កូរ៉េ​ខាងត្បូង​ចាប់អារម្មណ៍​លើ​ធនធាន​រ៉ែ​នៅ​កូរ៉េ​ខាងជើង


ទីក្រុង​សេ​អ៊ូ​ល ៖ អ្នកជំនាញ​របស់​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​ខ្លួន​​គួរតែ​ស្វែងរក​វិធី​ក្នុង​ការ​បង្កើត​តំបន់ឧស្សាហកម្ម​ជាមួយនឹង​កូរ៉េ​ខាងជើង​ក្នុង​តំបន់​ដែល​មាន​ធនធាន​រ៉ែ​សំខាន់​ៗ​ច្រើន​ដើម្បី​សម្របសម្រួល​ដល់​ការ​វិនិយោគ និង​ការ​អភិ​វឌ្ឍ​ពេល​ដែល​ភាគី​ទាំង​ពីរ​ត្រៀមខ្លួន​រួច​ក្នុង​ការ​អនុម័ត​គម្រោង​ឆ្លង​ដែន ។

យោង​តាម​ស្ថាប័ន Korea Resource Corporation (KORES) បាន​ឲ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង​មាន​ធនធាន​រ៉ែ​សរុប​ប្រមាណ​៣,៣​ទ្រី​លាន​ដុល្លារ ប៉ុន្តែ​ពួក​គេ​មិន​មាន​ឧបករណ៍​​ជីក​ត្រឹមត្រូវ ឬ​ដៃគូ​សហការ ព្រោះតែ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ ។ យ៉ាងណា​ក្តី ធនធាន​រ៉ែ​របស់​កូរ៉េ​ខាងជើង​បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ខណៈ​ដែល​កិច្ច​ប្រជុំ​អន្តរ​កូរ៉េ​បាន​បង្កើន​ក្តី​សង្ឃឹមលើ​គម្រោង​ជីក​រ៉ែ ។

លោក Lee In-woo ប្រធាន​ក្រុម​អភិវឌ្ឍន៍​ធនធានធម្មជាតិ​អន្តរ​កូរ៉េ​នៅ KORES បាន​និយាយ​ថា កូរ៉េ​ខាងត្បូង​មាន​តម្រូវការ​ធនធាន​រ៉ែ​របស់​កូរ៉េ​ខាងជើង​ដល់​ទៅ​ប្រមាណ​៨,៨​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ។  ប្រទេស​កូរ៉េ​ខាងត្បូង​មានចំណេះ​ដឹង​ខ្ពស់​ក្នុង​ផ្នែក​ផលិត​មេ​ម៉ូ​រី ឈី​ប អេ​ក្រង់ និង​ថ្ម ហើយ​នាំ​ចូល​ធនធាន​ពី​បរទេស ។

លោក Lee បាន​ផ្តល់​យោបល់​ឲ្យ​មានការ​បង្កើត​តំបន់ឧស្សាហកម្ម​ពិសេស​ក្នុង​តំបន់​ដែល​មាន​ធនធាន​រ៉ែ​ច្រើន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​និង​សម្រប​ស​ម្រូ​ល​ដល់​ការ​អភិវឌ្ឍ និង​ដំណើរការ ។

លោក​បាន​បន្ត​ថា ភាគី​ទាំង​សងខាង​គួរតែ​មានការ​សិក្សា​ដំណាក់កាល​ដំបូង ការ​ស្រាវ​ជ្រាវ និង​ការ​អភិវឌ្ឍ រួម​ទាំង​បង្កើត​ជា​កញ្ចប់​ថវិកា​មួយ​សម្រាប់​គម្រោង​នេះ​ផង​ដែរ ។

លោក Lim Chang-do អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ POSCO Research Institute បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​ដំណាក់កាល​ដំបូង​លើ​ធន​ធាន​ធម្ម​ជាតិ​នៅ​កូរ៉េ​ខាងជើង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​គម្រោង​រួម​គ្នា​មួយ​នៅ​ពេល​ដែល​មាន​ការ​ដក​ទណ្ឌកម្ម​អន្តរជាតិ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ