ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ជា​ការ​តស៊ូ! ពី​អ្នក​បោស​សំរាម​ក្លាយ​ជា​ម្ចាស់​មេដាយមាស​ពិភព​លោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​កីឡាការិនី​កែ​ឡេ​ង កីឡាការិនី​អ៊ុ​ក ស្រី​មុំ ក៏​ជាប់​ក្នុង​ចំណោម​កីឡា​ករ​-​កីឡាការិនី​ជម្រើសជាតិ​ដែល​បាន​ទទួល​មេដាយ​អន្តរជាតិ និង​ពិភពលោក​នា​ពេល​កន្លង​មក​ផង​ដែរ ដោយ​ក្នុង​ចំណោម​អ្នក​ធ្លាប់​ទទួល​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ អ្នក​នាង​អ៊ុ​ក ស្រី​មុំ​ក៏​រក្សា​បាន​ប្រជាប្រិយភាព​មិន​ខុស​គ្នា…

រាជធានី​ភ្នំពេញ ៖ ក្រៅពី​កីឡាការិនី​កែ​ឡេ​ង កីឡាការិនី​អ៊ុ​ក ស្រី​មុំ ក៏​ជាប់​ក្នុង​ចំណោម​កីឡា​ករ​-​កីឡាការិនី​ជម្រើសជាតិ​ដែល​បាន​ទទួល​មេដាយ​អន្តរជាតិ និង​ពិភពលោក​នា​ពេល​កន្លង​មក​ផង​ដែរ ដោយ​ក្នុង​ចំណោម​អ្នក​ធ្លាប់​ទទួល​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ អ្នក​នាង​អ៊ុ​ក ស្រី​មុំ​ក៏​រក្សា​បាន​ប្រជាប្រិយភាព​មិន​ខុស​គ្នា តាម​រយៈ​ការ​ចេញ​ប្រកួត​តំណាង​​កម្ពុជា​ក្រោយ​ៗ ហើយ​ឈ្នះ​បាន​មេដាយមាស​ដូច​គ្នា​នឹង​អ្នកស្រី កែ ឡេ​ង មិន​​​ដែល​ខាន ។ អ្វី​ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​កាន់តែ​ភ្ញាក់ផ្អើល និង​កោតសរសើរ​ថែម​ទៀត​នោះ គឺ​អ្នក​នាង​ត្រូវ​បាន​គេ​ដឹង​ថា ជា​អតីត​អ្នក​បោស​សំរាម​តាម​សួន​ដើម្បី​រក​កម្រៃ​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ​។

អ្នក​នាង អ៊ុ​ក ស្រី​មុំ បាន​រៀបរាប់​ថា អ្នក​នាង​កើត​នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​១៩៧៥ នៅ​រាជ​ធានី​ភ្នំពេញ ដោយ​អ្នក​នាង​គឺជា​កូនទោល​តែ​ម្នាក់​នៅ​ក្នុង​គ្រួសារ ហើយ​កើត​បាន​តែ​២​ខែ​ប៉ុណ្ណោះ ឪពុក​ក៏​ត្រូវ​របប​ប៉ុ​ល​ពត​យក​ទៅ​សម្លាប់​ចោល​ទុក​ឱ្យ​ម្ដាយ​របស់​ខ្លួន គឺ​អ្នកស្រី អ៊ុ​ក គឹ​ម​លី តស៊ូ​ចិញ្ចឹម​អ្នក​នាង​យ៉ាង​លំបាក​តែ​ម្នាក់ឯង ។ ក្នុង​នាម​ជា​កូនកំព្រា​ឪពុក ហើយ​​កើត​ធំធាត់​ក្នុង​សម័យ​រដ្ឋ​កម្ពុជា ដែល​នៅ​មាន​សង្គ្រាម​ផ្ទៃក្នុង​នៅឡើយ អ្នក​នាង​ថា ខ្លួន​មិន​ត្រឹមតែ​មិន​ស្គាល់​ភាព​កក់ក្ដៅ​ដូច​ក្មេង​ឯទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​នាង​ក៏​អត់​បាន​សិក្សា​ដូច​ក្មេង​ទូទៅ​នោះ​ដែរ ទើប​អ្នក​នាង​មិន​ចេះអក្សរ​នោះ​ឡើយ​មក​ទល់​ពេល​នេះ ប៉ុន្តែ​អាច​សរសេរ​ឈ្មោះ​របស់​ខ្លួន​បាន និង​អាន​ឈ្មោះ​របស់​ខ្លួន​បាន ដោយសារ​តែ​ការ​ចំណាំ ។

អ្នក​នាង​ថា​ខ្លួន​ត្រូវ​រក​លុយ​មក​ផ្ទប់​នឹង​ម្ដាយ​តាំងពី​ធំ​ដឹងក្ដី ដោយសារ​តែ​ជីវភាព​ក្រីក្រ​ហួស​ប្រមាណ​នា​ពេល​អតីតកាល ។ អ្នក​នាង និង​ម្ដាយ​ទើបតែ​មាន​លទ្ធភាព​មានផ្ទះ​តូច​មួយ​រស់នៅ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ប៉ុណ្ណោះ ដោយសារ​តែ​ម្ដាយមីង​រស់នៅ​សហ​រដ្ឋអាមេ​រិក បាន​ផ្ដល់​លុយកាក់​មួយ​ចំនួន មុន​ទទួលមរណភាព​ឱ្យ​ទិញ​ផ្ទះ​រស់នៅ​នៅ​ម្ដុំ​ផ្លូវ​រថភ្លើង នៅ​ខាងក្រោយ​សាលា​តិច​ណូ ។ អ្នក​នាង​ថា ខ្លួន​ស្ទើរ​មិន​ស្គាល់​ជីវភាព​ល្អ​ប្រសើរ​នោះ​ទេ ដោយ​អ្នក​នាង​បាន​ធ្វើ​ជា​អ្នក​បោស​សួន​បាន​ប្រាក់​កម្រៃ​តែ​៣៥.០០០​រៀល​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ចិញ្ចឹម​ខ្លួន​ទប់​នឹង​ម្ដាយ ខណៈ​ដែល​ម្ដាយ​របស់​អ្នក​នាង​បាន​ទៅ​ធ្វើ​ជា​ចុងភៅ​ឱ្យ​ទាហាន​នៅ​ស្ដា​ត​ចាស់ ដើម្បី​ប្ដូរ​យក​ប្រាក់ខែ​បែប​នេះ​ដូច​គ្នា ។

អ្នក​នាង​ថា ការងារ​បោស​សួន​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ខ្លួន​ជា​ប្រចាំ ដោយ​ក្រោយ​​ពី​បោស​សួន​ហើយ អ្នក​នាង​ក៏​ទៅ​ជួយ​ការងារ​ដាំបាយ​របស់​ម្ដាយ​នៅ​ស្ដា​ត​ចាស់​ជា​ប្រចាំ ហើយ​ក៏​មាន​ទំនាក់ទំនង​ស្គាល់​មេទាហាន​ដែល​បម្រើ​ការ​នៅ​ក្នុង​ទីនោះ​។

ថ្ងៃមួយ​ក្នុង​ពេល​ដែល​ក្រសួងការពារជាតិ​សម្រេចចិត្ត​រៀបចំ​ក្រុម​ប៉េតង់​ប្រចាំ​ស្ដា​ត​ចាស់ អ្នក​នាង​ក៏​ត្រូវ​បាន​ម្ដាយ និង​មេទាហាន​មួយ​ចំនួន​ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​ចូល បន្ទាប់​ពី​អ្នក​នាង​ក៏​ឧស្សាហ៍​លេង​បោះ​ប៊ូល​ពេលទំនេរ​ៗ​ធ្វើ​ឱ្យ​គេ​មើលឃើញ​ពី​សមត្ថភាព​ផង​ដែរ។ ក្នុង​ឆ្នាំ​១៩៩៨ អ្នក​នាង​ត្រូវ​បាន​បញ្ចូល​ជា​កីឡាការិនី​ប្រចាំ​ក្រសួងការពារជាតិ​ពេញ​សិទ្ធិ ហើយ​ក៏​ជា​ឆ្នាំ​ដំបូង​ដែល​ត្រូវ​សហព័ន្ធ​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ដោយ​ក្នុង​ពេល​នោះ​អ្នក​នាង​ក៏​ទទួល​បាន​មេដាយ​ជាមួយ​គ្នា​នឹង​អ្នកស្រី​កែ ឡេង។

បន្តបន្ទាប់​មក អ្នក​នាង​ក៏​ត្រូវ​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ប្រចាំ ទាំង​ការ​ប្រកួត​កម្រិត​អាស៊ាន កម្រិត​អន្តរជាតិ និង​កម្រិត​ពិភពលោក ដោយ​ការ​ប្រកួត​នា​ពេល​កន្លង​មក ស្ទើរ​មិន​មានការ​ចេញ​ប្រកួត​ណាមួយ​មិន​ទទួល​បាន​មេដាយ​ត្រឡប់​មក​ជូន​ជាតិ​វិញ​ឡើយ ។ មក​ទល់​ពេល​នេះ អ្នក​នាង​ទទួល​បាន​មេដាយ​សរុប​ប្រមាណ​ជាង​៤០ ។ អ្នក​នាង​ទទួល​បាន​មោទនភាព​បំផុត​នៅ​ក្នុង​ពេល​នេះ គឺ​ការ​ទទួល​បាន​មេដាយមាស​លើ​វិញ្ញាសា​២​នាក់​ទល់​នឹង​២​នាក់ និង​៣​នាក់​ទល់​នឹង​៣​នាក់ នៅ​ក្នុង​ប្រទេស​បារាំង​ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​ដោយ​កីឡាករ​កីឡាការិនី​ជា​ម្ចាស់​មេដាយ​មាស​អន្តរជាតិ​តំណាង​ប្រទេស និង​តំណាង​ទ្វីប​នីមួយ​ៗ​ប៉ះ​គ្នា​។

អ្នក​នាង​ថា ការ​ប្រកួត​មួយ​នេះ​គឺ​ធំ​ជាង​បណ្ដា​ការ​ប្រកួត​កន្លង​មក​ដោយសារ​តែ​ការ​ប្រកួត​​ដែល​បាន​ធ្វើ​ឡើង​គឺ​តម្រូវ​ឱ្យ​យក​តែ​ម្ចាស់​មេដាយមាស​លើ​ឆាក​អន្តរជាតិ​តំណាង​ឱ្យ​ប្រទេស​នីមួយ​ៗ​មក​ប្រកួត​តែ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា មេដាយមាស​ដែល​អ្នក​នាង​ទទួល​បាន​មុន​នេះ គឺជា​មេដាយ​ដែល​ឈ្នះ​លើ​ម្ចាស់​មេដាយមាស​ផ្សេង​ៗ​មក​ពី​ជុំវិញ​ពិភពលោក​។

អ្នក​នាង អ៊ុ​ក ស្រី​មុំ បញ្ជាក់​ថា ខ្លួន​គ្រាន់តែ​ជា​ក្រមុំសាវកែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​នាង​មិន​ខ្លាច​សម្រាប់​ជីវិត​ក្នុង​ពេល​ចាស់​ទៅ​ឡើយ ដោយសារ​តែ​អ្នក​នាង​ក៏​មានកូន​ក្មេង និង​បាន​សុំ​ក្មេង​ស្រី​ម្នាក់​មក​ធ្វើ​ជា​កូន កំដរ​ជីវិត​នៅ​ពេល​ចាស់​ធ្វើ​អ្វី​មិនកើត​ដែរ ។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​នាង​ទទួល​បាន​នូវ​មោទនភាព​បំផុត គឺ​អ្នក​នាង​ដែល​មិន​ចេះអក្សរ និង​គ្រាន់តែ​ជា​អ្នក​បោស​សំរាម​កាលពី​អតីតកាល អាច​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​លើក​ទង់ជាតិ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បាន ។

អ្នក​នាង​ថា ខ្លួន​មិន​មានការ​លំបាក​នៅ​ពេល​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ព្រោះតែ​មិន​ចេះ​អាន​អក្សរ​នោះ​ទេ ដោយសារ​តែ​ពេល​ចេញ​ប្រកួត មាន​គណៈកម្មការ​ជួយ​ពន្យល់​ពី​កម្មវិធី​ជា​មុន ហើយ​ក្នុង​ពេល​ប្រកួត​ម្ដង​ៗ ក៏​អ្នក​នាង​មើល ស្ដាប់ និង​មើល​តែ​តាម​គេ​ក៏​យល់​ពី​ទម្រង់​កម្មវិធី ។ អ្នក​នាង​ថា ខ្លួន​មិន​ចង់​សិក្សា​បន្ថែម​នោះ​ទេ ប៉ុន្តែ​ការងារ​រាល់ថ្ងៃ អាច​ឱ្យ​អ្នក​នាង​ស្ដាប់​យល់​ខ្លះ​នូវ​ភាសា​អង់គ្លេស ទើប​ធ្វើ​ឱ្យ​អ្នក​នាង​មិន​មាន​បញ្ហា​គ្រប់​ពេល​ចេញ​ប្រកួត ។

អ្នក​នាង​បន្ត​ថា ខ្លួន​នៅ​តែ​ស្រមៃ​ឃើញ​អតីតកាល​ជា​អ្នក​បោស​សំរាម ហើយ​ក៏​អរគុណ​ដល់​ម្ដាយ​ដែល​បាន​បម្រើ​ការ​ជា​មេ​ចុងភៅ​ក្នុង​កង​ទាហាន និង​នាយទាហាន​ផង​ដែរ ដោយ​​អ្នក​នាង​បញ្ជាក់​ថា បើ​គ្មាន​ការ​ជ្រោមជ្រែង​នោះ​ទេ ក៏​ប្រហែលជា​អ្នក​នាង​នឹង​នៅ​តែ​បោស​សំរាម ព្រោះ​មិន​ចេះអក្សរ និង​គ្មាន​ចំណេះដឹង ។ អ្នក​នាង​មាន​គម្រោង​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ខែវិច្ឆិកា​ខាង​មុខ ដោយ​អះអាង​ថា អ្នក​នាង​នឹង​បន្ត​ធ្វើ​ជា​កីឡាការិនី​ជម្រើសជាតិ​ដោយ​គ្មាន​កំណត់​នោះ​ទេ​ដោយសារ​តែ​អ្នក​នាង​យល់​ថា កីឡា​នេះ​ហើយ ដែល​ផ្ដល់​ជីវិត​ថ្មី​ឱ្យ​អ្នក​នាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ