ខេត្តសៀមរាប ៖ វត្តបារាយណ៍នទីរតនារាមហៅ វត្តស្វាយរមៀត ជាវត្តបុរាណមួយក្នុងចំណោមវត្តបុរាណជាច្រើន នៅក្នុងខេត្តសៀមរាប ដែលបច្ចុប្បន្ននេះបាននឹងកំពុងក្លាយជាគោលដៅទេសចរសម្រាប់ភ្ញៀវទេសចរបរទេសដោយសារ ទីតាំងអារាមនេះបានសាងសង់ឡើងនៅលើខ្នងទំនប់បូរាណអាងបារាយណ៍ ទឹកថ្លា ខណៈពេលដែលមានភ្ញៀវទេសចរបរទេសជាច្រើននាក់ បានចូលមកទស្សនានៅក្នុងទីវត្តអារាមនេះជារៀងរាល់ថ្ងៃផងដែរ ។
សូមបញ្ជាក់ផងដែរថា វត្តបារាយណ៍នទីរតនារាមហៅ វត្តស្វាយរមៀត បើយើងទៅពីក្រុងសៀមរាបតាមបណ្តោយផ្លូវទៅប្រាសាទអង្គរវត្តបតទៅព្រលានយន្តហោះអន្តជាតិសៀមរាប យើងឃើញក្លោងទ្វារវត្តស្វាយរមៀតនោះ នៅពីខាងស្តាំដៃផ្លូវចូលជាប់នឹងរបងភោជនីយដ្ឋាន ប្រាសាទនាងពៅ ប្រហែលជិត៧គីឡូម៉ែត្រពីទីរួមក្រុងសៀមរាបដែលមានទីតាំងស្ថិតនៅភូមិ ។
តាមសង្ឃដីការបស់ព្រះតេជគុណ វិមុលសំវ ភទ្ទកោ នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ដោយផ្អែកលើសក្តានុពលដែលមានស្រាប់ គឺអាងបាយណ៍ទឹកថ្លាទីអារាមដែលភ្ញៀវចាប់អារម្មណ៍ និងភូមិសាស្ត្រមូលដ្ឋាន ហើយនៅពេលដែលទីអារាមមួយនេះត្រូវបានក្លាយជាគោលដៅទេសចរនៃវត្តអារាមពិតប្រាកដនោះព្រះអង្គនឹងសហការជាមួយសហគមន៍ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណវត្តស្វាយរមៀត ដើម្បីចងក្រងឯកសារ និងបង្កើតឱ្យមានសេវាកម្មដូចជា ជូនភ្ញៀវជិះរទះគោ និងការជិះទូកកម្សាន្តនៅក្នុងសហគមន៍មូលដ្ឋានមួយជុំវិញវត្តស្វាយរមៀតនេះផងដែរ ។
ព្រះគ្រូ ចៅអធិការវត្តបានមានសង្ឃដីកាបញ្ជាក់ទៀតថា កាលពីប៉ុន្មានឆ្នាំមុននៅអាងបារាយណ៍ទឹកថ្លាធ្លាប់មានរៀបចំកម្មពិធីប្រណាំងទូកងជាលក្ខណៈមិត្តភាពផងដែរ ។
គួរបញ្ជាក់ថា បារាយណ៍ទឹកថ្លា ឫហៅថាបារាយណ៍ខាងលិចដើរតួយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកក្នុងតំបន់អង្គរ ជាពិសេសសម្រាប់បម្រើបម្រាស់ក្នុងវិស័យកសិកម្ម ។ យោងតាមតួលេខបានបង្ហាញថា ក្នុងមួយឆ្នាំៗទឹកបារាយណ៍ខាងលិចប្រមាណ៣០លានម៉ែត្រគូបដែលបានបង្ហូរបញ្ជូនទៅដល់ការធ្វើស្រូវប្រាំងរបស់សហគមន៍នៅជាប់តំបន់នោះដែលសរុបលើផ្ទៃប្រមាណ៤ពាន់ហិកតា ។
ជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរាតែងតែបើកទ្វារទឹក ដើម្បីបង្ហូរទឹកពីបារាយណ៍ខាងលិចទៅដល់សហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ក្នុងអំឡុងខែ១២ ឆ្នាំ២០១៤ កន្លងទៅដើម្បីឱ្យចរន្តទឹកបង្ហូរទៅលឿនតម្រូវឱ្យមានការកាប់ឆ្ការ និងសម្អាតមាត់បារាយណ៍ឱ្យបានស្អាត ហើយសកម្មភាពចុះសម្អាតបារាយណ៍របស់សហគមន៍អ្នកប្រើប្រាស់ទឹកបារាយណ៍ខាងលិច ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងផុសផុលផងដែរ ៕
ចែករំលែកព័តមាននេះ