ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​ផ្ទះទឹក​វៀតណាម បណ្ដាល​ឲ្យ​ចរន្តទឹក​ហូរ​មក​បុក​ខាង​ដី​ខ្មែរ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ផ្ទះ​បណ្ដែត​ទឹក​វៀតណាម​ជា​ច្រើន​សង់​នៅ​តាម​បណ្ដោយ​ព្រែក​ប៊ិ​ន យី ជា​តំបន់​ប្រឈម​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ជ្រៃ​ធំ​បាន​ចោទ​ថា ការ​សាងសង់​ផ្ទះទឹក​របស់​វៀតណាម បណ្ដាល​ឲ្យ​ចរន្តទឹក​ហូរ​មក​បុក​ខាង​ដី​ខ្មែរ បណ្ដាល​ឲ្យ​បាក់​ច្រាំង​បាក់​ផ្លូវលំ និង​ដីចម្ការ នៅ​ជាប់​ព្រែក​នោះ​បន្តបន្ទាប់…

ខេត្តកណ្ដាល ៖ ផ្ទះ​បណ្ដែត​ទឹក​វៀតណាម​ជា​ច្រើន​សង់​នៅ​តាម​បណ្ដោយ​ព្រែក​ប៊ិ​ន យី ជា​តំបន់​ប្រឈម​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ជ្រៃ​ធំ​បាន​ចោទ​ថា ការ​សាងសង់​ផ្ទះទឹក​របស់​វៀតណាម បណ្ដាល​ឲ្យ​ចរន្តទឹក​ហូរ​មក​បុក​ខាង​ដី​ខ្មែរ បណ្ដាល​ឲ្យ​បាក់​ច្រាំង​បាក់​ផ្លូវលំ និង​ដីចម្ការ នៅ​ជាប់​ព្រែក​នោះ​បន្តបន្ទាប់ ។

ប្រជាពលរដ្ឋ​មាន​ដីចម្ការ​នៅ​ជាប់​ព្រែក​ប៊ិ​ន​យី រឺ ព្រែក​ជ្រៃ​ធំ​តំបន់​ជ្រៃ​ធំ ស្ថិត​នៅ​ភូមិ​លេខ​៩ ឬ ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បាន​ឲ្យ​ដឹង​ថា នៅ​ម្ខាង​ព្រែក​ខាង​វៀតណាម​ជនជាតិ​វៀតណាម​បាន​សង់ផ្ទះ និង​ផែបណ្ដែត​ទឹកជា​ច្រើន តាម​បណ្ដោយ​ព្រែក​ជា​បន្តបន្ទាប់​តាំងពី​យូរ​ឆ្នាំ​មក​ហើយ មក​ដល់​បច្ចុប្បន្ន​នេះ ។ ការ​សង់ផ្ទះ​បណ្ដែត​ទឹក​វៀតណាម​នេះ​វា​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ចរន្តទឹក​ហូរ​បុក​ខ្លាំង​មក​ខាង​ដី​ខ្មែរ បណ្ដាល​ឲ្យ​បាក់​ច្រាំង​បាក់​មក​ដល់​ផ្លូវលំ និង​ដីចម្ការ​ប្រជាពលរដ្ឋ​នៅ​ជាប់មាត់​ព្រែក​ខាង​ដី​ខ្មែរ ។ ពេល​នេះ​ផ្លូវ​លំនៅ​តាម​មាត់​ព្រែក​បាន​បាក់​អស់​ដោយ​កន្លែង មិន​អាច​ធ្វើ​ដំណើរ​បាន គឺ​ត្រូវធ្វើ​ដំណើរ​វាង​តាម​ដីចម្ការ​ប្រជាពលរដ្ឋ ឬ​វាង​តាម​ផ្លូវ​ធ្វើ​ថ្មី​ទៅ​ស្ពាន​ជ្រៃ​ធំ ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ខាង​វៀតណាម​ហាក់ដូចជា ដើរ​ខ្សែលើ​មក​លើ​ខ្មែរ​ពេក​ហើយ មក​សង់ផ្ទះ​បណ្ដែត​ទឹក​នៅ​តំបន់​ជាប់​ព្រំដែន ចំណែក​ខាង​ដី​ខ្មែរ​អត់​មានផ្ទះ​បណ្ដែត​ទឹក​ទេ ។

បើ​តាម​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​នៅ​តំបន់​ជ្រៃ​ធំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​បណ្ដែត​ទឹក​ដែល​វៀតណាម​សង់​នោះ គឺ​នៅ​តំបន់​ប្រឈម គឺ​មិន​ទាន់​កំណត់ព្រំដែន​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មិន​មាន​ផ្ទះទឹក​វៀតណាម​មក​សង់​នៅ​តំបន់​ប្រឈម​នេះ​ទៀត​បន្ថែម​ទេ គឺ​នគរបាល​បាន​ទប់ស្កាត់ និង​ហាម​មិន​ឲ្យ​មាន​សង់​ផ្ទះទឹក​បន្ថែម​ឡើយ ។

ចំណែក​លោក អេ​ង មោក អភិបាលស្រុក​កោះធំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បញ្ហា​បាក់​ច្រាំង នៅ​តាម​បណ្ដោយ​ព្រែក​តំបន់​ជ្រៃ​ធំ​កន្លង​ទៅ​នេះ​អាជ្ញាធរ​ទប់ស្កាត់ ដោយ​បោះបង្គោល​ក្នុង​ទឹក​បាំង​រល​ល និង​ចរន្តទឹក ហើយ​កំពុង​សិក្សា​ថា តើ​ការ​បាក់​ច្រាំង​នេះ​វា​បណ្ដាល​មក​ពី​ការ​សង់ផ្ទះ បណ្ដែត​ទឹក​របស់​វៀតណាម ឬ​យ៉ាងណា ការ​បាក់​ដី​ច្រាំង​នៅ​តំបន់​នេះ​កើត​មាន​ជា​បន្តបន្ទាប់ កន្លង​មក តែ​ពេល​នេះ​មាន​បាក់​តិចតួច ។ លោក​អភិបាលស្រុក​ថា ចំពោះ​ខាង​ភាគី​ខ្មែរ​មិន​មាន​ប្រជាពលរដ្ឋ​ទៅ​សង់ផ្ទះ​បណ្ដែត​ទឹក​នៅ​តំបន់​ប្រឈម​តាម​ព្រែក​ដែល​មាន​បាក់​ច្រាំង​នោះ​ទេ ។ លោក​ថា ការ​ដោះស្រាយ​នៅ​តំបន់​ប្រឈម​នេះ លោក​អភិបាលខេត្ត​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​ដោះស្រាយ​ដែរ ។ ហើយ​កិច្ចការ​នេះ​អាជ្ញាធរ​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់​ជាតិ ដើម្បី​ដោះស្រាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ