ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម…កាំភ្លើងជ័រដ៏ទំនើប​នេះចេញ​ពីកម្ពុជា​ ​ទៅថៃនិងយួនផង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​គយ​ចល័តបាន ​សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​អាវុធហត្ថ​ខេត្ត បាន​ឆ្មក់​បង្ក្រាប​រថយន្ត​ដឹក​ទំនិញគេចពន្ធ​១​គ្រឿង លុះ​ពេល​ឆែកឆេរ ​ក៏​ប្រទះ​ឃើញ​កាំភ្លើងខ្លី​ចំនួន​៣៥​ដើម ជា​ប្រភេទ​​កាំភ្លើង​ជ័រ​ដ៏​ទំនើប ។…

ខេត្ត​ត្បូងឃ្មុំ ៖ មន្ត្រី​គយ​ចល័តបាន ​សហការ​ជាមួយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​អាវុធហត្ថ​ខេត្ត បាន​ឆ្មក់​បង្ក្រាប​រថយន្ត​ដឹក​ទំនិញគេចពន្ធ​១​គ្រឿង លុះ​ពេល​ឆែកឆេរ ​ក៏​ប្រទះ​ឃើញ​កាំភ្លើងខ្លី​ចំនួន​៣៥​ដើម ជា​ប្រភេទ​​កាំភ្លើង​ជ័រ​ដ៏​ទំនើប ។ ទោះជា​បែប​នេះ​ក្តី វា​មិនមែន​ជាកាំភ្លើង​សម្រាប់​ក្មេង​លេង​នោះ​ទេ តែ​វា​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​បាន​ ប្រ​សិន​ធ្លាក់​ទៅ​លើ​ដៃ​ជន​ទុច្ចរិត ។ ការ​ឆែកឆេរ​ប្រទះ​ឃើញ​កាំភ្លើង​នេះ​ នៅ​ត្រង់​ចំណុច​តំបន់​៦ ដែល​ជា​តំបន់​ច្រកព្រំដែន​ជាប់​ និង​ប្រទេស​វៀតណាម​ «​ទន្លេ​ចាម​» ​ក្នុងភូមិ​ជាំ​ក្រវៀន ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ។

ប្រតិបត្តិការ​នេះ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨ តុលា ជាមួយ​នោះ​ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​ជនជាប់ចោទ​២​​នាក់ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩ ​តុលា កំពុង​តែ​ចាត់ការ​តាម​នីតិវិធី ។ ជំនួញ​កាំភ្លើង​ជ័រ​ដែល​អាច​បន្លំ​ជា​កាំភ្លើង​មែនទែន​នេះ​ ហាក់ដូចជា​មាន​សកម្មភាព​គួរ​ឲ្យ​កត់សម្គាល់ ដែល​មុន​នេះ​​១​ថ្ងៃ នៅ​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត ក៏​មានការ​លួច​នាំ​ចូល​កាំភ្លើង​ប្រភេទ​ដូច​គ្នា​នេះ ទៅ​ប្រទេស​ថៃ​ចំនួន​១៨​ដើម ត្រូវ​គយ​ថៃ​ចាប់​បាន ហើយ​ក្រោយ​គ្នា​១​ថ្ងៃនេះ ​ក៏​ចាប់​បាន​ពេល​ឈ្មួញ​ប៉ុនប៉ង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​៣៥​ដើម​ទៀត ។

លោក​ឧត្តមសេនីយ៍ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ដើមចម​ដំបូង​កម្លាំង​គយ​ចល័ត បាន​ចុះ​ទៅ​តំបន់​ខាងលើ ដើម្បី​តាមដាន​រថយន្ត​ដឹក​ទំនិញ​ពី​កម្ពុជា​ ទៅ​ប្រទេស​វៀតណាម​ដោយ​គេចពន្ធ ។ ស្រប​ពេល​នោះ​ បាន​ឆែកឆេរ​រថយន្ត​១​គ្រឿង ដែល​សង្ស័យ​ជា​ប្រភេទ​រថយន្ត​កូរ៉េ ចំណុះ​៤​តោន ក៏​បាន​ប្រទះ​ឃើញ​កាំភ្លើងខ្លី​ដែល​ត្រូវ​បាន​ដាក់​បង្កប់​នៅ​ក្នុង​ទំនិញ ។ ការ​ប្រទះ​ឃើញ​កាំភ្លើង​បែប​នេះ ទើបបាន​ហៅ​កម្លាំង​អាវុធហត្ថ​ខេត្ត មក​ចូលរួម​សហការ​គ្នា ដើម្បី​ត្រួតពិនិត្យ​កាំភ្លើង​ទាំងនោះ ដោយ​បាន​រាប់​ទៅ​ឃើញ​មាន​ចំនួន​៣៥​ដើម​ជា​កាំភ្លើង​ជ័រ​ដ៏​ទំនើប ។

លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​កាំភ្លើង​នោះ​ត្រូវ​បាន​ដកហូត​មាន ១-​ម៉ាក Retay G19C ប្រភេទ​ប្រើ​គ្រាប់​ជ័រ​ចំនួន​៣​ដើម ។
២-​ម៉ាក Sen Tetien F99T ជា​ប្រភេទ​ប្រើ​គ្រាប់​ជ័រ​ចំនួន​៥​ដើម ។
៣-​ម៉ាក Gamo PT85 ប្រភេទ​ប្រើប្រាស់​ហ្គា​ស់​គ្រាប់​ជ័រ​ចំនួន​៣​ដើម ។
៤-​ម៉ាក​Smith និង​Wesson P9C ប្រភេទ​ប្រើប្រាស់​ហ្គា​ស់​គ្រាប់​ជ័រ​ចំនួន​៥​ដើម ។
៥-​ម៉ាក Zoraki 914 ប្រភេទ​ប្រើប្រាស់​ហ្គា​ស់ គ្រាប់​ជ័រ​ចំនួន​៥​ដើម ។
៦-​ម៉ាក​WaitherCP 99 ប្រភេទ​ប្រើប្រាស់​ហ្គា​ស់ គ្រាប់​ជ័រ​ចំនួន​៣​ដើម ។
៧-​ម៉ាក​M84 6mm ប្រើប្រាស់​ហ្គា​ស់ គ្រាប់​ជ័រ​ចំនួន​៨​ដើម ។
៨-​ម៉ាក​Retay P114 ប្រភេទ​ប្រើ​ហ្គា​ស់​គ្រាប់​ជ័រ​ចំនួន​៣​ដើម ។សរុប​ចំនួន​៣៥​ដើម និង​គ្រប់​ប្រភេទ​ក្បាល​ជ័រ​ចំនួន​៨​ប្រអប់​ដែល​ក្នុង​មួយ​ប្រអប់​មាន​៥០​គ្រាប់ ។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់​ដែរ​ថា ជនសង្ស័យ​ចំនួន​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន​១-​ឈ្មោះ​ប៉ែន អៀម ហៅ​សុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិធម្ម​យុទ្ធ សង្កាត់​ប្អេ​រ ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ២-​ឈ្មោះ​ជួន ចាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ រួម​ជាមួយនឹង​វត្ថុ​តាង​កាំភ្លើងខ្លី​ចំនួន​៣៥​ដើម ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​និង​ស្រាវជ្រាវ​បន្ថែម ។

លោក កែវ សុខា ប្រធាន​ច្រក​ទន្លេ​ចាម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា តាម​ចម្លើយ​សារភាព​ជនសង្ស័យ​២​នាក់​ខាងលើ រថយន្ត​របស់​គាត់​បាន​បើក​ចេញពី​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​បើក​ចូល​មក​ដល់​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នៅ​សល់​ចម្ងាយ​១៥​គីឡូម៉ែត្រ​ទៀត​ដល់​ច្រកព្រំដែន​វៀតណាម ក៏​ត្រូវ​បាន​កម្លាំង​គយ​ចល័ត​របស់​លោក ព្រាប គា​រ៉ាត់ សង្ស័យ​ឆែក​ឆរ​ក៏​ឃើញ​កាំភ្លើង នេះ ។ គេ​បាន​ដាក់​មន្ទិល​ថា ជំនួញ​កាំភ្លើង​ជ័រ​នេះ​ទំនង​មាន​ប្រភព​តែ​មួយ ដែល​តាម​ព័ត៌មាន​ខ្លះ​ថា​នាំ​ចូល​ពី​ប្រទេស​ចិន ចូល​មក​កម្ពុជា​ទើប​នាំ​ចេញ​បន្ត​ទៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ។

អត្ថបទសរសេរ ដោយ