រាជធានីភ្នំពេញ ៖ លោកនូ យុទ្ធារិទ្ធ សាស្ត្រាចារ្យសាកលវិទ្យាល័យវិចិត្រសិល្បៈ និងជាតារាសម្តែងបានទទួលមរណភាពហើយកាលពីវេលារំលងអធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នៅមន្ទីរពេទ្យកាល់ម៉ែត្រដោយជំងឺគាំងបេះដូងក្នុងអាយុ៥៦ឆ្នាំ ។
ដំណឹងមរណភាពរបស់លោកនូ យុទ្ធារិទ្ធត្រូវបានផ្សព្វផ្សាយតាមហ្វេសប៊ុក ដើម្បីជាការអញ្ជើញដល់សិល្បករ និងញាតិមិត្តជិតឆ្ងាយនៃសពដែលមានបំណងចូលរួមពិធីបុណ្យសពលោក ដោយតម្កល់ទុកធ្វើបុណ្យនៅវត្តកោះក្របី ។
លោកនូ យុទ្ធារឹទ្ធិ ជាសាស្ត្រាចារ្យ មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ផ្នែកល្ខោនច្រៀង ធ្លាប់បានទៅសិក្សានៅរុស្សី និងជាតារាភាពយន្ត ដែលជាធនធានមនុស្សផ្នែកសិល្ប:ដ៏ឆ្នើមម្នាក់។ មហាជន ពិសេសអ្នកសិល្បៈបានសម្តែងការសោកស្ដាយ ហើយបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកនូ យុទ្ធារឹទ្ធិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សិល្បកររួមជំនាន់ និងសិល្បៈជំនាន់ថ្មីជាច្រើនបានសម្តែងការសោកស្ដាយ ចំពោះមរណភាពរបស់លោកនូ យុទ្ធារឹទ្ធិ ដ្បិតលោកបានរួមចំណែកយ៉ាងច្រើនក្នុងការលើកស្ទួយដល់វិស័យសិល្បៈខ្មែរ ។
លោកនូ យុទ្ធារិទ្ធ បានចូលរួមសម្តែងក្នុងអាជីពសិល្បៈទាំងទម្រង់សិល្បៈបុរាណ និងសម័យ ក្នុងនោះលោកក៏បានចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តមួយចំនួនផងដែរ ៕
ចែករំលែកព័តមាននេះ