ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងនោះមាននគរបាលខេត្តកំពង់ចាម នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាយកដ្ឋានគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរមូលដ្ឋានបានតាមប្រមាញ់ក្រុមជនឆបោក ដែលក្លែងបន្លំធ្វើជាភ្នាក់ងារវីង រហូតប្រកួចជាប់មួយសម្បុកមានគ្នាចំនួន៦នាក់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៦ ខែតុលា កន្លងទៅ ខណៈពួកគេស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ការចុះឃាត់ខ្លួននេះ ធ្វើឡើងតាមការណែនាំនិងសម្របសម្រួលនីតិវិធីពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនឆបោកទាំង៦នាក់នេះមាន ៖ ១-ឈ្មោះ សាន វណ្ណនី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាជនដៃដល់ ២-ឈ្មោះ សាង សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះទល់មុខផ្សារទំនើបសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជាជនដៃដល់ ៣-ឈ្មោះ ចាន់ ការាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ៤-ឈ្មោះ ណា ប៉ូលី ភេទប្រុស អាយុ៣៣
ឆ្នាំ នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ៥-ឈ្មោះ អាស អារីវ៉ាន់ទី ភេទប្រុស អាយុ២៤ឆ្នាំ ជាខ្មែរអ៊ិស្លាម ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង៦-ឈ្មោះ លឹម សុខហេង ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិត្នោតជ្រំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
លោកស្នងការរងបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកខាងលើនេះ គឺមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តផងដែរ ។ ក្រោយពីបានឃាត់ខ្លួនបន្តបន្ទាប់ទាំងសម្បុកនេះ ក៏នាំខ្លួនមកកាន់នាយដ្ឋានព្រហ្មទណ្ឌ និងបានប្រគល់មកឲ្យកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ជុំវិញការតាមប្រមាញ់តាំងពីខេត្តកំពង់ចាម និងមកចាប់ខ្លួនបានទាំងសម្បុកដល់រាជធានីភ្នំពេញនេះ ត្រូវបានមន្ត្រីសមត្ថកិច្ចឱ្យដឹងថា កាលពីថ្ងៃទី៧ ខែតុលាកន្លងមក នៅផ្ទះរកស៊ីវេរលុយវីងមួយកន្លែងរបស់ឈ្មោះ ឃួន ហុក ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំព្រែកុយ ស្រុកកងមាស មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើល្បិចបន្លំធ្វើជាភ្នាក់ងាររបស់ក្រុមហ៊ុនវីង ដោយមកឆបោកអស់ប្រាក់ចំនួន៣.០០០ដុល្លារ តាមរបៀបណែនាំទៅតាមបច្ចេកទេសប្រើទូរស័ព្ទដៃ ។
បន្ទាប់មក ម្ចាស់ផ្ទះវេរលុយវីងងខាងលើ បានទូរស័ព្ទទៅសួរនាំដល់ក្រុមហ៊ុនវីង ចង់ដឹងការពិតក៏ត្រូវបាន «ក្រុមហ៊ុនតបមកវិញថា បងឯងចាញ់បោកគេហើយ» ។ លុះមកដល់ថ្ងៃទី២២ខែតុលា វេលាម៉ោង១០និង២០នាទីព្រឹក ជនឆបោកដដែលបានទូរស័ព្ទមកអ្នករងគ្រោះម្តងទៀតដោយប្រើស្ទីលដដែល តាមរយៈលេខទូរស័ព្ទ ០១២ ៧៩៥ ៦៦២ ។ ពេលនោះ បុរសដែលចាញ់បោកអស់លុយចំនួន៣.០០០ដុល្លារ បានប្រញាប់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្រាវតាមប្រមាញ់ចាប់ជនឆបោកនេះ ។
នៅទីបំផុត ក្រោមកិច្ចសហការរបស់កងកម្លាំងចម្រុះ ក៏តាមប្រមាញ់ក្រុមឆបោកបានរហូតចំនួន៦នាក់ដល់រាជធានីភ្នំពេញ និងបាននាំខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្ តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ នៅថ្ងៃទី២៩ ខែតុលា ក្រុមជនជាប់ចោទទាំង៦នាក់ ត្រូវបាននាំខ្លួនទៅសាលាដំបូង ៕
ចែករំលែកព័តមាននេះ