ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ជាអធិការនគរបាលក្រុង បានធ្វើការបង្ក្រាបគ្រឿងញៀន មួយករណីឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាបន្តបន្ទាប់ និងរកឃើញថ្នាំញៀន និងថ្នាំសង្ស័យ សម្រាប់កែច្នៃថ្នាំញៀនជាច្រើនមុខ។ ករណីបង្ក្រាបខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ តុលា ២០១៨ នៅបន្ទប់ជួលមួយកន្លែងខាងកើតផ្សារត្រីក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង២នាក់មាន៖ ១-ឈ្មោះ ភាព រក្សា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ និង២-ឈ្មោះ ធុន សុគន្ធា ភេទស្រី អាយុ២៦ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទី១ពេលឃាត់ខ្លួន និងឆែកឆេរបន្ទប់ស្នាក់នៅ រកឃើញថ្នាំញៀជាច្រើនមុខដូចខាងក្រោម ម្សៅក្រាមពណ៌ថ្លា១កូនថង់ធំល្មម ថ្នាំគ្រាប់ពណ៌ទឹកក្រូច មានអក្ស LV ចំនួន១៤៣គ្រាប់/កន្លះថ្នាំគ្រាប់ពណ៌លឿងខ្ចី ចំនួន៣០គ្រាប់ មានអក្សររ៉ូឡិច/ថ្នាំគ្រាប់ពណ៌ខៀវខ្ចី ចំនួន៩០គ្រាប់ មានអក្សររ៉ូឡិច/ថ្នាំដបកេតាមីនចំនួន៦១ដប ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២/ថ្នាំបន្ទះចំនួន១៧គ្រាប់/សម្បកដបកេតាមីនចំនួន១៥៤ដប/គម្របដបថ្នាំកេតាមីនមួយចំនួនរួមនឹងប្រអប់ថ្នាំកេតាមីនចំនួន៥ពណ៌ខៀវ/ថង់កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន/ថង់ខ្មៅមានរុំស្គុតចំនួន៤សម្រាប់ច្រកគ្រឿងញៀន/ឆ្នាំងសម្រាប់សម្ងួតថ្នាំញៀន១គ្រឿង និងកេះក្រដាស់ដែលមានសសេរលេខទូរស័ព្ទ ភ្នំពេញប៉ោយប៉ែតចំនួន២។
សមត្ថកិច្ចបន្តថា ដោយយោងចម្លើយសារភាពរបស់ជនសង្ស័យទី១ សមត្ថកិច្ចក៏បន្តទៅឃាត់ខ្លួនជនសង្ស័យទី២ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ថា ក្រោយសាកសួរធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ