រាជធានីភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្ដីពីកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៣ កាលពីថ្ងៃទី២៦ តុលា ថា កន្លងមកមានស្ថាប័នមួយចំនួនក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលបានប្រើឈ្មោះព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសជាតិ។
នៅក្នុងឱកាសនោះលោកបានព្រមានជាសាធារណៈនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនអង្គភាព និងសាធារណជនជាច្រើននាក់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់អ្នកប្រព្រឹត្តបើសិនជាពួកគេមិនបញ្ឈប់សកម្មភាពជាបន្ទាន់នោះទេ។
លោក វ៉ាត់ ចំរើន បានចាត់ទុកសកម្មភាពរបស់ជនខិលខូចទាំងនោះថាជាត្រីងៀតឆ្លៀត
ពងដែលបានយកឈ្មោះព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តជាតិទៅធ្វើជាកម្មវិធីសប្បុរសធម៌ខ្លួនឯង ដោយប្រកូកប្រកាសដល់អ្នករស់នៅក្រៅប្រទេសឱ្យចុះឈ្មោះ និងយកតម្លៃលើសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានកំណត់ក៏មាន ។
លោកបានហៅទង្វើនោះថា ជាសកម្មភាពខុសច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ហេតុដូច្នេះហើយទើបលោកព្រមានដល់ក្រុមជនខិលខូចទាំងនោះឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះសព្វថ្ងៃនេះលោកបានដឹងពីអត្តសញ្ញាណរបស់ពួកគេអស់ហើយ ។ លោកនឹងកោះហៅពួកគេឱ្យមកជួបដើម្បីធ្វើកិច្ចសន្យា ក្រោយពីចប់កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាប នាដើមខែធ្នូខាងមុខនេះ។
ដោយឡែកចំពោះព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកនេះគិតមកដល់ពេលនេះមានអ្នកមកចុះឈ្មោះសរុបប្រមាណ៧ពាន់នាក់មកពី៧៥ប្រទេស ។ ក្នុងនោះអត្តពលិកបរទេសដែលមកចុះឈ្មោះរត់មានជាង៣ពាន់នាក់ហើយ ដោយប្រទេសអង់គ្លេសនាំមុខគេ បន្ទាប់មកសហរដ្ឋអាមេរិកនិងបារាំង ដោយសាររដូវនេះជារដូវវិស្សមកាលនៅអឺរ៉ុប ។ ទន្ទឹមគ្នានេះដែរ លោករំពឹងថា ទម្រាំដល់ថ្ងៃប្រកួត នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកចុះឈ្មោះចូលរួមរត់កាន់តែច្រើនឡើងមិនចាញ់ឆ្នាំទៅប៉ុន្មាននោះទេ។កាលពីឆ្នាំកន្លងមក មានអ្នកមកចុះឈ្មោះរត់សរុបចំនួន១០.៥០០នាក់ទាំងជនជាតិខ្មែរ និងបរទេស។
លោក វ៉ាត់ ចំរើន បានបញ្ជាក់់ថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីរួមចំណែកជួយដល់សង្គម ជួយដល់មន្ទីរពេទ្យ កុមារកំព្រា ជនចាស់ជរា និងអង្គការសប្បុរសធម៌នានានៅកម្ពុជា ។ លើសពីនេះទៅទៀត ដើម្បីការពារបរិស្ថាននៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាតំបន់ទេសចរណ៍នានានៅខេត្តសៀមរាបឱ្យបានច្រើន ។ កម្មវិធីរត់ជាផ្លូវការធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ។ ចំពោះអ្នកដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះអាចមកទាក់ទងទិញសំបុត្រនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចាប់ពីថ្ងៃនេះទៅ៕
ចែករំលែកព័តមាននេះ