ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ មានអ្នកនេសាទត្រីត្បាញអាយប្រមាណ១០នាក់ បានប្រើប្រាស់ឧបករណ៍ឆក់យ៉ាងអនាធិបតេយ្យយ៉ាងព្រហើន ធ្វើសកម្មភាពនៅតាមវាលស្រែនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិតទាំងថ្ងៃ កាលពីព្រឹកថ្ងៃទី២១ ខែតុលា កន្លងមកនេះ ដោយពុំមានឃើញសមត្ថកិច្ចណាមករំខានពួកគេឡើយ ទុកឲ្យមច្ឆជាតិទាំងឡាយងាប់ដាច់ពូជទៅចុះ ។
បើតាមអ្នកភូមិធ្លកបានឲ្យដឹងថា ក្រុមអ្នកនេសាទខុសច្បាប់ប្រមាណ១០នាក់នេះតែងនាំគ្នាជាក្រុមធ្វើសកម្មភាពឆក់ត្រីយ៉ាងអនាធិបតេយ្យទាំងកណ្តាលថ្ងៃ ។ ពួកគេធ្វើសកម្មភាពបែបនេះ ចាប់តាំងពីមានភ្លៀងធ្លាក់ ហើយមានទឹកច្រើន មានត្រីឡើងមកតាមស្រែសន្ទូង គឺពួកគេនាំគ្នាដើរឆក់ត្រី ធ្វើឲ្យខូចសន្ទូងអស់ជាច្រើន ។ តាមប្រភពព័ត៌មានឲ្យដឹងទៀតថា នៅពេលយប់ពួកគេដើរលួចឆក់ត្រីតាមស្រះ តាមបៀតាមបឹងដែលនៅឆ្ងាយពីផ្ទះ ។ អ្វីដែលគួរឲ្យហួសចិត្តនោះ គឺអ្នកឆក់ត្រីទាំងនេះ នៅពេលឆក់ត្រីបានម្តងៗពួកគេនាំគ្នាដុតអាំងផឹកស៊ីនៅកែងស្រែតែម្តងដូចអត់ឃ្លានដាច់ដាបណាស់ ។
ទោះបីជាបែបនេះក្តី មិនមានរដ្ឋអំណាចណាមានប្រតិកម្មរារាំងមុខរបររបស់ពួកគេឡើយ ប្រសិនបើរបរដែលពួកគេធ្វើនោះមិនប៉ះពាល់ដល់ប្រយោជន៍រួម ។ ប៉ុន្តែបើនិយាយពីផលប៉ះពាល់នៃការឆក់ត្រីដោយចរន្តភ្លើង(A-C)នេះ បើត្រីធំដែលរួចពីងាប់ក៏លែងអាចបន្តពូជបានតទៅទៀតដែរ ។ ចំណែកក្តាមខ្យងនិងត្រីតូចៗគឺត្រូវងាប់ចោលស្អុយទឹក ។
បើនៅតែមានទង្វើបែបនេះ ថ្ងៃក្រោយ ឆ្នាំក្រោយៗសូមកុំថ្ងូរថាក្រត្រី ។ សួរថា តើការនេសាទដោយការប្រើចរន្តភ្លើងឆក់នេះបានទទួលអ្វីមកវិញ ? ជាមួយនេះ កន្លងមកក៏មានអ្នកឆក់ត្រីមិនតិចនាក់ទេដែលឆក់ខ្លួនឯងស្លាប់ ៕
ចែករំលែកព័តមាននេះ