ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ​ទេសចរ និង​វិនិយោគ

5 ឆ្នាំ មុន

ខេត្តកំពត ៖ ខេត្តកំពត​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា និង​ជា​ខេត្ត​ជាប់​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ផង​ដែរ​នោះ ពេល​នេះ​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ដ និង​បណ្ដាក់ទុន​វិនិយោគ​កើន​ឡើងជា​បន្ដបន្ទាប់ ។…

ខេត្តកំពត ៖ ខេត្តកំពត​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា និង​ជា​ខេត្ត​ជាប់​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ផង​ដែរ​នោះ ពេល​នេះ​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ​ទាំង​ភ្ញៀវ​ទេសចរ អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កម្សាន្ដ និង​បណ្ដាក់ទុន​វិនិយោគ​កើន​ឡើងជា​បន្ដបន្ទាប់ ។

កំណើន​ទេសចរណ៍ និង​ការ​វិនិយោគ​នៅ​ខេត្ត​នេះ ដោយសារ​តែ​ខេត្ត​មាន​ផលិតផល​ទេសចរណ៍​ជា​ច្រើន ពិសេស​នោះ​ទីតាំង​ភូមិសាស្ត្រ​របស់​ខេត្ត​មួយ​នេះ​ក៏​មិន​ខុស​ពី​ខេត្ត​ព្រះ​សីហ​នុ​ប៉ុន្មាន​ដែរ ។

បើ​តាម​លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ ខេត្ត​មាន​រមណីយដ្ឋាន​សរុប​១៧​កន្លែង​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ដ ។ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បន្ដ​ថា បច្ចុប្បន្ន​នេះ​ខេត្ត​បាន​រៀបចំ ឬ​កំណត់​ចេញ​នូវ​ខ្សែ​ទស្សនកិច្ច​ជា​កញ្ចប់​ចំនួន​៤​សំខាន់​ៗ រួម​មាន ១/​ដំណើរ​ទស្សនកិច្ច​ផ្នែក​ឦសាន​នៃ​ទីរួមខេត្ត​កំពត​។ ២/​ដំណើរ​ទស្សនកិច្ច​ក្នុង​ក្រុង​កំពត ដែល​ជា​តំបន់​មាន​សំណង់​បេ​តិក​ភ័​ណ្ឌ​។ ៣/ ដំណើរ​ទស្សនកិច្ច​តំបន់​ដងព្រែក​ទឹកឈូ និង​តំបន់​ព្រែក​កំពត និង​៤/​ដំណើរ​ទស្សនកិច្ច​តំបន់​ភាគ​ខាងលិច​ក្រុង​កំពត រួម​ជាមួយ​តំបន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ។ លោក​ប្រធាន​មន្ទីរ បាន​អះអាង​ថា ៖« កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​១,៥​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​១០% ។ ដោយឡែក​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​បាន​កើន​ក្នុង​រង្វង់​ប្រមាណ​២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន »​។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា តាម​គម្រោង ខេត្ត​នឹង​រៀបចំ​ឲ្យ​មាន​តំបន់ឆ្នេរ​ខ្សាច់​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន បើ​ទោះជា​ខេត្ត​មាន​ឆ្នេរសមុទ្រ​ក៏​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ពុំ​មាន​ឆ្នេរ​ខ្សាច់​សម្រាប់​កម្សាន្ត​នោះ​ទេ ។ លោក​បញ្ជាក់​ថា ៖« ការ​បង្កើត​ឲ្យ​មាន​តំបន់ឆ្នេរ​ខ្សាច់​ដែល​ជា​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្ត គួប​ផ្សំ​នឹង​ការ​បង្កើត​កំពង់​ផែ​ខ្នាត​អន្តរជាតិ​ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​អំឡុង​ឆ្នាំ​២០២០​នោះ គឺ​អាច​និយាយ​ថា ផលិតផល​ទេសចរណ៍​ថ្មី​ទាំង​ពីរ​នេះ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្តកំពត​កាន់តែ​ច្រើន​ជាង​នេះ​ថែម​ទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ »​។

យ៉ាងនេះ​ក្ដី លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ​អន្តរជាតិ សូម​បន្ដ​អញ្ជើញ​មក​សម្សា​ក​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត ហើយ​កុំ​ព្រួយបារម្ភ​អំពី​សន្តិសុខ សណ្តាប់ធ្នាប់ ឬ​ក៏​សេវាកម្ម​នានា ព្រោះ​ទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​ជំនាញ អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​កងកម្លាំង​ទាំងអស់​បាន​សហការ​រៀបចំ​បាន​ល្អ​ប្រសើរ​គ្រប់​ទីកន្លែង ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​នោះ​ឡើយ ។
រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្តកំពត​ពិតជា​មាន​សកម្មភាព​សេដ្ឋកិច្ច​រីក​ចម្រើន​ប្រសើរ​ជាង​មុន ដោយ​មាន​ទាំង​ភ្ញៀវ​ទេសចរ​, វិនិយោគិន​ជាតិ និង​អន្តរជាតិ បាន​ចូល​មក​កម្សាន្ដ និង​ស្វែងរក​ទិញ​ដី​ត្រៀម​ដើម្បី​វិនិយោគ​នៅ​ពេល​អនាគត ។

ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Blue Star Realty លោក កែវ សុ​ជាតិ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពត​ចាប់ផ្ដើម​ដំណើរការ ដូច​ជា​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ ដែល​បាន​ចាប់ផ្ដើម​សាងសង់​នោះ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ហាក់​បង្ហាញ​ពី​ភាព​ជឿជាក់ និង​បន្ថែម​ការ​បណ្ដាក់ទុន​កាន់តែ​ច្រើន​នៅ​ខេត្ត​មួយ​នេះ ។ លោក​សុ​ជាតិ បន្ដ​ថា ៖« សព្វ​ថ្ងៃនេះ គេ​ឃើញ​មាន​វិនិយោគិន​បរទេស​ជា​ច្រើន ពិសេស​វិនិយោគិន​ចិន បាន​មក​ចង​មុង​ចាំ​វិនិយោគ​ស្រាប់​ទៅ​ហើយ ស្រប​ពេល​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​កំពុង​មាន​សន្ទុះ​ខ្លាំង ហើយ​វិនិយោគិន​ទាំងនោះ​អាច​និយាយ​ថា បាន​ហៀរ​ពី​ខេត្ត​ព្រះ​សីហ​នុម​ក »​។ លោក​ថា ៖« យើង​បាន​ពិនិត្យ​មើល​លំហូរ​អ្នក​វិនិយោគ​ជនជាតិ​ចិន ឃើញ​មក​ជួល​សណ្ឋាគារ និង​ផ្ទះសំណាក់​ច្រើន​នៅ​ខេត្តកំពត ដើម្បី​រង់ចាំ​ឱកាស​វិនិយោគ​នៅ​ពេលវេលា​មក​ដល់ »​។
លោក សុខ គែន អ្នកគ្រប់គ្រង​ក្រុមហ៊ុន Kampot Property ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សក្ដានុពល​សម្រាប់​ទឹកដី​ខេត្តកំពត ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត អ្វី​ដែល​សំខាន់​នោះ គឺ​វិស័យ​ទេសចរណ៍ ដូចនេះ​ហើយ​អ្នក​វិនិយោគ​ដែល​មក​បណ្ដាក់ទុន​ក្នុង​ខេត្ត​នេះ​ភាគច្រើន គឺ​ផ្ដោត​លើ​វិស័យ​ទេសចរណ៍ ។លោក​បន្ដ​ថា ៖« បច្ចុប្បន្ន មាន​អ្នក​បោះទុន​ទិញ​ដី​សម្រាប់​ត្រៀម​សង់​ជា​ផ្ទះ​លំហែកាយ ជា​រី​សត និង​បឹង​ហ្កា​ឡូ​ជាដើម ដើម្បី​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ជា​ពិសេស​នៅ​ពេល​គម្រោង​កំពង់​ផែ​អន្តរជាតិ​ត្រូវ​បាន​សាងសង់​រួច »​។

ចក្ខុវិស័យ​នៅ​ថ្ងៃ​អនាគត ខេត្ត​ជាប់មាត់​សមុទ្រ​ទាំងអស់​របស់​កម្ពុជា នឹង​មានការ​រីក​ចម្រើន​ខ្លាំង​ដោយសារ​ផលប្រយោជន៍​នៃ​គោលនយោបាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» របស់​ប្រទេស​ចិន ដែល​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត​ជា​ផ្លូវ​សូត្រ ដែល​ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ពី​ខេត្តកោះកុង រហូត​ដល់​ខេត្ត​កែប ដែល​អាច​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ