ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​កាន់តែ​មាន​សន្ទុះ​ខ្លាំង

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព កំណើនសេដ្ឋកិច្ច​រឹង​មាំ និង​ស្ថិរភាព​នយោបាយ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​បាន​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​ខុន​ដូ​កាន់តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ការ​ប្រកួតប្រជែង​កើនឡើង ។…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព កំណើនសេដ្ឋកិច្ច​រឹង​មាំ និង​ស្ថិរភាព​នយោបាយ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​បាន​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​ខុន​ដូ​កាន់តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ការ​ប្រកួតប្រជែង​កើនឡើង ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ឲ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន​ថា កាលពី​ឆ្នាំ​២០០៨ ចំនួន​ខុន​ដូ​នៅ​កម្ពុជា​មាន​តែ​១៧៦​យូ​នី​ត​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខុន​ដូ​ចំនួន​១២.០០០​យូ​នី​ត​បាន​បញ្ចប់​ការ​សាងសង់ និង​ដាក់​ចូល​ទីផ្សារ ខណៈ​គម្រោង​ខុន​ដូ​ជា​ច្រើន​ទៀត​កំពុង​សាងសង់ និង​ត្រៀម​បញ្ចប់ ។

អ្នក​នាង​បន្ត​ថា កាលពី​ឆ្នាំ​២០០៨ មាន​តែ​អ្នក​វិនិយោគ​កូរ៉េ​ប៉ុណ្ណោះ បាន​វិនិយោគ​សាង​សង់​ខុន​ដូ​លក់ តែ​បច្ចុប្បន្ន​អ្នក​វិនិយោគ​ជា​ច្រើន​បាន​ចូល​មក ដូច​ជា អ្នក​វិនិយោគ​ចិន តៃវ៉ាន់ កូរ៉េ ជប៉ុន និង​សិង្ហ​បុរី​ជាដើម ។

អ្នក​នាង​បន្ត​ថា ក្នុង​ចំណោម​គំរោង​វិនិយោគ​ខុន​ដូ​នានា មាន​អ្នក​វិនិយោគ​ខ្មែរ​បាន​វិនិយោគ​ក្នុង​វិស័យ​នេះ​ចំនួន​២៣​គម្រោង និង​អ្នក​វិនិយោគ​អន្តរជាតិ​ជា​ច្រើន​សញ្ជាតិ​ទៀត ។

ច្បាប់​សហកម្ម​សិ​ទ្ឋ​ដែល​អនុ​ញ​ត​ឲ្យ​ជនបរទេស​អាច​មាន​សិ​ទ្ឋិ​កាន់កាប់​ទិញ​លំនៅ​ឋាន​ចាប់ពី​ជាន់​ទី​១​ឡើង​ទៅ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១០ ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Vtrust Appraisal កាលពី​ដំណាច់ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា ចំនួន​ខុន​ដូ​ដែល​នឹង​ផ្អ​ត់​ផ្គង់​ចូល​ទីផ្សារ​នៅ​ដំណាច់ឆ្នាំ​២០២០​ខាង​មុខ នឹង​កើនឡើង​ដល់​ជាង​៦​ម៉ឺន​យូ​នី​ត ក្នុង​នោះ​ខេត្ត​ព្រះ​សី​ហនុមាន​ប្រមាណ​ជាង​៥​ពាន់​យូ​នី​ត។

ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​លិខិតអនុញ្ញាត​គម្រោង​សាងសង់​សរុប​ចំនួន​២.៥៤១​គម្រោង ដែល​មាន​ផ្ទៃ​សរុប​ជាង​១០​លាន​ម៉ែត្រការ៉េ ក្នុង​នោះ​មាន​ទុន​វិនិយោគ​ប្រមាណ​៤.៨២០​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ជាង​១៤% បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ​ដែរ សំណង់​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ​មាន​កំណើន​​៩២​អគារ ដែល​ធ្វើ​ឲ្យ​អគារ​ខ្ពស់​ៗ​នៅ​ភ្នំពេញ​បាន​កើន​ដល់​១.០៨៨​អគារ​គិត​ពី​ឆ្នាំ​២០០៥​មក ។ នេះ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់ ។

អ្នកជំនាញ​អចលនទ្រព្យ បាន​កត់​សម្គាល់ថា គម្រោង​វិនិយោគ​អន្តរជាតិ​ភាគច្រើន គឺ​វិនិយោគ​ដោយ​ជនជាតិ​ចិន​មាន​ចំណែក​ច្រើន​ជាងគេ បន្ទាប់​មក កូរ៉េ ជប៉ុន និង​សិង្ហ​បុរី ហើយ​សក្ដានុពល​នៅ​ពេល​អនាគត កម្ពុជា​នៅ​តែ​មាន​ទីផ្សារ​សម្រាប់​ការ​វិនិយោគ​ដដែល ទាំង​ខុន​ដូ អគារ​ការិយាល័យ បុរី​លំនៅ​ឋាន ។

លោក សន សៀ​ប នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ ឃី រៀល​អី​ុ​ស្ទេ​ត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ការ​វិនិយោគ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា មាន​ប៉ូ​ល​សេដ្ឋកិច្ច​២​ដែល​​ផុសផុល​ជាងគេ គឺ​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ហើយ​បើ​មើល​នឹង​ភ្នែក​គេ​វាយតម្លៃ​ថា ខេត្ត​ព្រះ​សីហ​នុ មានការ​វិនិយោគ​ច្រើន​ជាង​ភ្នំពេញ ប៉ុន្តែ​ជាក់ស្ដែង ការ​វិនិយោគ​វិស័យ​សំណង់​នៅ​ភ្នំពេញ​មាន​គម្រោង​ច្រើន​ជាងគេ ក្នុង​ចំណោម​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​ទាំង​បី​របស់​កម្ពុជា ។

លោក​មាន​ប្រសាសន៍​ថា ៖« ភ្នំពេញ​មាន​សក្ដានុពល​ធំ​ទូលាយ និង​ស្ទើរតែ​ទូ​ទាំង​រាជ​ធានី​។ ដូចនេះ ការ​វិនិយោគ ការ​សាងសង់​សំណង់​ទាំង​អគារ​ខ្ពស់ និង​សំណង់​លំនៅ​ឋាន​នៅ​តែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ