រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនវៀតណាមដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាមានចំនួន២០៦គម្រោង ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ។
នៅក្នុងជំនួបសវនការ និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែតុលា ម្សិលមិញ លោកស្រី ជុង ធីម៉ាយ (Truong Thi Mai) សមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានឲ្យដឹងថា ការដោះដូរពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-វៀតណាម កំពុងតែមានការរីកចម្រើនខ្លាំង ស្របពេលដែលទិសដៅរបស់ប្រទេសទាំងពីរ គ្រោងនឹងជំរុញទំហំពាណិជ្ជកម្មឲ្យឈានដល់៥ពាន់លានដុល្លារ នៅពេលដ៏ខ្លីខាងមុខ ។ ជាមួយគ្នានោះ លោកស្រីស្នើសុំឲ្យប្រទេសកម្ពុជាជួយការពារវិនិយោគិនវៀនណាមដែលកំពុងធ្វើអាជីវកម្មនានាដែលស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ ។
លោកស្រីបន្តថា ៖« កម្ពុជាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចសង្គមគួរឲ្យកត់សម្គាល់ ដែលនេះបានបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ស្ថាប័នកំពូលៗកម្ពុជា មានស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ »។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភាកម្ពុជា បានបញ្ជាក់ពីការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរវាងគណៈចលនាមហាជននៃប្រទេសទាំងពីរ និងលើកទឹកចិត្ត ជំរុញ និងលើកកម្ពស់កិច្ចសហការនេះ ឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀតតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកឲ្យបានកាន់តែច្រើន ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ។
សម្តេចបានកត់សម្គាល់ដោយពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដ៏ល្អប្រពៃនៃចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដែលកាន់តែរីកចម្រើនរឹងមាំជាលំដាប់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស័ក្តិសមនឹងពាក្យស្លោក « អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយូរអង្វែង »៕
ចែករំលែកព័តមាននេះ