ខេត្តកណ្តាល ៖ អំពើហិង្សារមួយបានកើតឡើង បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ បែកមាត់ហូរឈាមពេញខ្លួន ខណៈដែលជនសង្ស័យ២នាក់ ម្នាក់បានអះអាងថា ខ្លួនជាក្រុមការងាររបស់កញ្ញា ធី សុវណ្ណថា និងបក្ខពួកម្នាក់ទៀត បានធ្វើការឃាត់ទូកជនរងគ្រោះសង្ស័យនេសាទខុសច្បាប់(ឆក់ត្រី) រហូតឈានដល់ការឈ្លោះប្រកែកគ្នាប្រើអំពើហិង្សាតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នៅចំណុចចុងព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង។
បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្នមានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនសង្ស័យមាន២នាក់ ១-ឈ្មោះហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ តាមការអះអាងរបស់សាមីខ្លួនថា ជាក្រុមការងាររបស់កញ្ញាធី សុវណ្ណថា មានទីលំនៅភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និង២-ឈ្មោះ លី ម៉ាត់សារី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខសណ្តាប់ធ្នាប់ផ្សារព្រែកឃ្លោក មានទីលំនៅភូមិ លេខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នអ្នកទាំងពីរស្នាក់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមានដុំថ្មចំនួន១ដុំ ម៉ូតូ២គ្រឿង (ម៉ាកវេវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ១គ្រឿង និងម៉ូតូម៉ាកស៊ុយស៊ីគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL 5250 ចំនួន១គ្រឿង)។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី២៨ តុលា វេលាម៉ោង២១និង៣០នាទី មានឈ្មោះ ហុក ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ កំពុងជិះទូកជាមួយប្រពន្ធឈ្មោះ ឆេង មុំ ដើម្បីបង្កៃសន្ទូចនៅចុងព្រែកឃ្លោក ពេលនោះមានឈ្មោះ ហ្វី សើគីនីន និងឈ្មោះលីម ម៉ាត់សារី ជិះម៉ូតូម្នាក់មួយគ្រឿងត្រឡប់ពីចំណុចពាមសូរ តាមផ្លូវខាងត្បូងព្រែកឃ្លោកក៏ជួបឈ្មោះហុក ប៊ី និងឈ្មោះឆេង មុំ កំពុងនេសាទត្រី ។
លោកអធិការបន្តថា ជនសង្ស័យខាងលើមានការសង្ស័យអ្នកទាំង២នេសាទត្រីខុសច្បាប់ (ឆក់) ក៏សួរនាំថា ពួកបងមានឃើញអ្នកឆក់ត្រីឬទេ? អ្នកទាំង២ឆ្លើយថា ខ្ញុំរាយសន្ទូចទេ ។ ពេលនោះជនសង្ស័យបានឃើញអាគុយចំនួន១ នៅក្នុងទូកក៏សុំត្រួតពិនិត្យទូក ភ្លាមនោះឈ្មោះហុក ប៊ី មិនឱ្យត្រួតពិនិត្យក៏បញ្ឆេះម៉ាស៊ីនទូកចេញសំដៅទៅទិសខាងកើត (ពាមសូរ) បានចម្ងាយប្រហែល៥០០ម៉ែត្រ ទើបឈ្មោះលីម ម៉ាត់សារី និងឈ្មោះហ្វី សើគីនីន ជិះម៉ូតូដេញតាមរួចឈប់កាត់មុខទូកក៏ឈ្មោះលី ម៉ាត់សារីបានរើសដុំថ្មក្បែរផ្លូវគប់សំដៅទូកជនរងគ្រោះចំនួន១ដុំថ្ម ។
លោកអធិការបន្តទៀតថា ចំណេកឈ្មោះហ្វីសើគីនីន បានរើសដុំដីគប់សំដៅទូកជនរងគ្រោះចំនួន២ដុំបណ្តាលឱ្យត្រូវចំមុខខាងស្ដាំឈ្មោះឆេង មុំ ដែលអង្គុយខាងក្បាលទូករបួសហូរឈាមតែម្តង។ ក្រោយពេលទទួលបានព័ត៌មានខាងលើសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាបានអន្តរាគមន៍ដល់កន្លែងកើតហេតុ នាំជនរងគ្រោះមកព្យាបាលនៅមណ្ឌលសុខភាពតាលន់ ចំណែកជនសង្ស័យឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ