ទីក្រុងបាងកក ៖ ការវិនិយោគផ្ទាល់ពីបរទេសនៅអាស៊ីអាគ្នេយ៍កំពុងតែកើនឡើង យ៉ាងខ្លាំង ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាន់តែធ្ងន់ធ្ងរ ដែលបង្កឲ្យក្រុមហ៊ុនប្តូរទីតាំងផលិតកម្មទៅកាន់តំបន់ដទៃ ។
យោងតាមធនាគារ Maybank Kim Eng កាលពីថ្ងៃចន្ទបានឲ្យដឹងថា ប្រទេសវៀតណាមមើលឃើញការវិនិយោគលើវិស័យផលិតកម្មកើនឡើង ១៨%ក្នុងអំឡុងពេល៩ខែដំបូងនាឆ្នាំ២០១៨ ដោយមានការជំរុញដោយការវិនិយោគជាច្រើនរួមមានគម្រោងវិនិយោគរបស់ក្រុមហ៊ុន Hyosung Corp របស់កូរ៉េខាងត្បូងជាដើម ។
យោងតាមទិន្នន័យដែលបានពីធនាគារជាតិថៃបានឲ្យដឹងទៀតថា ក្នុងអំឡុងពីខែមករាដល់ខែកញ្ញា ការវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសថៃបានកើនឡើង៥៣% មកស្មើ៧,៦ប៊ីលានដុល្លារ ខណៈដែលមានលំហូរធនធានក្នុងវិស័យផលិតកម្មកើនឡើងជិត៥ដងឯណោះ។
ជាមួយគ្នានេះផងដែរ ក្នុងប្រទេសហ្វីលីពីន ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់វិស័យផលិតកម្មបានកើនដល់៨៦១លានដុល្លារក្នុងអំឡុងពេលតែមួយ ខណៈដែលឆ្នាំមុនប្រទេសនេះទទួលបានការវិនិយោគតែ១៤៤លានដុល្លារែប៉ុណ្ណោះ ។
សេដ្ឋវិទូ Chua Hak Bin និង Lee Ju Ye របស់ធនាគារ Maybank បាននិយាយថា ៖ «សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាចកំពុងតែទាក់ទាញសហគ្រាសកាន់តែច្រើនឲ្យពង្រីកមកកាន់អាស៊ាន ដើម្បីជៀសវាងពីពន្ធ ។ វិស័យជាច្រើនដូចជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ឧស្សាហកម្ម បច្ចេវិទ្យា និងឧបករណ៍ទូរមនាគមន៍ យានយន្តនិងធាតុគីមីបានបង្ហាញចំណាប់អារម្មណ៍លើអាស៊ីអាគ្នេយ៍ »។
អាស៊ីអាគ្នេយ៍មើលឃើញចំណុចវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្ម ខណៈដែលតំបន់នេះក្លាយជាមូលដ្ឋានជំនួសសម្រាប់ក្រុមហ៊ុនក្នុងការប្តូរទីតាំងផលិតកម្មពីប្រទេសចិន ដើម្បីជៀសវាងពន្ធ ។ ប្រមាណ១ភាគ៣នៃក្រុមហ៊ុនអាមេរិកទាំង៤៣០ក្រុមហ៊ុនក្នុងប្រទេសចិន បាននិងកំពុងពិចារណាថាប្តូរទីតាំងផលិតកម្មទៅបរទេសវិញហើយ ខណៈដែលកំពុងមានជម្លោះនេះ ។
លោក Trinh Nguyen សេដ្ឋវិទូថ្នាក់ខ្ពស់នៅ ក្រុមហ៊ុន Natixis Asia Ltd នៅហុងកុងបានឲ្យដឹងដែរថា ៖« ការធ្ងន់ធ្ងរឡើងនៃភាពតានតឹងពាណិជ្ជកម្មមានតែពន្លឿននិន្នាការនេះទេ ។ អាស៊ីអាគ្នេយ៍ជាទីផ្សារលូតលាស់ល្អ និងជាទីតាំងផលិតកម្មនៅបរទេសផងដែរ ព្រោះមានការចំណាយលើផលិតកម្មទាប និងការធ្វើសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម និងជាប្រភពមួយក្នុងការទប់ស្កាត់ហានិភ័យភូមិសាស្ត្រនយោបាយទៀតផង »។
យ៉ាងណាក្តី តំបន់នេះនៅតែអាចទទួលរងការប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្ម ដោយមានរបាយការណ៍មួយដែលចេញកាលពីថ្ងៃអង្គារបានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម ជាកត្តាដែលបង្កឲ្យការនាំចេញរបស់ប្រទេសថៃ ធ្លាក់ចុះនៅខែកញ្ញា ៕
ចែករំលែកព័តមាននេះ