ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ! ឆ្នាំ​២០១៩​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំង​ឡើង​ប្រាក់ខែ​ហើយ​បើក​២​ដង​ក្នុង​មួយ​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ឆ្នាំ​២០១៩ នឹង​ត្រូវ​ដំឡើង​ពីរ​ដង គឺ​នៅ​ខែមករា និង​នៅ​ខែមេសា ។ ជាង​នេះ​ការ​បើកប្រាក់​បៀវត្សរ៍ នឹង​ត្រូវធ្វើ​ឡើង​ចំនួន​២​ដង​ក្នុង​មួយ​ខែ​តាម​ប្រព័ន្ធ​ធនាគារ…

រាជធានី​ភ្នំពេញ ៖ បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ឆ្នាំ​២០១៩ នឹង​ត្រូវ​ដំឡើង​ពីរ​ដង គឺ​នៅ​ខែមករា និង​នៅ​ខែមេសា ។ ជាង​នេះ​ការ​បើកប្រាក់​បៀវត្សរ៍ នឹង​ត្រូវធ្វើ​ឡើង​ចំនួន​២​ដង​ក្នុង​មួយ​ខែ​តាម​ប្រព័ន្ធ​ធនាគារ ចាប់ពី​ខែមករា ឆ្នាំ​២០១៩ តទៅ ។

ការ​បន្ត​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ មិន​ត្រឹមតែ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​របស់​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​តែ​មួយ​មុខ​ទេ តែ​ថែម​ទាំង​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ។

នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ផៃ ស៊ី​ផា​ន ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​ផៃ ស៊ី​ផា​ន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ តុលា​នេះ​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ ដែល​គណៈរដ្ឋមន្ត្រី ប្រជុំ​ពិភាក្សា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែតុលា ឆ្នាំ​២០១៨ បង្ហាញ​ថា បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ឆ្នាំ​២០១៩ នឹង​ត្រូវ​បាន​ដំឡើង​ដូច​ខាងក្រោម បៀវត្សរ៍​មន្ត្រីរាជការ​ស៊ី​វិល​នឹង​ត្រូវ​ដំឡើង​ពី​ចំនួន​១០១៤ ៤៥០​រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​១០៧០១០០​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១១០០១០០​រៀល ចាប់ពី​មេ​សា ឆ្នាំ​២០១៩ បៀវត្សរ៍​គ្រូបង្រៀន និង​គ្រូពេទ្យ នឹង​ត្រូវ​ដំឡើង​ពី​ចំនួន​១១១៤៤៥០​រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​១១៧០១០០​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​១ ២០០១០០​រៀល ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ បៀវត្សរ៍​នគរបាល​ជាតិ ពលបាលត្រី នឹង​ត្រូវ​ដំឡើង​ពី​ចំនួន​១០៩៨៩២៧ រៀល (​ដោយ​គិត​បញ្ចូល​របប​អង្ករ ) នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១១៥៤ ៥៧៧​រៀល (​ដោយ​គិត​បញ្ចូល​របប​អង្ករ ) នៅ​ខែមករា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ​១១៨៤ ៥៧៧​រៀល (​ដោយ​គិត​បញ្ចូល​របប​អង្ករ ) ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ បៀវត្សរ៍​យោធិន ពលទោ​នឹង​ត្រូវ​ដំឡើង​ពី​ចំនួន​៩៧៦ ៥៥០​រៀល នៅ​ឆ្នាំ​២០១៨ ដល់​ប្រមាណ​១០២៥ ៩០០​រៀល នៅ​ខែមករា ឆ្នាំ​២០១៩ ( មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយនឹង​ត្រូវ​ដំឡើង​ដល់​ប្រមាណ ១០៥៥ ៩០០​រៀល (​មិន​គិត​បញ្ចូល​របប​អង្ករ ) ហើយ​បើ​គិត​បញ្ចូល​របប​អង្ករ​ត្រូវជា​ប្រមាណ ១១១៤ ៣៧៧ រៀល​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ។

សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ បង្ហាញ​ថា ការ​ដំឡើង​បៀវត្សរ៍​ជូន​មន្ត្រី​សាធារណៈ សម្រាប់​ឆ្នាំ​២០១៩ នេះ​រាជរដ្ឋាភិបាល​បាន​គ្រោង​ថវិកា​ចំនួន​២០​ប៊ី​លាន​រៀល ដោយឡែក​ផ្សេង​ទៀត​សម្រាប់​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​ស្ថាប័ន​អាច​ជ្រើសរើស​មន្ត្រី​មាន​សមត្ថភាព និង​ជំនាញ​ខ្ពស់​ចូល​បម្រើ​ការងារ​រដ្ឋ ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ផ្តល់​កិច្ចសហការ​ជិត​ស្និទ្ធ​ជាមួយនឹង​ក្រសួង​មុខងារសាធារណៈ ដើម្បី​រៀបចំ​ក្រប​ខណ្ឌ និង​គោលការណ៍​សម្រាប់​ដាក់​ឲ្យ​ដំណើរការ​គម្រោង​នេះ ។ លើស​ពី​នេះ​ក្រៅ​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល បាន​គ្រោង​ថវិកា​ចំនួន​៥០​ប៊ី​លាន​រៀល​ជា​មូលនិធិ​ថែទាំ​សុខភាព​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន នៅ​ក្នុង​កញ្ចប់​ថវិកា​របស់​ក្រសួងសុខាភិបាល ដើម្បី​រ៉ាប់រង​លើ​ការ​ទ្រទ្រង់​ថែទាំ​សុខភាព​មន្ត្រី​សាធារណៈ ។

ទន្ទឹម​គ្នា​នេះ បន្ថែម​ពីលើ​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​គាំពារ​សង្គម​ចំនួន​ពីរ គឺ​ប្រាក់​ឧបត្ថម្ភ​មាតុភាព​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជា​ស្ត្រី និង​ប្រាក់​ឧបត្ថម្ភ​បុណ្យសព​មន្ត្រីរាជការ ដែល​ទទួលមរណភាព​ក្នុង​ពេល​បំពេញបេសកកម្ម ឬ​គ្រោះថ្នាក់​ការងារ ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​គ្រោង​ថវិកា​ចំនួន​៦​ប៊ី​លាន​រៀល ដើម្បី​ទ្រទ្រង់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណៈ នៅ​ក្នុង​កញ្ចប់​ថវិកា​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ។

ចំពោះ​ប្រាក់​សោធន​និវត្ត​ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ គឺ​រាជរដ្ឋាភិបាល​គ្រោង​ថវិកា​ចំនួន​៦០​ប៊ី​លាន​រៀល សម្រាប់​ការ​ដំឡើង​របប​សោធន​ប្រចាំខែ​ទាប​បំផុត និង​ការ​កាត់​បន្ថយ​គម្លាត​របប​សោធន​របស់​និវត្តជន​រវាង​អ្នក​ទទួល​បាន​សោធន​ទាប និង​អ្នក​ទទួល​បាន​សោធន​ខ្ពស់ និង​រវាង​និវត្តជន​ថ្មី និង​និវត្តជន​ចាស់ ជូន​ដល់​និវត្តជន​ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ។

ចំពោះ​ការ​បើកប្រាក់​សោធន​និវត្ត​ជូន​និវត្តជន​ក៏​នឹង​ត្រូវធ្វើ​ឡើង​ចំនួន​២​ដង​ក្នុង​១​ខែ តាម​ប្រព័ន្ធ​ធនាគារ​ដូច​គ្នា​នឹង​មន្ត្រីរាជការ​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ​ផង​ដែរ ។ លើស​ពី​នេះ​ប្រាក់​បំណាច់​របស់​មន្ត្រី​ជាប់កិច្ចសន្យា​ក៏​នឹង​ត្រូវ​បាន​ដំឡើង​ចំនួន ៦០០ ០០០​រៀល នៅ​ឆ្នាំ​២០១៨ ដល់​ចំនួន​៦៥០ ០០០​រៀល នៅ​ឆ្នាំ​២០១៩ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ