ខេត្តកំពង់ធំ ៖ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីអគ្គិភ័យមួយបានកើតឡើងបណ្ដាលឲ្យ ឆេះតូបលក់អីវ៉ាន់ មួយខ្នង។ លោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការនគរបាល ស្រុកកំពង់ស្វាយ ប្រាប់ថា ករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់១ខ្នង បណ្តាលឲ្យរងរបួសមនុស្សម្នាក់ ម្ចាស់តូបឈ្មោះ កន កឿន ភេទប្រុស អាយុ៤៧ឆ្នាំជាប្តី។ ចំណែកជនរងគ្រោះជាប្រពន្ធ ឈ្មោះ សឹង វ៉ន អាយុ៥២ឆ្នាំ របួសធ្ងន់ ត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិត។
តាមការឲ្យដឹងពីសាច់ញាតិ ជនរងគ្រោះ និយាយថា ស្ត្រីរងគ្រោះបើកតូបលក់អីវ៉ាន់គ្រប់ប្រភេទ មានទាំងប្រេងសាំង និងប្រេងម៉ាស៊ូតផងដែរ មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងតែចាក់សាំងដាក់ដបសម្រាប់លក់ ចៃដន្យពេលកំពុងតែចាក់សាំង ដាក់ដបនោះ ប្រេងសាំងក៏កំពប់ទៅលើដី គាប់ជួននៅជិតនោះ ក៏មានក្មេងប្រុសម្នាក់ដែលត្រូវជាក្មួយ របស់ស្ត្រីរងគ្រោះឈ្មោះ រី រ៉ែន ភេទប្រុស អាយុ១២ឆ្នាំ យកដែកកេះៗដុតលេង ក៏បណ្ដាលឲ្យឆាបឆេះ រាលដាលដល់អីវ៉ាន់ក្នុងតូប និងម្ចាស់រងរបួសធ្ងន់តែម្ដង។
ទ្រព្យសម្បត្តិខូចខាតរួមមាន៖ លុយដុល្លារ ចំនួន២.០០០ដុល្លារ លុយខ្មែរចំនួន១.៥០០.០០០រៀល ប្រេងមាស៊ូតចំនួន១កាន ប្រេងសាំង២កាន អង្ករ៥០គីឡូក្រាម និងសម្ភារដែលលក់ដូរជាច្រើនទៀត។ លោកអធិការបញ្ជាក់ថា អគ្គិភ័យឆាបឆេះខាងលើមូលហេតុមកពីម្ចាស់តូបបូមសាំងដើម្បីលក់ខ្វះការប្រុងប្រយ័ត្នកំពប់ទៅលើដី។
គាប់ជួនក្មេងកេះដែកកេះលេង ធ្វើឲ្យឆាបឆេះតែម្តង ហើយត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាការពារ ចំនួន៣០នាក់ រួមទាំងប្រជាពលរដ្ឋមួយចំនួនបានធ្វើការជួយពន្លត់ទាន់ពេលវេលា ក្នុងនោះរថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់អស់១រថយន្តទើបគ្រប់គ្រងស្ថានភាពបាន កុំឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ