊ី​អាគ្នេយ៍ និង​កូរ៉េ បាន​មក​កាន់​ហុងកុង ឬ​ជប៉ុន​ប៉ុន្តែ​ពេល​នេះ​ពួក​យើង​មាន​អ្វី​ថ្មី​ដើម្បី​ឲ្យ​មនុស្ស​មក​កាន់​តំបន់ Greater Bay និង​មក​កាន់​ទីក្រុង​ទាំងនេះ​ហើយ »​។

លោក Chris Yoshii ប្រធាន​ផ្នែក​ដំណើរ​កម្សាន្ត​នៅ​ក្រុមហ៊ុន Aecom បាន​ព្យាករណ៍​ថា​ចំនួន​អ្នកដំណើរ​មក​កាន់​តំបន់ Greater Bay នឹង​កើនឡើង​រវាង​ពី​៥​ទៅ​១០%​ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​មាន​ទីផ្សារ​អា​មេ​រិ​ក​អាច​នឹង​កើន​រវាង​ពី​២​ទៅ​៣% ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៣ តុលា កន្លង​មក ប្រទេស​ចិន​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ស្ពាន​វែង​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​ត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង ជូ​ហៃ និង​ម៉ា​កាវ ដែល​មាន​ប្រវែង​៥៥​គីឡូម៉ែត្រ ក្រោម​អធិបតីភាព​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ។
ស្ពាន​នេះ​បាន​ចំណាយពេល​សាងសង់​រយៈពេល​៩​ឆ្នាំ និង​ប្រើប្រាស់​ថវិកា​ប្រមាណ​១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ការ​បើក​ដំណើរការ​ស្ពាន​នេះ នឹង​នាំ​មក​នូវ​ឱកាស​ជា​ច្រើន សម្រាប់​ការ​អភិវឌ្ឍ ព្រមទាំង​នាំ​យក​អត្ថប្រយោជន៍​ពិតប្រាកដ និង​ជាក់ស្ដែង​មក​ជូន​ដល់​តំបន់​ទាំង​បី​(​ហុងកុង​-​ជូ​ហៃ និង​ម៉ា​កាវ​) ។

លោក ចូ ហ្វ៉ា​ង ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ បាន​ឲ្យ​ដឹង​ថា ៖« ទីក្រុង​ទាំងឡាយ​ដែល​ស្ថិត​នៅ​ប៉ែក​ខាងកើត និង​ប៉ែក​ខាងលិច​ស្ពាន​នេះ នឹង​ជួយ​យឹតយោង​គ្នា​ទៅ​វិញ​ទៅ​មក »​។ លោក​ថា ៖« ស្ពាន​នេះ នឹង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ នៃ​តំបន់​ជ្រោយ​ទន្លេ​គុ​ជ ។ ប៉ែក​ទាំង​សងខាង សុទ្ធតែ​សម្បូរ​ប្រភព​ទេសចរណ៍​ដូច​គ្នា ។ ដូច្នេះ ស្ពាន​នេះ​នឹង​ជួយ​ឲ្យ​តំបន់​នេះ អាច​បង្កើត​បណ្តុំ​កន្លែង​ទេសចរណ៍​មួយ​បាន »៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ