ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះវីវរ…លោកប៉ូលិស​ដកកាំភ្លើងវ៉ៃ​ក្បាល​គេ​បែក​​ឈាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរសជា​មន្ត្រី​នគរបាល​ផ្នែក​ខាង​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនម្នាក់​ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​វាយ​ទៅ​លើ​បុរស​ម្នាក់​ទៀតបណ្តាល​ឱ្យ​បែកក្បាលឈាម​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៩ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ តុលា ស្ថិត​ត្រង់​ចំណុច​ខាង​កើត​ផ្សារ​ហេង​ លី​(ប្រមាណ​២០០​ម៉ែត្រ)…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរសជា​មន្ត្រី​នគរបាល​ផ្នែក​ខាង​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនម្នាក់​ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​វាយ​ទៅ​លើ​បុរស​ម្នាក់​ទៀតបណ្តាល​ឱ្យ​បែកក្បាលឈាម​ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៩ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ តុលា ស្ថិត​ត្រង់​ចំណុច​ខាង​កើត​ផ្សារ​ហេង​ លី​(ប្រមាណ​២០០​ម៉ែត្រ) លើ​ផ្លូវ​២៧១​ ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រោយ​ពី​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បន្តិចបន្តួចប៉ុណ្ណោះ ។

សេចក្តីរាយការណ៍​បន្ត​ថា ទោះបីជា​យ៉ាងណា ភាគី​ទាំង​២ (ប៉ូលិសនិង​ជន​រង​គ្រោះ​)​ ទំនងជា​ស្រវឹងស្រា​ដូច​គ្នា ។ ​ជនរងគ្រោះ​មាន​ឈ្មោះ ហេង ទិ​ក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ  បានរបួសក្បាលឈាម ។ ដោយឡែក ​មន្ត្រី​ប៉ូលិស​ដែលវាយនោះ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះទេ ​​អាយុ​ជាង​៥០​ឆ្នាំ គ្រាន់តែ​ដឹង​ថា គាត់​ជា​មន្ត្រី​នគរបាល​ខាង​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ម្នាក់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ខាង​មន្ត្រី​ប៉ូលិស​នោះ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា (​ភី​ស៊ី​អ៊ិ​ច​) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FY-7117 ក្នុង​ស្ថានភាព​ស្រវឹង ។ ពេល​នោះ ក៏​បាន​ឃើញ​មាន​ម៉ូតូ​បើក​ដេញ​តាម​ពីក្រោយ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FI-3685 ដែល​បើកបរ​ដោយ​បុរស​ជា​ជន​រង​គ្រោះ ហើយ​ម៉ូតូ​មាន​សភាព​បែក​ក្បាំង​ផ្នែក​ខាងស្តាំ ។

ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​បើក​ប្រដេញ​គ្នា​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​មក​ពី​ស្ពាន​អាកាស​៧​មក​រា ឆ្ពោះ​ឡើង​ទៅ​ស្តុ​ប​ណូ​គា ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​ឈប់ ចុះ​និយាយ​គ្នា យ៉ាង​តឹង​សរសៃក​រៀង​ៗ​ខ្លួន​។ បន្ទាប់​មក ស្រាប់​ឃើញ​មន្ត្រី​ប៉ូលិស​នោះ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក K54 ចេញ​ពី​ចង្កេះ វាយ​ទៅ​លើ​ក្បាល​របស់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែក​ឈាម​ហូរ​ស្រោច​ខ្លួន ហើយ​កើតការ​ប្រតាយ​ប្រតប់​គ្នា​ឡើង​តែ​ម្តង ។

មួយសន្ទុះ ឃើញ​ជន​បង្ក​បាន​ដក​លុយ​ចំនួន​២០០​ដុល្លារ​ឱ្យទៅ​ជន​រង​គ្រោះ រួច​ក៏​ឡើង​ម៉ូតូ​ជិះ​ចេញ​ទៅ​ផ្ទះ​របស់​ខ្លួន នៅ​ត្រង់​ចំណុច​ផ្ទះ​អត់លេខ ផ្លូវ​៣៧១​សុ​លា ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ ប្រជាពលរដ្ឋ​ដែល​ឃើញ​ក៏​ទៅ រាយការណ៍​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​ដល់​ផ្ទះ​យក​ទៅ​សាកសួរ​នាំ​នៅ​ឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែ​ម្តង ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​រៀបរាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​ជន​បង្ក​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​គាត់ បណ្តាល​ឲ្យ​ដួល​បែក​ក្បាំង ។ ភ្លាម​នោះ​ជន​បង្ក​ខាងលើ មិន​បាន​ឈប់​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ គឺ​បាន​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន ។

គាត់​ក៏​បាន​លើក​ម៉ូតូ​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​មក​ចំណុច​កើតហេតុ​ខាងលើ ទើប​ជន​បង្ក​រូប​នោះ​ព្រម​ឈប់​ម៉ូតូ ។ បន្ទាប់​មក​គាត់​ក៏​បាន​និយាយ​សម្របសម្រួល​គ្នា​ដើម្បី​ឲ្យ​ជន​បង្ក​ចេញ​សំណង​ថ្លៃ​ការ​ខូចខាត​មក​ឲ្យ​រូប​គាត់ តែ​ពេល​នោះ​ស្រាប់តែ​ជន​បង្ក​បាន​ដក​កាំភ្លើងខ្លី​ទៅ​វាយ​ក្បាល​រូប​គាត់​បណ្តាល​ឲ្យ​បែក និង​បំរុង​បាញ់​រូប​គាត់​ថែម​ទៀត​ផង តែ​គាត់​ក៏​ស្រ​វេ​ស្រវា​ចាប់​កាំភ្លើង លុះ​មួយសន្ទុះ​ក្រោយមក​ជន​បង្ក​ក៏​បាន​ដក​លុយ​ចំនួន​២០០​ដុល្លារ​មក​អោយ​គាត់ ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។

ទោះបីជា​យ៉ាងណា កោះសន្តិភាព​នៅ​មិន​ទាន់​អាចទំនាក់ទំនងមន្ត្រី​ប៉ូលិស​បង្ក​នោះ​នៅឡើយ ដោយ​បច្ចុប្បន្ន​ ជន​រង​គ្រោះ​និង​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​
នៅ​ឯ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​សែន​សុខ ។

   

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ