ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ភាគច្រើន​នៅ​តែ​ចិញ្ចឹម​គោ​សម្រាប់​ចំណូល​ទ្រទ្រង់​គ្រួសារ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​ទោះបីជា​ការ​ប្រើប្រាស់​កម្លាំង​គោក្របី​នៅ​ក្នុង​ការ​ភ្ជួរ​រាស់​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរ​ទាំងស្រុង​ក្ដី ក៏​កសិករ​ភាគច្រើន​នៅ​តាម​ជនបទ នៅ​តែ​ចិញ្ចឹម​សម្រាប់​លក់ ដែល​ជា​ផ្នែក​មួយ​នៃ​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ចិញ្ចឹម​គោ នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង ភូមិ​ភ្នំ​កុយ…

ខេត្ត​ប៉ៃលិន ៖ បើ​ទោះបីជា​ការ​ប្រើប្រាស់​កម្លាំង​គោក្របី​នៅ​ក្នុង​ការ​ភ្ជួរ​រាស់​ត្រូវ​បាន​កាត់​បន្ថយ​ស្ទើរ​ទាំងស្រុង​ក្ដី ក៏​កសិករ​ភាគច្រើន​នៅ​តាម​ជនបទ នៅ​តែ​ចិញ្ចឹម​សម្រាប់​លក់ ដែល​ជា​ផ្នែក​មួយ​នៃ​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ចិញ្ចឹម​គោ នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ និង​ភូមិ​ទំនប់ ភូមិ​ភ្នំ​ក្រិ​ញ ភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ព្រមទាំង​អ្នក​ភូមិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត បាន​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា ដោយ​មើលឃើញ​តម្លៃ​គោ​ឡើងថ្លៃ​ខ្ពស់​លើ​ទីផ្សារ កសិករ​ភាគច្រើន​បាន​និង​កំពុង​ចិញ្ចឹម​គោ​ស្ទើរ​គ្រប់​គ្នា ដោយ​មាន​អ្នកខ្លះ​ចិញ្ចឹម​ពី​១០​ទៅ​៥០​ក្បាល ។

លោក យឿ​ង យូ ដែល​បាន​ចិញ្ចឹមសត្វ​គោ​ចំនួន​២១​ក្បាល បាន​រៀបរាប់​ថា បច្ចុប្បន្ន​នេះ ការ​ធ្វើស្រែ​ចម្ការ​ដោយ​ពឹងផ្អែក​លើ​កម្លាំង​គោក្របី​ពុំ​សូវ​មាន​ទេ តែ​កសិករ​ចិញ្ចឹម​នេះ​គឺ​ដើម្បី​បំប៉ន​លក់​ឲ្យ​ឈ្មួញ​យក​កាប់​សាច់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ លោក យឿ​ង យូ បន្ដ​ថា ៖« បច្ចុប្បន្ន​នេះ តម្លៃ​គោរស់​លើ​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដោយ​ក្នុង​១​ក្បាល​អាច​លក់​បាន​ពី​២​លាន​ទៅ​៣​លាន​រៀល​តាម​តូច​ធំ ធាត់​ឬ​ស្គម »​។

លោក​បន្ថែម​ថា ការ​ចិញ្ចឹម​គោ​ទាំងនោះ មិនសូវ​ជា​មានការ​នឿយហត់​ទេ តែ​ក៏​ជួប​បញ្ហា​ខ្លះ​ដែរ ដូច​ជា​កើត​ជំងឺ​អុតក្តាម ជំងឺសារ​ខ្យល់ និង​មាន​ករណី​ចោរលួច​កូន​គោ​តូច​ៗ​ជាដើម ខណៈ​ហ្វូងគោ​ភាគច្រើន​ត្រូវ​ម្ចាស់ ឬ​អ្នក​ប្រវាស់ យក​ទៅ​ឃ្វាល​នៅ​តាម​ព្រៃ​ក្បែរ​ៗ​ភ្នំ ដែល​គ្មាន​ដំណាំ​ដំឡូង​មី ឬ​ដំណាំ​ពោត​របស់​ពលរដ្ឋ ។
ស្រ​ដៀង​គ្នា​នេះ​ដែរ លោក សំ សុភា រស់នៅ​ភូមិ​អន្លង់​រក្សា ដែល​បាន​ចិញ្ចឹម​គោ​ចំនួន​២៤​ក្បាល និង​ទើបតែ​លក់​អស់​៥​ក្បាល បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​គោ​លក់​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ដែរ ដែល​ធ្វើ​ឱ្យ​គ្រួសារ​លោក​ធូរធារ​ជាង​មុន ។ លោក​បន្ដ​ថា ៖« ក្រោយ​ទំនេរ​ពី​ការ ដាំពោត​និង​ដំឡូង​មី ខ្ញុំ​បាន​ទិញ​កូន​គោ​ជំទើរ​មក​ចិញ្ចឹម បើសិនជា​ថែ​ឱ្យ​បាន​ដិត​ដល់ ត្រឹមតែ​១​ឆ្នាំទៅ​២​ឆ្នាំ អាច​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ហើយ ។ ជាក់ស្ដែង​ខ្ញុំ​ទើបតែ​លក់​អស់​៥​ក្បាល ដោយ​ក្នុង​១​ក្បាល​តម្លៃ​ពី​២​លាន​ទៅ​៣​លាន​រៀល »​។

បើ​ទោះបីជា​របរចិញ្ចឹមគោ​លក់​កំពុង​មាន​ហាងឆេង​ក្ដី តែ​អ្នក​ចិញ្ចឹម​បាន​លើក​ឡើង​ពី​ផល​លំបាក​ក្នុង​ការ​រក​កន្លែង​ឃ្វាល ព្រោះ​តំបន់​ព្រៃ​មួយ​ចំនួន​ត្រូវ​បាន​អភិវឌ្ឍន៍ ឬ​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ដាំ​ដំណាំ​ដុះ​ផ្សេង​ៗ ។ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺ​កំពុង​កើន​មាន​ចោរកម្ម​លួច​កូន​គោ​ជា​ញឹកញាប់ ។

អ្នកស្រី យឹ​ម ផ​ន ដែល​ចិញ្ចឹម​គោ​ជាង​១០​ក្បាល​បាន​និយាយ​ដែរ​ថា ជា​រៀងរាល់ថ្ងៃ អ្នកស្រី​ឃ្វាលគោ​តែ​ក្បែរ​ៗ​ផ្ទះ និង​នៅ​តាម​ដីចម្ការ​អ្នកស្រុក​ដែល​ទំនេរ​ទេ ព្រោះ​អ្នក​ភូមិ​មាន​បញ្ហា​បាត់​កូន​គោ​តូច​ៗ​ជា​ញឹកញាប់ ។ លោកស្រី​បន្ដ​ថា ៖« កូន​គោ​ដែល​បាត់​នោះ មាន​ទម្ងន់​ប្រហែល​៤០​ទៅ​៥០​គីឡូក្រាម ហើយ​កាលពីមុន​បុណ្យ​ភ្ជុំបិណ្ឌ ខ្ញុំ​ក៏​បាន​បាត់​កូន​គោ​១​ក្បាល​ដែរ ។ ចំណែក​អ្នក​រស់នៅ​ក្បែរ​ៗ​គ្នា​ក៏​មានការ​បាត់​ដូច​គ្នា សរុប​ទៅ​គឺ​បាត់​អស់​ជាង​១០​ក្បាល​ហើយ ដោយ​សង្ស័យ​ថា មាន​គេ​លួច​ឆក់ រួច​ដឹក​តាម​ម៉ូតូ​យក​ទៅ​លក់​ឱ្យ​គេ​ធ្វើ​គោដុត​លើ​ទីផ្សារ ។

ដូច្នេះ​ហើយ ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​រឹត​បន្ដឹង​សន្ដិសុខ​ផង ព្រោះ​ទ្រព្យសម្បត្តិ​ទាំងនេះ គឺជា​ញើស​ឈាម​របស់​ពលរដ្ឋ​ស្លូតត្រង់​ដែល​ខិតខំ​ទាំង​បាតដៃ​ទទេ មិន​គួរ​ជន​ទុច្ចរិត​លួច​យកបែប​នេះ​សោះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ